អន្តរជាតិ
កងទ័ពវៀតណាមកំណត់ «ការពារអធិបតេយ្យសមុទ្រចិនខាងត្បូង» ជាបេសកកម្មអាទិភាព
× កងទ័ពវៀតណាម បានប្តេជ្ញាចិត្តក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូង ដោយមិនសម្រុះសម្រួលឲ្យរដ្ឋខាងក្រៅឈ្លានពានបានឡើយ។ ការប្តេជ្ញាចិត្តរបស់កងទ័ពវៀតណាមបែបនេះ ធ្វើឡើងស្របពេលដែលដែនសមុទ្រចិនខាងត្បូង ដែលមានភាគីពាក់ព័ន្ធជាច្រើនប្រទេសទាមទារគ្រប់គ្រង នៅតែមិនទាន់អាចធានាបានពីស្ថិរភាពពិតប្រាកដបាន។
តាមរយៈកិច្ចប្រជុំសភាវៀតណាមនៅថ្ងៃ៣១ តុលា លោកឧត្តមសេនីយ៍ Nguyễn Trọng Nghĩa មេបញ្ជាការរងកងទ័ពវៀតណាម បានលើកឡើងនៅចំពោះមុខសភារបស់ខ្លួនថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាដែលទាំងបក្សកុម្មុយនីស្ត និងរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ក្នុងវេទិកា ដែលផ្តោតសំខាន់លើផែនការសម្រាប់អនុវត្តឆ្នាំ២០២០ដដែលនោះ លោកឧត្តមសេនីយ៍ បានអះអាងថា ការការពារកោះ និងដែនអធិបតេយ្យសមុទ្ររបស់ប្រទេស គឺជាការងារអាទិភាពរបស់កងទ័ព។ លោកសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ ត្រូវតែស្របតាមគោលនយោបាយ និងការតម្រង់ទិសរបស់បក្ស ដោយត្រូវធានាឲ្យបានការការពារអធិបតេយ្យ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងផលប្រយោជន៍ប្រទេសជាដាច់ខាត។
តាមលោកឧត្តមសេនីយ៍រូបនេះ កន្លងមក រដ្ឋាភិបាលវៀតណាម បានប្រើប្រាស់មធ្យោបាយសមរម្យជាច្រើនដើម្បីឆ្លើយតបនឹងភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ឬវៀតណាមហៅថាសមុទ្រខាងកើតរបស់ខ្លួន ទាំងតាមរយៈនយោបាយ ការទូត ប្រវត្តិសាស្ត្រ និងកិច្ចការផ្នែកច្បាប់។
ជាមួយគ្នាតាមរយៈវេទិកាការពាររបស់សភា លោក បានឆ្លៀតស្នើឲ្យរដ្ឋាភិបាល ជូនដំណឹងឲ្យបានពេញលេញ និងទាន់ពេលដល់ប្រជាពលរដ្ឋវៀតណាមឲ្យបានដឹងពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងសមុទ្រនេះ ដើម្បីផ្តល់លទ្ធភាពឲ្យពួកគេ មានការទុកចិត្តលើលទ្ធផលការពារដែនអធិបតេយ្យ។
គួរជម្រាបផងដែរថា សមុទ្រចិនខាងត្បូង ឬវៀតណាម ហៅថាសមុទ្រខាងកើត មានរដ្ឋពាក់ព័ន្ធទាមទារដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងចិន។ ចិន បានទាមទារគ្រប់គ្រងសមុទ្រនេះស្ទើរតែទាំងស្រុង ខណៈប្រទេសពាក់ព័ន្ធរបស់អាស៊ាន សុំទាមទារតំបន់ណា ដែលជិតនឹងប្រទេសរបស់ពួកគេ។ កន្លងមក វៀតណាម គឺជាដៃគូប្រជែងដ៏ខ្លាំងក្លារបស់ចិន ទាំងតាមរយៈមធ្យោបាយការទូត និងការពង្រឹងវិស័យយោធា និងការពារជាតិ៕
Tag:
វៀតណាម
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com