ជាតិ
JICA ផ្ដល់ជំនួយ ២៧លានដុល្លារ សម្អាតទឹកកខ្វក់នៅភ្នំពេញ ជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា (រូបពីក្រសួងសេដ្ឋកិច្ច)
×
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្ដល់ជំនួយ២៧លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ (The Project For Sewerage System Development in Phnom Penh) ដែលមានទឹកប្រាក់ ២៧លានដុល្លារ។
ក្នុងគម្រោងនេះដែរ មានទិសដៅចម្រោះទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនៅបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបំពង់បង្ហូរទឹកកខ្វក់ដែលមានប្រវែង ២០០០ម៉ែត្រ តភ្ជាប់ពីស្ថានីយ៍បូមបឹងត្របែក។
រោងចក្រប្រព្រឹត្តកម្មនេះដែរ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់នឹងត្រូវចាប់ផ្ដើមនៅចុងឆ្នាំ២០២០ ដែលមានរយៈពេល ៣២ខែ។ បន្ថែមទៀតនេះ វា ជាគម្រោងអភិវឌ្ឍន៍បំពេញបន្ថែមឲ្យគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយទឹកនៅភ្នំពេញ ជំហានទី១ ទី២ ទី៣ និងទី៤ ដែលត្រូវបានសាងសង់ដោយហិរញ្ញប្បទានឥតសំណង់របស់ប្រទេសជប៉ុន។
គម្រាងនេះ ចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាអាទិភាព ដែលនាំមកនូវការការពារ លើកម្ពស់គុណភាពអនាម័យ និងបរិស្ថាន ដែលស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង់ដែលចុះហត្ថលេខានេះ ជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្ដូរសារដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិង ស្ថានទូតជប៉ុនផងដែរ។
មកដល់បច្ចុប្បន្ន ហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ពីប្រទេសជប៉ុន ដែលផ្តល់ឲ្យកម្ពុជា មានជាង៥០០០លានដុល្លារ ក្នុងនោះមានហិរញ្ញប្បទានឥតសំណងជាង ៣៥០០លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com