អន្តរជាតិ
ហ្វីលីពីន​ច្រានចោល ព័ត៌មាន​ថា​ព្រះមហាក្សត្រ​ថៃ​បញ្ជា​ឲ្យ​លោក ឌូ​ទើ​តេ បង្ហាញ​ឫកពារ​ត្រឹមត្រូវ​ពេល​ទៅ​ប្រជុំ​នៅ​ថៃ​
03, Nov 2019 , 5:59 pm        
រូបភាព
ដោយ:
​វិមាន​ប្រធានាធិបតី​ហ្វីលីពីន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ច្រានចោល​ព័ត៌មាន​ស្តីពី​ការដាក់​បញ្ជា​របស់​ព្រះមហាក្សត្រ​ថៃ​ឲ្យ​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បង្ហាញ​ឥរិយាបថ​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ថៃ​។ សម្រាប់​ហ្វីលីពីន ព័ត៌មាន​ដែល​ត្រូវបាន​ចែករំលែក​ជាច្រើន​ក្នុង​បណ្តាញ​សង្គម​នេះ ជា​ព័ត៌មាន​ក្លែងក្លាយ​នោះទេ​។​



​រដ្ឋមន្ត្រី​ទំនាក់ទំនង​ហ្វីលីពីន លោក Martin Andanar បាន​ថ្លែងការណ៍​រម្លឹក​ដល់​សាធារណជន​ឲ្យ​បង្ហាញ​ការគោរព​ចំពោះ​ព្រះមហាក្សត្រ​ថៃ និង​គោរព​ទំនាក់ទំនង​ល្អ​រវាង​ហ្វីលីពីន​-​ថៃ ហើយ​មិនត្រូវ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​គ្រប់​រូបភាព ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន ABS-CBN នៅ​ថ្ងៃ​២ វិច្ឆិកា​។

​សេចក្តីថ្លែងការណ៍​រប​ស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ហ្វីលីពីន​រូបនេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​បន្ត​គ្នា​នូវ​រូបភាព​កាសែត​ថៃ​បាំង​កក​ប៉ុស្តិ៍ ដោយបាន​ចុះផ្សាយ​ថា ព្រះមហាក្សត្រ​ថៃ បានចេញ​បញ្ជា​ឲ្យ​មេដឹកនាំ​កំពូល​ហ្វីលីពីន ប្រព្រឹត្ត​ឥរិយាបថ​ថ្លៃថ្នូរ​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ថៃ​ក្នុង​សប្តាហ៍​នេះ​។

​ជា​ជំហរ​របស់​ហ្វីលីពីន តាម​លោក Martin Andanar រាជាណាចក្រ​ថៃ តែងតែមាន​សណ្តាន​ចិត្តល្អ សប្បុរស​ជាមួយនឹង​ហ្វីលីពីន និង​ប្រជាជន​ហ្វីលីពីន ក៏ដូចជា​ប្រទេស​ផ្សេងទៀត​របស់​អាស៊ាន​។ លោក ក៏បាន​ច្រានចោល​ការផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ពាក់ព័ន្ធ​លោក​ប្រធានាធិបតី ឌូ​ទើ​តេ ជា​រឿង​មិន​ពិត និង​មាន​ចេតនា បង្ខូច​កេរ្តិ៍ឈ្មោះ​មេដឹកនាំ​របស់​ហ្វីលីពីន​។

​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ផ្តល់យោបល់​ផ្នែក​ច្បាប់​របស់​ប្រធានាធិបតី​ហ្វីលីពីន Salvador Panelo បាន​ថ្កោលទោស​ព័ត៌មាន​មិន​ពិត​នេះ និង​ចាត់ទុកថា ជាការ​វាយប្រហារ​នយោបាយ​ដ៏​ថោកទាប​ប្រឆាំងនឹង​ប្រធានាធិបតី​ហ្វីលីពីន ស្រប​ដែល​មេដឹកនាំ​កំពូល​របស់​ប្រទេស បាន​ចាក​ចេញពី​ប្រទេស​ដើម្បី​ចូល​រូ​ម​ប្រជុំ​តំណាង​ប្រទេស​នៅ​ចំពោះមុខ​មេដឹកនាំ​ពិភពលោក​ជាច្រើន​ទៀត​។

​គួរ​ជម្រាប​ថា ថៃ កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន ដែល​ត្រូវ​ប្រារព្ធ​ឡើង​ពីថ្ងៃ​២​ដល់​ថ្ងៃ​៤​វិច្ឆិកា​នេះ​។ កន្លងមក លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ធ្លាប់ប្រើ​ប្រាស់​ពាក្យ​មិន​សមរម្យ​នៅពេល​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​របស់​អាស៊ាន​ទៅកាន់​មេដឹកនាំ​ពិភពលោក ដែល​រិះគន់​របប​ដឹកនាំ​របស់លោក ។ ចំណុច​នេះហើយ គឺជា​កត្តា​រួមផ្សំ​ធ្វើ​ឲ្យ​មាន​លេចឡើង​ព័ត៌មាន​ឆ្លៀត​ឱកាសនិយម​វាយប្រហារ​លើ​រូបលោក ៕



Tag:
 ហ្វីលីពីន​
  ថៃ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com