ជាតិ
យុវជន ថា​ត សារ៉ន ថា​រៀន​ឆ្លាក់​ថ្ម​ព្រោះ​ចង់​រក្សា​ស្នាដៃ​ខ្លួន​ឲ្យ​ដូច​អាយុកាល​រាប់ពាន់​ឆ្នាំ​របស់​ថ្ម​ដែរ​
02, Nov 2019 , 9:29 pm        
រូបភាព
ដោយ:
​កំពង់ធំ​៖ ក្នុង​វ័យ​១៨​ឆ្នាំ យុវជន​ថា​ត សារ៉ន បាន​ឆ្លៀត​ពេលទំនេរ​ពី​ការសិក្សា​នៅ​សាលា មក​រៀន​ជំនាញ​ឆ្លាក់​ថ្ម នៅ​រោង​ជាង​មួយ​តាមផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ភូមិ​សំណាក់ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ បើតាម​យុវជន​រូបនេះ ដ្បិត​ជាងចម្លាក់​ថ្ម ជាការ​ងារ​ប្រឈម​គ្រោះថ្នាក់​ច្រើន តែ​វា​មានតម្លៃ​ណាស់​សម្រាប់​ថែរក្សា​វិស័យ​វប្បធម៌ និង​ស្ថាបត្យកម្ម​ខ្មែរ​។ 

 
​ដៃ​កាន់​ម៉ូ​ទ័​រ​ឆ្លាក់​ថ្ម​ជា​រូប​ព្រះពុទ្ធ​កំពុង​សិង ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៦A នា​ភូមិ​ដំណាក់ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ យុវជន ថា​ត សារ៉ន បាន​អះអាងថា ជាងចម្លាក់​ថ្ម ជាការ​ងារ​ដ៏​លំបាក​បំផុត ដ្បិត​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា​កម្ទេច​ថ្ម​ហុយ​ចូល​ភ្នែក និង​ចម្រុះ ដែល​ងាយ​បង្ក​ជា​ជំងឺ​ជាច្រើន និង​ជាការ​ងារ​ប្រើ​កម្លាំង​ខ្លាំងក្លា​។ យ៉ាងណាក៏ដោយ យុវជន​រូបនេះ មិន​រារែក​នឹង​រៀន​ជំនាញ​នេះឡើយ ដ្បិត​វា​ជាការ​ងារ​ដែល​ខ្លួន​ស្រឡាញ់​ផង និង​អាច​រកចំណូលបាន​ខ្លះ​ដែរ​។ 
 
​ខុសពី​ចម្លាក់​លើ​ឧបករណ៍​ផ្សេងៗ ចម្លាក់​ថ្ម ត្រូវបាន​សារ៉ន​ឲ្យ​តម្លៃ​ខ្ពស់ ព្រោះតែ​វា​អាច​រក្សាទុក​បានយូរ​ឆ្នាំ​។ «​ខ្ញុំ​រៀន​ឆ្លាក់​ថ្ម ព្រោះ​ខ្ញុំ​សប្បាយចិត្ត​ពេល​ស្នាដៃ​របស់ខ្ញុំ ត្រូវបាន​គេ​យកទៅដាក់​នៅ​សាលារៀន និង​វត្ត​អារាម ហើយ​មាន​អាយុ​រាប់ពាន់​ឆ្នាំ​។ ខ្ញុំ​ស្រមៃ​ថា បើ​២​ពាន់​ឆ្នាំ​ទៅមុខ ស្នាដៃ​របស់ខ្ញុំ នឹង​ក្លាយ​ថ្ម​សម័យបុរាណ​ហើយ​។ វា​មាន​សារសំខាន់​ថែរក្សា​សិល្បៈ និង​វប្បធម៌​ខ្មែរ​»​។ នេះ​ជាការ​ពន្យល់​របស់​សារ៉ន​។ 


 
​យុវជន ថា​ត សារ៉ន មាន​មោទកភាព ដែល​បាន​រៀន​ឆ្លាក់​ថ្ម​
 
​យុវជន ថា​ត សារ៉ន អះអាងថា តាមរយៈ​រូបចម្លាក់ ឬ​ការ​រចនា ឬ​ឆ្លាក់​អក្សរ​ផ្សេងៗ រូបគេ​មានលទ្ធភាព​គ្រប់គ្រាន់​នៅក្នុង​ការបង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​នានា ដើ​ម្ប​ផ្សព្វផ្សាយ​អំពី​សាសនា និង​អរិយធម៌​របស់​កម្ពុជា ទៅកាន់​ប្រជាជន​ទូទៅ​ពិភពលោក ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ 
 
​ខ្លួនប្រាណ​ប្រឡាក់​ដោយ​ធូលី​ដែល​ហុយ​ចេញពី​ថ្ម យុវជន ថា​ត សារ៉ន រៀបរាប់​ដូច្នេះ​ថា​៖ «​បើ​យើង​ក្រឡេក​មើលទៅ​សម័យមុន បើ​មិនមាន​ថ្ម​ទេ យើង​ក៏​អត់​មាន​ឯកសារ​យកមក​រៀន​ដែរ ព្រោះ​ថ្ម​នេះហើយ ដែល​ជាងចម្លាក់​ជំនាន់​នោះ បាន​ឆ្លាក់​អំពី​រឿងរ៉ាវ​ផ្សេងៗ ដើម្បី​ទុក​ឲ្យ​អ្នកជំនាន់ក្រោយ​រៀនសូត្រ​។ ធម្មតា រូបចម្លាក់​ថ្ម មាំ​ជាង​រូបចម្លាក់​ស៊ីម៉ងត៍ ព្រោះ​ថ្ម​កាន់តែ​យូរ ក្លាយជា​របស់បុរាណ​។ ហើយ​ឆ្លាក់​រូប​ព្រះពុទ្ធ បាន​បុណ្យ​ណាស់​»​។​
 
​សូម​ទស្សនា​វីដេអូ​សកម្មភាព​ឆ្លាក់​ថ្ម​របស់​យុវជន ថា​ត សារ៉ន ខាងក្រោម​នេះ​ដូចតទៅ​៖ 
 
 
​ជា​មនុស្ស​មិនសូវ​ចេះ​មាត់ក យុវជន ថា​ត សារ៉ន ថា​ជំនាញ​ជាងចម្លាក់ ជា​ជំនាញ​ដ៏​លំបាក​មួយ ដ្បិត​ជាង​ម្នាក់ៗ ត្រូវមាន​ភាព​ច្នៃប្រឌិត និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​។ ប៉ុន្តែ​សម្រាប់ យុវជន​ដែល​ទើប​រៀន​បាន​៣​ខែ​រូបនេះ បែរជា​ឆ្លាក់​ថ្ម​បាន​យ៉ាង​ស្ទាត់ជំនាញ​បាត់ទៅហើយ​។ ស្លៀកខោ​ខូវ​ប៉ូ​យ ពាក់​អាវយឺត ភ្នែក​ពា​ក់វែន​តាខ្មៅ និង​រុំ​ក្រណាត់​ជុំជិត សារ៉ន  បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​ដំបូង​ថ្ម​ជា​ដុំ បន្ទាប់មក យើង​ត្រូវការ​គូស​ខ្នាត វាស់​ខ្នាត ឲ្យ​ចេញ​ជា​រាង ហើយក៏​ឆ្លាក់​តែម្តង​។ ខ្ញុំ​អត់​ខ្លាច​ខូច​ទេ ព្រោះ​ឆ្លា​ក់បាន​ច្រើន​ដែរ​។ សម្រាប់​មេជាង​ដែល​ឆ្លាក់​រាល់ថ្ងៃ គេ​ធ្វើ​បានយូរ​ឆ្នាំ គេ​ឆ្លាក់ ដោយ​មិនចាំបាច់​មើលសៀវភៅ​នោះទេ ប៉ុន្តែ អ្នក​ដែល​ទើប​រៀន ត្រូវមាន​សៀវភៅ​មួយ ដែលមាន​សរសេរ​ខ្នាត​វា ដូចជា ព្រះ​១​ម៉ែត្រ ភ្នែន​ប៉ុន្មាន កម្ពស់​ប៉ុន្មាន គេ​មាន​សៀវភៅ​ហ្នឹង​ប្រាប់​។ សម្រាប់​យើង​អត់​ចេះ យើង​ឆ្លាក់​មិន​បានទេ ទាល់​តែមាន​មេជាង​ចាំ​វាស់​ខ្នាត ដាប់​ត្រង់នេះ ដាប់​ត្រង់នោះ យើង​ធ្វើ​តែ​តាម​មេជាង​»​។ 
 
​ជា​កូនច្បង​ក្នុងចំណោម​មាន​បងប្អូន​៦​នាក់ សារ៉ន បាន​ធំ​ដឹងក្តី​នៅ​ភូមិ​ដំណាក់​ក្នុង​មជ្ឈដ្ឋាន​មួយ ដែល​សម្បូរ​ដោយ​ជាងចម្លាក់​ថ្ម​។ ការមើលឃើញ និង​មាន​ទំនាក់ទំនង​ជាមួយ​ជាងចម្លាក់​នេះហើយ បានធ្វើ​ឲ្យ​យុវជន​រូបនេះ ដក់​គំនិត​ចង់​រៀនសូត្រ​អំពី​វិជ្ជា​ចម្លាក់​ថ្ម​។ 


 
​បើតាម​យុវជន​វ័យ​១៨​ឆ្នាំ​រូបនេះ ការ​មក​រៀន​ចម្លាក់​ថ្ម​នៅទីនេះ មិន​ចំណាយ​ប្រាក់​នោះទេ តែ​ផ្ទុយទៅវិញ រូបគេ​ថែមទាំង​ទទួលបាន​ប្រាក់​ប្រចាំថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​ទៀតផង​។ បើ​ទោះ​រីករាយ​នឹង​ការងារ​នេះ សារ៉ន​បែរជា​ធ្លាក់​ទឹកមុខ​បន្តិច ពេល​និយាយ​ដល់​បញ្ហា​ប្រឈម​នៃ​ការងារ​នេះ​។  សារ៉ន អះអាងថា បច្ចុប្បន្ន​ជាងចម្លាក់​ថ្ម​មាន​កាន់តែ​តិច គឺ​បណ្តាលមកពី​ការងារ​នេះ ផ្តល់ប្រាក់​ចំណូល​តិច តែ​ប្រឈម​នឹង​ជំងឺ​ផ្លូវដង្ហើម និង​ប៉ះពាល់​ដល់​ភ្នែក​ជាដើម​។ 
 
​រស់នៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​មធ្យម នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ យុវជន​រូបនេះ រៀបរាប់​បន្តថា បច្ចុប្បន្ន ថ្ម​ចម្លាក់ មានការ​គាំទ្រ​ពី​អតិថិជន​ខ្លះ​ដែរ ប៉ុន្តែ​មិន​ច្រើន​ប៉ុន្មាន​ទេ​។ បើតាម សារ៉ន អតិថិជន​ភាគច្រើន​បាន​ទិញ​ចម្លាក់ ដូចជា រូប​ព្រះពុទ្ធ និង​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទៅ​ប្រគេន​ដល់​វត្ត​អារាម និង​ដាក់តាំង​ក្នុង​សាលារៀន​ជាដើម ប៉ុន្តែ​វត្ថុ​ប្រើប្រាស់ ដូចជា ត្បាល់​ថ្ម និង​សម្ភារ​ប្រើប្រាស់​ថ្ម​មួយចំនួនទៀត មិនសូវមាន​ការគាំទ្រ​នោះទេ​។ 
 
​លោក​ស្នើ​ឲ្យ​ពលរដ្ឋ​បង្កើត​ការគាំទ្រ​ថ្ម​ចម្លាក់ ដើម្បី​ឲ្យ​ការងារ​នេះ​មាន​និរន្តរភាព ព្រោះ​បើ​ខ្វះ​ការគាំទ្រ​បន្តទៀត ជាងចម្លាក់​នឹង​កាន់តែ​បាត់បង់​បន្ថែមទៀត​។ 
​បើតាម​សារ៉ន ថ្ម​ដែល​គេ​ឆ្លាក់​នេះ ត្រូវបាន​ប្រមូល​មកពី​គ្រប់ទិសទី​នៃ​ប្រទេស​កម្ពុជា ដើម្បី​ដឹកយក​មក​ឆ្លាក់​ចេញ​ជា​រូបរាង​ផ្សេងៗ ដូចជា​រូប​ព្រះពុទ្ធ រូបសំណាក​ផ្សេងៗ និង​ធ្វើ​វត្ថុ​ប្រើប្រាស់ ព្រមទាំង​ឆ្លាក់​ចេញ​ជា​រូប តាម​ការបញ្ជាទិញ​រប​ស់​អតិថិជន​។ 
 
​តាមពិតទៅ យុវជន ថា​ត សារ៉ន មិនមែន​កើត​ក្នុង​ត្រកូល​ជាងចម្លាក់​ថ្ម​នោះទេ ប៉ុន្តែ​ការយល់ដឹង​ពី​សារសំខាន់​នៃ​ការងារ​ឆ្លាក់​ថ្ម ទើប​យុវជន​រូបនេះ សម្រេចចិត្ត​រៀន​ឆ្លាក់​ថ្ម ដើម្បី​ក្លាយ​ជាងចម្លាក់​ដ៏​ពូកែ​ម្នាក់ ដែល​អាចបង្កើត​ស្នាដៃ​ជាច្រើន​ទុក​ឲ្យ​មនុស្ស​បច្ចុប្បន្ន និង​អ្នកជំនាន់ក្រោយ​៕  

Tag:
 ​ជាងចម្លាក់​ថ្ម​
 ​ថ្មភ្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com