ជាតិ
សេដ្ឋកិច្ច
សាធារណជន​នឹង​អាច​ថត​វិក្កយបត្រ​ទិញ​ផលិតផល ផ្ញើ​ចូលក្នុង​APP​ពន្ធដារ ចាប់ឆ្នោត​យក​រង្វាន់​
03, Nov 2019 , 3:59 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានពន្ធដារ
រូបពីអគ្គនាយកដ្ឋានពន្ធដារ
ដោយ:
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​ដំឡើង​កម្មវិធី​ទូរ​សព្ទ​ដៃ​មួយ​(Application) ដែល​អាច​ឲ្យ​សាធារណជន​ថត​វិក្កយបត្រ​ដែល​ខ្លួន​បាន​ទិញ​ផលិតផល ឬ​សេ​វាពី​ហាង​ណាមួយ រួច​ផ្ញើ​ចូលក្នុង​APP នោះ​។ ពន្ធដារ​នឹង​ចាប់ឆ្នោត​ផ្សងសំណាង​ដល់​អ្នក​ផ្ញើ​វិក្កយបត្រ​ទាំងនោះ​។



​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​អំពី​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​តាម​អញ​ឡាញ (e-Filling) នៅ​ថ្ងៃទី​៣១​ខែតុលា ថា អង្គភាព​លោក​ចាប់ឆ្នោត​ផ្ដល់​រង្វាន់​រថយន្ត និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទៀត ដល់​អ្នក​ដែល​បាន​ថត​វិក្កយបត្រ​ផ្ញើ​ចូលក្នុង​APP របស់​ពន្ធដារ​។​

​ប្រសាសន៍​លោក គង់ វិបុល​៖

«​គ្រោង​ដាក់​ឲ្យ​ប្រើ​មួយទៀត​ដែល​ខ្ញុំ​បាន​អភិវឌ្ឍន៍​យូរហើយ​ដែល​រង់ចាំ​ពី​បី​ឆ្នាំមុន គឺ Invoice Lucky Draw​។ អស់លោក​អាច​អញ្ជើញ​ទៅ​ទិញ​ទំនិញ​សេវា​ផ្សេងៗ ហើយ​ថត​វិក្កយបត្រ Upload (​ដាក់ចូល​) ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ពន្ធដារ ដល់​ថ្ងៃ​កំណត់​ត្រូវ​ចាប់ឆ្នោត អ្នកទទួល​សំណាង​បានល្អ​នឹង​ឈ្នះ​រថយន្ត​មួយគ្រឿង និង​សម្ភារ​បរិក្ខា​ផ្សេងទៀត​»​។ លោក គង់ វិបុល អះអាង​ដូច្នេះ​។​

​លោក គង់ វិបុល បញ្ជាក់ថា កម្មវិធី​ខាងលើនេះ​មិនមែន​ត្រឹមតែ​ដើម្បី​ផ្ដល់​រង្វាន់​ប៉ុណ្ណោះ​ទេ តែ​សំខាន់​គឺ​សាធារណជន​បាន​ចូលរួម​ធ្វើ​ឲ្យ​ការបង់ពន្ធ​របស់​អាជីវ​កម្ម ប្រព្រឹត្តទៅបាន​ត្រឹមត្រូវ​។ លោក​មានប្រសាសន៍​ដូចនេះ​ថា​៖«​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទៅ​ទិញ​សេវា​ឬ​ទំនិញ​អាច​ថត​វិក្កយបត្រ​នោះ ដើម្បី​ជា​របាយការណ៍​ដល់​ពន្ធ​ដារ ថា​តើ​អ្នក​ជាប់ពន្ធ​ទាំងនោះ​មាន​អនុលោមភាព​ទៅតាម​គោលការណ៍​ច្បាប់​ឬ​អត់​?»​។ លោក​បន្ថែមថា វិក្កយបត្រ​ពី​សាធារណជន​ដែល​ផ្ដល់​ទៅ​ពន្ធដារ នឹង​ផ្ដល់​ផលប្រយោជន៍​ផ្សេងៗ ដូចជា កម្មវត្ថុ​នៃ​សវនកម្ម ឬ​ត្រួតពិនិត្យ​ផ្សេងៗ ដើម្បី​ផ្ទៀងផ្ទាត់​ថា សហគ្រាស ហាង​អាជីវកម្ម​ទាំ​នោះ បាន​បង់ពន្ធ​ត្រឹមត្រូវ​ឬ​យ៉ាណា​៕


Tag:
 ពន្ធ​
  គង់ វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com