ជាតិ
ជនជាតិដើមភាគតិច គ្រោងបង្កើតមជ្ឈមណ្ឌលវប្បធម៌ ដើម្បីអភិរក្សប្រពៃណីវប្បធម៌ និងទាក់ទាញទេសចរ លោក ឯក ប៊ុនថា កំពុងឈរថ្លែងពីការជំរុញឲ្យអភិរក្សវប្បធម៌ជនជាតិដើមភាគតិចនៅតាមសហគមន៍។
× ភ្នំពេញ៖ ជនជាតិដើមភាគតិច គ្រោងបង្កើតមជ្ឈមណ្ឌលវប្បធម៌ ដែលក្នុងនោះរួមមានភូមិគំរូ នៅខេត្តស្ទឹងត្រែង និងមណ្ឌលគិរី ក្នុងបំណងរក្សាសម្បត្តិវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ។ គម្រោងនេះ ត្រូវបានប្រកាសឲ្យដឹងនៅក្នុងទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយអង្គការជនជាតិដើមភាគតិចកម្ពុជា កាលពីថ្ងៃទី២៩ និងទី៣០តុលាកន្លងទៅ។
លោក ភាព សុជា ប្រធានគ្រប់គ្រងគម្រោងនៃអង្គការជនជាតិដើមភាគតិចកម្ពុជា បានបញ្ជាក់ថា គម្រោងបង្កើតមជ្ឈមណ្ឌលវប្បធម៌ គឺដើម្បី រក្សា និងសិក្សាពីវប្បធម៌របស់ជនជាតិដើមភាគតិចទាំងជាង៥០០សហគមន៍នៅទូទាំងប្រទេសកម្ពុជាំ។ លើសពីនេះ គម្រោងនេះក៏សំដៅដល់ការទាក់ទាញភ្ញៀវទេសចរផងដែរ។ លោក ភាព សុជា បន្ថែម៖«គម្រោងបង្កើតមជ្ឈមណ្ឌលវប្បធម៌ពីរកន្លែងនេះ ធ្វើឡើងនៅចំណុចភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី និងតំបន់ឃុំរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ មជ្ឈមណ្ឌលវប្បធម៌នេះ នឹងរៀបចំឲ្យមានសារមន្ទីរ សម្រាប់តាំងសម្បត្តិវប្បធម៌ ភូមិគំរូ កន្លែងជួបជុំ កន្លែងបណ្ដុះបណ្ដាលរបាំប្រពៃណីជនជាតិដើមភាគតិចជាដើម»។
តែយ៉ាងណា បើតាមលោក ភាព សុជា គម្រោងបង្កើតមជ្ឈមណ្ឌលវប្បធម៌នេះក៏អាចមានបញ្ហាប្រឈមខ្លះដែរ ជាពិសេសគឺបញ្ហាដីធ្លីជាមួយអ្នកចំណូលថ្មី និងការផ្ដល់ដីឲ្យក្រុមហ៊ុនធំៗ ដែលធ្វើឲ្យអាជ្ញាធរ និងសហគមន៍ ដោះស្រាយមិនដាច់ស្រេច។
លោក ឯក ប៊ុនថា អគ្គនាយករងបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឲ្យជនជាតិដើមភាគតិច ខិតខំផ្សព្វផ្សាយប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួនឲ្យគេបានស្គាល់ ហើយក្រសួងវប្បធម៌ នឹងសហការគាំទ្រសកម្មភាព និងថវិកា លើដំណើរគម្រោងអភិរក្សវប្បធម៌នានា របស់ជនជាតិដើមភាពតិច ជាពិសេសគម្រោងបង្កើតសារមន្ទីរនេះ។ លោក ឯក ប៊ុនថា បញ្ជាក់ថា៖«ជនជាតិដើមភាគតិច គួររួមគ្នាបង្កើតសារមន្ទីរជនជាតិ ដើម្បីរក្សាវប្បធម៌ ស្នាដៃផ្សេង ជាការអភិរក្ស រួមទាំងការទាក់ទាញភ្ញៀទេសចរ ជាការបង្កើនប្រភពចំណូលដល់សហគមន៍»៕
Tag:
ជនជាតិដើមភាគតិច
វប្បធម៌
មណ្ឌលគិរី
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com