ជាតិ
១០ខែ កម្ពុជា នាំចេញកសិផលជាង៥លានតោន ទៅចិន វៀតណាម ថៃ រុស្សី បារាំង...
× ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផលជាង៥លានតោនទៅតាមបណ្តាប្រទេសនានា។ ប្រទេស ដែលទទួលទិញកសិផលខ្មែរច្រើនជាងគេ មាន ចិន វៀតណាម ថៃ រុស្សី បារាំង និងបណ្តាប្រទេសដទៃទៀត។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម កសិផលដែលកម្ពុជានាំចេញទៅក្រៅប្រទេសរួមមាន អង្ករ, ដំឡូងមី, ម្សៅដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, ផ្លែស្វាយ, សណ្តែកសៀង, ចេក, ម្រេច, បន្លែ និងដំណាំផ្សេងៗទៀតផងដែរ។
ក្នុងចំណោមកសិផលជាង៥លានតោន ដែលកម្ពុជា បាននាំចេញទៅក្រៅប្រទេសនោះ រួមមាន អង្ករជាង៤៥ម៉ឺនតោន នាំចេញទៅប្រទេសចិន អឺរ៉ុប និងប្រទេសក្នុងអាស៊ាន រួមទាំងប្រទេសទិសដៅដទៃទៀត, ចំណិតដំឡូងមីក្រៀម និងដំឡូងមី ចំនួនជិត៣លានតោន ទៅប្រទេសថៃ និងវៀតណាម, ម្សៅដំឡូងមីជិត៥សែនតោន ទៅប្រទេស វៀតណាម ចិន ហូឡង់ ឆេក កាណាដា អ៊ីតាលី និង ឥណ្ឌា។
ចំពោះគ្រាប់ស្វាយចន្ទីមានជាង១សែនតោន ទៅវៀតណាម រុស្សី កូរ៉េ ចិន ភូមា ប៉េរ៉ូ អារ៉ាប៊ីសាអូឌីត មីយ៉ាន់ម៉ា អូស្រា្តលី តៃវ៉ាន់ ឥណ្ឌា សឹង្ហបុរី និងម៉ាឡេស៊ី, គ្រាប់ពោតជាង១សែនតោន បាននាំចេញទៅវៀតណាម ថៃ និងតៃវ៉ាន់, សណ្តែកសៀងជាង៣ម៉ឺនតោន នាំចេញទៅថៃ និងវៀតណាម, ចេកជាង១សែនតោន នាំចេញទៅប្រទេសចិន វៀតណាម និងជប៉ុន។
ផ្លែស្វាយជាង៤ម៉ឺនតោន នាំចេញទៅវៀតណាម ថៃ សិង្ហបុរី បារាំង និងរុស្សី, ម្រេចជាង៣ពាន់តោន នាំចេញទៅប្រទេសវៀតណាម បារាំង អាល្លឺម៉ង់ ឆេក អង់គ្លេស ជប៉ុន សឹង្ហបុរី កូរ៉េ អារ៉ាប៊ីសាអូឌីត ឥណ្ឌា តៃវ៉ាន់ ប៊ែលហ្សិក ថៃ អូស្ត្រាលី ស្វីស កាណាដា កាហ្សាក់ស្ថាន រុស្សី និងហុងកុង។
បន្លែជាង១រយតោននាំចេញទៅប្រទេសបារាំង ឆេក អង់គ្លេស និង នូវែលសេឡង់។ រួមទាំងដំណាំផ្សេងទៀតមានជាង២សែនតោនទៀតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com