ជាតិ
សហភាព​អឺរ៉ុប ឧបត្ថម្ភ​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ដល់​ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​
02, Nov 2019 , 8:29 pm        
រូបភាព
ប្រតិភូនៃ​សហភាព​អឺរ៉ុបអ្នក​ស្រី ខាមីឡា ឡមបាទ ប្រគេនបច្ច័យ​និង​ឯកសណ្ឋាន​ប្រកួត​​ដល់​ព្រះ​ចៅ​អធិកាវត្ត​ព្រះ​ពៃ​ស្រពណ៍សម្រាប់​ឧបត្ថម្ភ​​ដល់​ទូក​ចែវ​នារី
ប្រតិភូនៃ​សហភាព​អឺរ៉ុបអ្នក​ស្រី ខាមីឡា ឡមបាទ ប្រគេនបច្ច័យ​និង​ឯកសណ្ឋាន​ប្រកួត​​ដល់​ព្រះ​ចៅ​អធិកាវត្ត​ព្រះ​ពៃ​ស្រពណ៍សម្រាប់​ឧបត្ថម្ភ​​ដល់​ទូក​ចែវ​នារី
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០,៣០០ ដុល្លារ​អាមេរិក ដល់​ទូក​ចែវ​នារី​ឈ្មោះ ព្រះ​ពៃស្រពណ៍ នៅ​ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​ចូលរួម​ប្រកួត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០-១២ វិច្ឆិកា​ខាងមុខ​។ ការឧបត្ថម្ភ​ដល់​ទូក​ចែវ​នារី​នាឱកាស​បុណ្យអុំទូក​នេះ គឺ​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​។ តាម​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ថវិកា​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការជួសជុល​ទូក ទិញ​ឯកសណ្ឋាន​ប្រកួត ចំណាយ​លើ​ម្ហូបអាហារ​ក្នុងអំឡុងពេល​ហាត់​សម និង​ការចំណាយ​ផ្សេងៗ​ក្នុងពេល​ប្រកួត​ជា​លក្ខណៈ​ថ្នាក់ជាតិ នៅ​រាជធានី​ភ្នំពេញ​។


 
​អ្នកស្រី ខា​មី​ឡា ឡ​ម​បាទ ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​យក​ថវិកា​ឧបត្ថម្ភ​ទៅ​ប្រគល់​ផ្ទាល់ ដល់​ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍ នៅ​ទីតាំង​ក្នុង​វត្ត​ព្រះ​ពៃស្រពណ៍ ដែល​ស្ថិត​ក្នុងភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​។​


សកម្ម​ភាព​ទូកចែវ​នារី​ព្រះ​ពៃ​ស្រពណ៍​កំពុង​ហាត់​សមនៅ​ក្នុង​ដៃ​ទន្លេ​សាប​ ខាង​មុខ​វត្តព្រះ​ពៃស្រពណ៍
 
​ក្នុងពេល​ប្រគល់​ថវិកា អ្នកស្រី ខា​មី​ឡា ឡ​ម​បាទ បានបញ្ជាក់​ពី​បំណង​ដែល​សហភាព​អឺរ៉ុប​ជួយឧបត្ថម្ភ​ដល់​ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍​ថា ដើម្បី​ជំរុញ​បន្ថែមទៀត លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គាំទ្រ​ប្រពៃណី​វប្បធម៌ ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​ដើម្បី​លើកទឹកចិត្ត​នារី​កម្ពុជា​នៅ​មូលដ្ឋាន ឱ្យជួយ​លើកកម្ពស់​សមភាព​យេនឌ័រ​ក្នុងប្រទេស​កម្ពុជា​។​អ្នកស្រី ខា​មី​ឡា ឡ​ម​បាទ បញ្ជាក់បន្ថែម​៖«​សហភាព​អឺរ៉ុប​មិន​ត្រឹមតែ​និយាយ​ឡើយ ប៉ុន្តែ​យើង​ថែមទាំង​មាន​សកម្មភាព​ផងដែរ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​។ សក្ដានុពល​របស់​ស្ត្រី ក៏ដូចជា​បុរស​ដែរ​។ នារី ក៏​អាចធ្វើ​អ្វីៗ​គ្រប់​យ៉ាងដូច​បុរស​ដែរ​។ នារី​ត្រូវតែ​ហ៊ាន​បង្ហាញ នូវ​អ្វី​ដែលជា​សក្ដានុពល​រប​ស់​ខ្លួន​។ ពួកគេ​ត្រូវតែ​ហ៊ាន​និយាយ​ចេញ​នូវ​អ្វីដែល​ខ្លួន​ត្រូវការ ហើយ​ត្រូវ​ចាប់យក​ឱកាស​ឱ្យបាន​ដោយ​មិនមាន​ការអៀនខ្មាស​»​។ 
 
​សូប​បញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​សហភាព​អឺរ៉ុប បាន​ឧបត្ថម្ភ​ទូក​ចែវ​នារី​ព្រះ​ពៃស្រពណ៍ ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។ លើក​ទី​១ ទូក​ចែវ​នារី​នេះ បាន​ទទួលបាន​ប្រាក់​ឧ​ត្ថ​ម្ភ​ចំនួន ៧​លាន​រៀល និង​លើក​នេះ មាន​ចំនួន​ទឹកប្រាក់ ១០,៣០០​ដុល្លារ​អាមេរិក​។​


ប្រតិភូនៃ​សហភាព​អឺរ៉ុបអ្នក​ស្រី ខាមីឡា ឡមបាទ ថត​ជា​មួយ​ក្រុម​ទូក​ចែវ​នារី​ព្រះពៃស្រពណ៍ ក្នុង​សាលា​ឆាន់​វត្ត​ព្រះ​ពៃ​ស្រពណ៍ ខណៈ​ពេល​នាំ​យក​ប្រាក់​ឧបត្ថម្ភ​ទៅ​ជូន​​
 
​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​មួយ ក្នុងចំណោម​ដៃគូ​អភិវឌ្ឍន៍​ធំ​បំផុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​គិតពី​ជំនួយ​ហិ​វ​ញ្ញ​ប្ប​ទាន និង​ថវិកា​ឧបត្ថម្ភ​គម្រោង​។ សហភាព​អឺរ៉ុប គាំទ្រ​គម្រោង​នានា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​កម្ពុជា​។ គម្រោង​នានា​ដែល​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប ចាប់ពី​វិស័យ​នេសាទ អប់រំ កសិកម្ម ការប្រែប្រួល​អាកាសធាតុ ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម រហូតដល់​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ និង​សិទ្ធិមនុស្ស​។​គម្រោង​ទាំងនេះ​កំពុងតែ​ផ្ដល់​ប្រយោជន៍​ឱ្យដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​។​
​ដោយ​គិតតែ​ជំនួយឥតសំណង​សម្រាប់​ការអភិវឌ្ឍ ជា​រៀងរាល់ឆ្នាំ​សហភាព​អឺរ៉ុប ចូលរួមចំណែក​ថវិកា​ប្រមាណ ៧៥ លាន​អឺរ៉ូ គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ បើ​គិតតែ​ក្នុង​ឆ្នាំ​២០១៨ សហភាព​អឺរ៉ុប បានផ្ដល់​ជំនួយឥតសំណង​ចំនួន ៨៣.៥​លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា​៕

Tag:
 ទូកង​
  អុំទូក​
 ​សហភាព​អឺរ៉ុប​
 ​ទូក​
 ​ព្រះ​ពៃស្រពណ៍​
 ​នារី​
 ​យេនឌ័រ​
 ​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com