ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមហ៊ុន​យន្តហោះ​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា នឹង​ជាប់ចោទ​ពីបទ​«​រួមគំនិត​ក្បត់​»
02, Nov 2019 , 4:44 pm        
រូបភាព
​ដំណើរ​របស់លោក សម រង្ស៊ី មក​កម្ពុជា​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ពិសេស​តាម​ជើង​អាកាស​។ រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ីវិល លោក ម៉ៅ ហាវ​ណ្ណា​ល់ បានបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​សំខាន់​មួយ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ​ដែល​ទទួល​ដឹក​លោក សម រង្ស៊ី ចូលមក​កម្ពុជា​នឹងត្រូវ​ទទួលទោស​ពីបទ​រួមគំនិត​ផ្តួលរំលំ​រដ្ឋាភិបាល​។ ប្រសាសន៍​របស់លោករ​ដ្ឋ​មន្ត្រី​អាការ​ចរណ៍​ស៊ីវិល​ត្រូវបាន​ផ្សាយ​ដោយ​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​ថ្ងៃទី​១​វិច្ឆិកា​។​

 
​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ ឬ​អ្នកបើក​យន្តហោះ​ណា​ម្នាក់​ដែល​ដឹក​លោក សម រង្ស៊ី ចូលមក​ប្រទេស​កម្ពុជា នឹងត្រូវ​ចោទប្រកាន់​ពីបទ​សមគំនិត​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន ដែល​បាន​ដកស្រង់​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ទទួលបន្ទុក​អាកាសចរណ៍​ស៊ីវិល លោក ម៉ៅ ហាវ​ណ្ណា​ល់​។​
 
​លើសពី​ការព្រមាន​នេះ ដំណើរ​របស់លោក សម រង្ស៊ី បើសិនជា​លោក​នឹង​ត្រឡប់មក​កម្ពុជា​ដូច​ការ​ប្រកាសថា​នៅ​ថ្ងៃទី​៩​វិច្ឆិកា​នោះ​មែន ក៏​អាច​នឹងត្រូវ​ដឹង​ភ្លាមៗ​ពី​អាជ្ញាធរ​កម្ពុជា​ដែរ​។​
​លោក ជា អូន ដែលជា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​ថ្លែងប្រាប់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​ថា ប្រព័ន្ធ​ទទួល​ព័ត៌មាន​អ្នកដំណើរ​ជាមុន (Advance Passengers Information) នឹង​បញ្ជាក់ប្រាប់​ភា្ល​ម បើសិន​ជាមាន​អ្នកដំណើរ​ឈ្មោះ សម រង្ស៊ី បានចាប់ផ្តើម​ចេញដំណើ​រ​ពី​ទីណា​ម​ចូលមក​កម្ពុជា​នោះ​។​
 
​អ្នកនាំពាក្យ​អាការ​ចរណ៍​ស៊ីវិល​បាន​ពន្យល់​ប្រាប់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​។ មក​តាម​ច្រក​ណា​ក៏​យើង​បានដឹង​ជាមុន  ពិសេស​យើង​សហការ​ជាមួយ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវការ​អាកាស ដែល​បាន​ព័ត៌មាន​តាម​អ៊ែរ​ឡាញ​ទាំងអស់ ហើយ​យើង​មាន​ប្រព័ន្ធ​អេឡិចត្រូនិក គ្រាន់តែ​ចុះឈ្មោះ​ធ្វើដំណើរ (Check in) យើង​ដឹង​ភ្លាម​។​»​។​
 
​យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្សន៍​បាយ័ន​ដដែល លោក​រដ្ឋមន្ត្រី​អាកាសចរណ៍​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថា ការវិលត្រឡប់​របស់​លោក​សម រង្ស៊ី នៅ​ថ្ងៃទី​៩​វិច្ឆិកា​នេះ មិន​ដូចជា​ការវិលត្រឡប់រ​ប​ស់លោក សម រង្ស៊ី នៅក្នុង​ឆ្នាំ​២០១៣​នោះឡើយ​។ សម្រាប់​លោក​រដ្ឋមន្ត្រី នៅពេលនេះ លោក សម រង្ស៊ី មាន​គោលដៅ​ផ្តួលរំលំ​រដ្ឋាភិបាល​។​
 
​លោក សម រង្ស៊ី បាន​ជាប់ចោទ​ច្រើន​បណ្តឹង និង​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​ដោយ​ប​ណ្ឌឹ​ង​ជាច្រើន​រួចហើយ​។ ចុងក្រោយ​នេះ លោក សម រង្ស៊ី ត្រូវបាន​រដ្ឋាភិបាល​ចោទប្រកាន់​ពីបទ​ឧបឃាត​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល និង​ទោស​ប្រមាថ​ព្រះមហាក្សត្រ​ទៀតផង​៕

Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្ត
  រួមគំនិតក្បត់ជាតិ
  អាកាសចរណ៍ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com