អន្តរជាតិ
​លោក Elon Musk សន្យា​ផ្តល់​១​លាន​ដុល្លារ​ដល់​យុទ្ធនា​ការដាំ​ដើមឈើ​របស់ Youtuber ដ៏​ល្បី​ម្នាក់​
02, Nov 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​លោក Elon Musk អគ្គនាយក​ក្រុមហ៊ុន​យានយន្ត Tesla និង​ក្រុមហ៊ុន​អវកាស SpaceX បាន​សន្យា​ផ្តល់ប្រាក់​១​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ដើមឈើ​១​លាន​ដើម សម្រាប់​យុទ្ធនាការ #TeamTrees ដែល​ផ្តួចផ្តើម​ដោយ YouTuber [​តារា Youtube] លោក Jimmy Donaldson រហស្សនាម «MrBeast»​។ លោក​បាន​អះអាង​បែបនេះ​តាមរយៈ​បណ្តាញ​សង្គម Twitter របស់ខ្លួន ដែល​បាន​ប្តូរ​ឈ្មោះ​ទៅជា «Treelon»​។​

 
​លោក Jimmy Donaldson ម្ចាស់​គណនី Youtube ដ៏​ល្បីឈ្មោះ «MrBeast» ដែលមាន Subscribers ជាង​២៥​លាន បានប្រកាស​ពី​គម្រោង​ដាំ​ដើមឈើ​២០​លាន​ដើម ដោយ​ក្នុង​១​ដើម​ស្មើ​១​ដុល្លារ​អាមេរិក​។ តាមរយៈ Twitter របស់ខ្លួន លោក Elon Musk បាន​សាទរ​ចំពោះ​យុទ្ធនាការ​នេះ ហើយ​ប្រកាសថា លោក​នឹង​ជួយ​១​លាន​ដុល្លារ​អាមេរិក​។​
 
 
​លោក Musk មហាសេដ្ឋី​បច្ចេកវិទ្យា ដែលមាន​ទ្រព្យសម្បត្តិ​ជាង​២៤​ពាន់​លាន​ដុល្លារ​អាមេរិក បានសម្រេច​ចិត្ត​ចូលរួម​ក្នុង​យុទ្ធនាការ​របស់លោក Donaldson បន្ទាប់ពី​លោក​បាន​សាកសួរ​ពី​ទីតាំង និង​ប្រភេទ​ដើមឈើ​ដែល​ត្រូវ​ដាំ​។​
 
​ក្រោម​កិច្ចសហការ​ជាមួយ​មូលនិធិ Arbor Day Foundation លោក Donaldson បាន​អះអាងថា យុទ្ធនាការ #TeamTrees សម្រាប់​គម្រោង​ដើមឈើ​២០​លាន​ដើម​នេះ នឹងធ្វើ​ឡើង​នៅតាម​តំបន់​ព្រៃ ដីឯកជន និង​សាធារណៈ​នានា ដែល​ត្រូវការ​ដើមឈើ​។​
 
​នា​ការ​ឆ្លើយឆ្លង​គ្នា​តាម Twitter លោក Donaldson បានដាក់​រហស្សនាម​លោក Elon Musk ថា «Treelon Musk» ហើយ​ក្រោយមក មហាសេដ្ឋី​រូបនេះ បាន​ប្តូរ​ឈ្មោះ Profile Twitter ទៅជា «Treelon» ដោយ​ភ្ជាប់​រូបភាព​ព្រៃឈើ​។​


 
​បន្ទាប់ពី​លោក Musk អគ្គនាយក Twitter លោក Jack Dorsey ក៏​រួមចំណែក​ផ្តល់​ដើមឈើ ១៥០ ០០០ ផងដែរ​។ ជាមួយគ្នានេះ ក្រុមហ៊ុន Youtube មាន​គម្រោង​បង្កើត​ប៊ូ​តុង​សម្រាប់​ក្រុម TeamTrees ដើម្បី​ទទួល​ថវិកា​សប្បុរស​ផងដែរ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ អគ្គនាយក Shopify លោក Tobi Lutke ប្រកាស​ជួយផ្តល់​ដើមឈើ​ចំនួន ១,០០០,០០១​ដើម ផងដែរ ពោលគឺ​លើស​លោក Musk ១​ដើម ឬ​១​ដុល្លារ​អាមេរិក​។ បុគ្គល​ល្បីៗ​ផ្សេងទៀត​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ #TeamTrees មានដូចជា​អតីត​វិស្វករ NASA លោក Mark Rober តារា Youtube នាង Jeffree Star តន្ត្រីករ Alan Walker ជាដើម​។​
 
​យោងតាម Business Insider យុទ្ធនា​ការដែល​ផ្តួចផ្តើម​ដោយ​លោក Donaldson រកបាន​ថវិកា​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក រួចទៅហើយ ដោយ​គិត​ត្រឹម​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ​២០១៩៕



Tag:
 បរិស្ថាន​
  ដើមឈើ​
  Elon Musk
  Youtuber
© រក្សាសិទ្ធិដោយ thmeythmey.com