ជាតិ
JICA ផ្ដល់ជំនួយ ២៧​លាន​ដុល្លារ សម្អាត​ទឹក​កខ្វក់​នៅ​ភ្នំពេញ​
03, Nov 2019 , 2:59 pm        
រូបភាព
ជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក Yuichi SUGANO ប្រធាន JICA  ប្រចាំនៅកម្ពុជា (រូបពីក្រសួងសេដ្ឋកិច្ច)
ជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា (រូបពីក្រសួងសេដ្ឋកិច្ច)
​ដោយ​៖ ផាត ដា​ណេ

​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បានផ្ដល់​ជំនួយ​២៧​លាន​ដុល្លារ  លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​



​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហរិញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធាន JICA  ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ (The Project For Sewerage System Development in Phnom Penh) ដែលមាន​ទឹកប្រាក់ ២៧​លាន​ដុល្លារ​។

​ក្នុង​គម្រោង​នេះដែរ មាន​ទិសដៅ​ចម្រោះ​ទឹក​កខ្វក់​មុនពេល​បង្ហូរ​ចូល​ទន្លេ តាមរយៈ​ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយកន្លែង​នៅ​បឹង​ជើងឯក ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បំពង់​បង្ហូរទឹក​កខ្វក់​ដែលមាន​ប្រវែង ២០០០​ម៉ែត្រ ត​ភ្ជាប់​ពី​ស្ថានីយ៍​បូម​បឹងត្របែក​។​

​រោងចក្រ​ប្រព្រឹត្ត​កម្ម​នេះដែរ មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន ៥០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ ការសាងសង់​នឹងត្រូវ​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​២០២០ ដែលមាន​រយៈពេល ៣២​ខែ​។ បន្ថែមទៀត​នេះ វា ជា​គម្រោង​អភិវឌ្ឍន៍​បំពេញបន្ថែម​ឲ្យ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយទឹក​នៅ​ភ្នំពេញ ជំហាន​ទី​១ ទី​២ ទី​៣ និង​ទី​៤ ដែល​ត្រូវបាន​សាងសង់​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង់​របស់​ប្រទេស​ជប៉ុន​។​

​គ​ម្រា​ង​នេះ ចូលរួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សាលា​រាជធានី​ភ្នំពេញ ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​ជា​អាទិភាព ដែល​នាំមក​នូវ​ការការពារ លើ​កម្ពស់​គុណភាព​អនាម័យ និង​បរិស្ថាន ដែល​ស្របទៅនឹង​មុំ​ទី​១ នៃ​ចតុកោណ​ទី​៤ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រដ្ឋាភិបាល​។​

​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង់​ដែល​ចុះហត្ថលេខា​នេះ ជា​ឯកសារ​គតិយុត្តិ​មួយទៀត បន្ទាប់ពី​លិខិត​ប្ដូរ​សារ​ដែល​ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩​រវាង​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​និង ស្ថានទូត​ជប៉ុន​ផងដែរ​។​

​មកដល់​បច្ចុប្បន្ន ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ផ្លូវការ (Japanese ODA) ពី​ប្រទេស​ជប៉ុន ដែល​ផ្តល់​ឲ្យ​កម្ពុជា មាន​ជាង​៥០០០​លាន​ដុល្លារ ក្នុងនោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​ជាង ៣៥០០​លាន​ដុល្លារ​៕


Tag:
 JICA
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com