ពីនេះ ពីនោះ
ពាក្យ​«​បោះ​»​មានន័យ​ខុសពី​«​បោស​»​ដូចម្តេច​?
03, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្អែកលើ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត ពាក្យ​«​បោះ​»​មានន័យ​ខុសពី​«​បោស​»​។


 
​សម្តេច ជួន ណាត ពន្យល់​ពាក្យ​«​បោះ​» ថា ចាប់​គ្រវែង​ឬ​ចោល​ដោយ​ដៃ​ផ្ងារ បោះឧស​, បោះអង្គញ់​។ វាយ​សំពង​ឲ្យ​មុត​កប់ ឲ្យ​លិច​ចុះ បោះបង្គោល​, បោះស្នឹង​, បោះដែកគោល​។  «​បោះ​» ក៏​អាច​ប្រើ​ក្នុងន័យ​ថា លក់ទំនិញ​លើក​បូកបោះ​រួបរួម​ទាំងអស់ ដោយ​មិន​គិត​យកចំណេញ​ច្រើន , យក​សំពត់​ហូល ៣០ ទៅ​បោះ​ឲ្យ​ហាង ។ 
 
​ធ្វើ​ឲ្យ​ដិត​ជាប់​ជា​ស្នាម​ឬ​ជា​រូបភាព​, ជា​ក្បាច់រចនា តាម​ស្នាមចម្លាក់​ឬ​តាម​ពុម្ព ដែល​គេ​និយម​ថា បោះត្រា​, បោះពុម្ពអក្សរ​, បោះពុម្ពក្បាច់ ជាដើម​។ បោះពាក្យ ឬ បោះសម្ដី បញ្ចេញ​ពាក្យសម្ដី​ទ្រគោះ​ដូច​គេ​បោះ​អ្វីៗ​ចោល​។ បោះ​សន្ទូច​រំលង​ភ្នំ រំលង​អ្នកធំ​ទៅរក​ឯ​អ្នកតូច​មុន​ឬ​រំលង​មុខក្រសួង​មិន​តាម​លំដាប់​ពីនេះ​ទៅនោះ​។​
 
​ចំណែក​«​បោស​»​វិញ សំដៅថា សម្អាត​ដោយ​អំបោស ឬ​ផាត់​សម្អាត​ដោយ​បាតដៃ​ជាដើម​។ បោសច្រាស បោស​គ្រវាស​វាយវាត់​ឲ្យ​ដាច់​ស្មៅ ដោយ​ច្រាស​វែង​ធ្វើ​ដោយ​បន្ទោះឫស្សី​មូលៗ ចង​ឬ​ចាក់​ច្បោស​ជា​បាច់​ឬ​ដោយ​អំបោស​វែង​ធ្វើ​ដោយ​ដើម​ឫស្សី​ព្រេច​ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com