ជាតិ
នយោបាយជាតិ
ក្រុមហ៊ុនយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជា នឹងជាប់ចោទពីបទ«រួមគំនិតក្បត់»
× ដំណើររបស់លោក សម រង្ស៊ី មកកម្ពុជាត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពិសេសតាមជើងអាកាស។ រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំសំខាន់មួយនៃគណៈកម្មាធិការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិថា ក្រុមហ៊ុនអាកាសចរណ៍ណាមួយដែលទទួលដឹកលោក សម រង្ស៊ី ចូលមកកម្ពុជានឹងត្រូវទទួលទោសពីបទរួមគំនិតផ្តួលរំលំរដ្ឋាភិបាល។ ប្រសាសន៍របស់លោករដ្ឋមន្ត្រីអាការចរណ៍ស៊ីវិលត្រូវបានផ្សាយដោយទូរទស្សន៍បាយ័នព័ត៌មានដែលបានចេញផ្សាយថ្ងៃទី១វិច្ឆិកា។
ក្រុមហ៊ុនអាកាសចរណ៍ណាមួយ ឬអ្នកបើកយន្តហោះណាម្នាក់ដែលដឹកលោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជា នឹងត្រូវចោទប្រកាន់ពីបទសមគំនិតផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍បាយ័នព័ត៌មាន ដែលបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់។
លើសពីការព្រមាននេះ ដំណើររបស់លោក សម រង្ស៊ី បើសិនជាលោកនឹងត្រឡប់មកកម្ពុជាដូចការប្រកាសថានៅថ្ងៃទី៩វិច្ឆិកានោះមែន ក៏អាចនឹងត្រូវដឹងភ្លាមៗពីអាជ្ញាធរកម្ពុជាដែរ។
លោក ជា អូន ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍បាយ័នព័ត៌មានថា ប្រព័ន្ធទទួលព័ត៌មានអ្នកដំណើរជាមុន (Advance Passengers Information) នឹងបញ្ជាក់ប្រាប់ភា្លម បើសិនជាមានអ្នកដំណើរឈ្មោះ សម រង្ស៊ី បានចាប់ផ្តើមចេញដំណើរពីទីណាមចូលមកកម្ពុជានោះ។
អ្នកនាំពាក្យអាការចរណ៍ស៊ីវិលបានពន្យល់ប្រាប់ទូរទស្សន៍បាយ័នព័ត៌មានយ៉ាងដូច្នេះថា៖«យើងបានត្រៀមខ្លួនរួចជាស្រេចហើយ។ មកតាមច្រកណាក៏យើងបានដឹងជាមុន ពិសេសយើងសហការជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវការអាកាស ដែលបានព័ត៌មានតាមអ៊ែរឡាញទាំងអស់ ហើយយើងមានប្រព័ន្ធអេឡិចត្រូនិក គ្រាន់តែចុះឈ្មោះធ្វើដំណើរ (Check in) យើងដឹងភ្លាម។»។
យោងតាមការផ្សាយរបស់ទូរទស្សន៍បាយ័នដដែល លោករដ្ឋមន្ត្រីអាកាសចរណ៍បានថ្លែងនៅក្នុងកិច្ចប្រជុំថា ការវិលត្រឡប់របស់លោកសម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកានេះ មិនដូចជាការវិលត្រឡប់របស់លោក សម រង្ស៊ី នៅក្នុងឆ្នាំ២០១៣នោះឡើយ។ សម្រាប់លោករដ្ឋមន្ត្រី នៅពេលនេះ លោក សម រង្ស៊ី មានគោលដៅផ្តួលរំលំរដ្ឋាភិបាល។
លោក សម រង្ស៊ី បានជាប់ចោទច្រើនបណ្តឹង និងត្រូវបានកាត់ទោសជាប់ពន្ធនាគារដោយបណ្ឌឹងជាច្រើនរួចហើយ។ ចុងក្រោយនេះ លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ពីបទឧបឃាតចង់ផ្តួលរំលំរដ្ឋាភិបាល និងទោសប្រមាថព្រះមហាក្សត្រទៀតផង៕
Tag:
សម រង្ស៊ី
មាតុភូមិនិវត្ត
រួមគំនិតក្បត់ជាតិ
អាកាសចរណ៍ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com