ជាតិ
សង្គមជាតិ
យុទ្ធនាការ «​ភ្នំពេញ​ស្អាត​» បំផុសស្មារតី​ឲ្យ​អ្នក​បោះចោល​សំរាម មើល​គំរូ​អ្នក​រើស​សំរាម​
02, Nov 2019 , 5:14 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហស្ថាបនិកគម្រោងភ្នំពេញស្អាត ថ្លែងនៅក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហស្ថាបនិកគម្រោងភ្នំពេញស្អាត ថ្លែងនៅក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយ:
​ភ្នំពេញ​៖ ក្នុង​យុទ្ធនាការ «​ភ្នំពេញ​ស្អាត​» ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ​យុវជន​សុ​ឆន្ទៈ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩  ផ្តោត​សំខាន់​លើ​ការបញ្ជ្រាប​ឲ្យ​ពលរដ្ឋ​មាន​ស្មារតី​ស្រឡាញ់​បរិស្ថាន តាមរយៈ​ការ​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាពិសេស​ក្រើនរំលឹក​ដល់​អ្នក​ដែល​និយម​បោះចោល​សំរាម​ផ្តេសផ្តាស ងាក​ត្រឡប់មក​មើល​គំរូ​ដល់​អ្នក​ដែល​ចូលរួម​ប្រមូល​សំរាម​។


 
​នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​»​។ យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​»​ឆ្នាំនេះ នឹង​ប្រមូលផ្តុំ​ទៅដោយ​ក្រុមយុវជន សិស្ស និស្សិត មន្ត្រីរាជការ ស្ថាន​ប័ន​ពាក់ព័ន្ធ អ្នកគ្រប់គ្រង​គ្រឹះស្ថានសិក្សា សិល្បករ ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម និង​ជា​គំរូ​ភាព​ដល់​ពលរដ្ឋ​ឲ្យ​ចេះ​គិតគូរ​រឿង​បញ្ហា​សំរាម​។ យុទ្ធនាការ​នេះ​នឹងមាន​រយៈពេល​១​ខែ នៃ​វិច្ឆិកា​នេះ​។ ក្នុង​រយៈពេល​មួយខែ​នេះ ក្រុមការងារ​រៀបចំ​យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​» នឹងចូលរួម​ផ្តល់​ជា​សារ​អប់រំ​ដល់​ពលរដ្ឋ និង​កៀរគរ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ជាមួយ​ក្រុមការងារ​រៀបចំ​យុទ្ធនាការ​ក្នុងការ​សម្អាត​បរិស្ថាន​ទាំងអស់គ្នា​។​
 
​នៅក្នុង​យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​»​ដែល​រៀបចំ​នៅ​អគារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថ្មី​(NOCC)​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សហ​ស្ថាបនិក​នៃ​គម្រោង​ភ្នំពេញ​ស្អាត បាន​លើកឡើងថា រយៈពេល​មួយខែ​នៃ​យុទ្ធនាការ​«​ភ្នំពេញ​ស្អាត​»​នេះ នឹង​អាច​ដក់​ជាប់​ដល់​អារម្មណ៍​របស់​ពលរដ្ឋ ដែលមាន​ទម្លាប់​បោះចោល​សំរាម មកជា​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​វិញ តាមរយៈ​សកម្មភាព​ការប្រមូល​សំរាម​របស់​ក្រុមយុវជន​។ 


 
«​យើង​ត្រូវ​គិតថា​កម្ពុជា​ជា​ផ្ទះ​របស់​យើង​។ អ៊ីចឹង​ហើយ​យើង​គួរតែ​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ទោះបី​តិច ឬ​ច្រើន​។ ខ្ញុំ​ស​ង្ឈឹ​ម​ថា​តាមរយៈ​យុទ្ធនាការ​នេះ​នឹង​ជា​គំរូ​ភាព និង​អាច​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​យុវជន និង​ពលរដ្ឋ មិន​ឲ្យ​បោះចោល​សំរាម​ប៉ាតណាប៉ាតណី​តទៅទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​នី ដែល​ចង់​ឲ្យ​អ្នកមាន​ទម្លាប់​ចោល​សំរាម​ផ្តេសផ្តាស ឲ្យ​មក​គិតពី​អ្នក​រើស​សំរាម​។ 
 
​លោក នួន ផា​រ័ត្ន អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​នឹងចូលរួម​ក្នុង​យុទ្ធនាការ​ភ្នំពេញ​ស្អាត ដើម្បី​ធ្វើ​កិច្ចការងារ​ញែក​សំរាម​ជា​៣​ប្រភេទ គឺ សំរាម​ពី​លំនៅដ្ឋាន​-​នៅតាម​រមណីយដ្ឋាន សំរាម​វិទ្យាសាស្ត្រ និង​សំរាម​ពី​វិស័យ​ឧស្សាហកម្ម​។​
 
​អភិបាលរង​រូបនេះ អះអាងថា បច្ចុប្បន្ន សាលាក្រុង​ភ្នំពេញ​កំពុងតែ​ធ្វើ​កិច្ចការ​នេះ​។ លោក បញ្ជាក់ថា បើទោះបី​កិច្ចការ​នេះ​មិនទាន់បាន​ល្អប្រសើរ​ដូចនឹង​បណ្តា​ប្រទេស​ដទៃ​ក៏ពិតមែន តែ​ក៏​ចាត់ទុកថា​ជា​កិច្ចប្រឹងប្រែង​ដែល​ល្អប្រសើរ​ដែរ​។ លោក​បន្ថែមថា ការងារ​គ្រប់គ្រង​សំរាម គឺជា​ភារកិច្ច​របស់​រាជធានី​ភ្នំពេញ ស្ថាប័ន​ពាក់ព័ន្ធ និង​ពលរដ្ឋ​ចូលរួម​គ្នា​ក្នុង​កិច្ចការងារ​មួយ​នេះ ទើប​ធានាបាន​នូវ​ការរស់នៅ​ល្អ និង​បរិស្ថាន​ស្អាត​។ 
 
​សូមបញ្ជាក់ថា នៅ​កម្ពុ​ជាមាន​សំរាម​ជាង​១​ម៉ឺន​តោន ដែល​ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​៣​ពាន់​តោន ក្នុង​មួយថ្ងៃ​៕

Tag:
 សំរាម​
 ​ពលរដ្ឋ​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com