ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​បុ​ស្បូវ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​រក្សា​ប្រពៃណី​ត្បាញកន្ទេល​ត​ពី​ដូនតា​
03, Nov 2019 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ឧ​ត្ត​រ​មានជ័យ​៖ ការ​ត្បាញ​កន្ទេលកក់​សម្រាប់​ទុក​ប្រើ​ប្រាក់​ក្នុងផ្ទះ គឺជា​ប្រពៃណី​របស់​គ្រួសារ​មួយចំនួន​ដែល​រស់នៅ​ក្នុងភូមិ​បុ​ស្បូវ​ក្រុង​សំរោង​នា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ទោះជា​យ៉ាងណា​នៅពេល​បច្ចុប្បន្ននេះ​មានគ្រួសារ​តិចតួច​ប៉ុណ្ណោះ ដែល​នៅ​បន្ត​រក្សា​កេរ​ដូនតា​មួយ​នេះ ដោយ​ជំនួស​មកវិញ​ដោយ​ការទិញ​កន្ទេល​ស្រាប់​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូច​ទៅ​៖




​គ្រួសារ​មួយ​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​បុ​ស្បូវ ក្រុង​សំរោង នា​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅតែ​បន្ត​ប្រើប្រាស់​ធនធានធម្មជាតិ​ដែល​ដុះ​ឯង យកមក​ច្នៃ​ឱ្យ​កើតជា​ប្រយោជន៍ ព្រមទាំង​អាច​កាត់បន្ថយ​ការចំណាយ​ក្នុង​គ្រួសារ​ផងដែរ​។ កក់ជ្រុង​មាន​ទំហំ​ប៉ុន​មេដៃ ហើយ​ខ្លះទៀត​មាន​ទំហំ​ធំ​លើស​នេះ​ទៅទៀត ដែលមាន​ប្រវែង​ប្រមាណ​ជាង​២​ម៉ែត្រ​មាន​គ្រាប់​ទំ​ជ្រុះ​ដោយ​អន្លើ ដុះ​នៅ​ពេញ​វាល​ខាងក្រោយ​ផ្ទះ​របស់​អ្នកស្រី ព្លិច ញើស ដែលជា​អ្នក​បន្ត​ត្បាញកន្ទេល​កក់ត​ពី​ដូនតា​។



​កន្ទេល​ដែល​អ្នកស្រី ញើស ត្បាញ​គេ​ឱ្យ​ឈ្មោះថា កន្ទេល​៥​ងារ ដែល​អាច​ត្បាញ​ត​គ្នា​បាន​។ មិន​ទុកពេល​ទំនេរ​ឥតប្រយោជន៍ នៅ​ខែ​ដែល​មិន​ធ្វើស្រែ​ចម្ការ​អ្នកស្រី ព្លិច ញើស បាន​ទៅ​ដក​កក់ជ្រុង​យកមក​ត្បាញកន្ទេល ដើម្បី​ប្រើប្រាស់​ក្នុង​គ្រួសារ​៖«​ខ្ញុំ​ទៅ​ដក​កក់​នៅ​ត្រពាំង​ខាងជើង​ផ្ទះ​ដែល​វា​ដុះ​ខ្លួនឯង​នោះ​យកមក​។ ពេលទំនេរ​មិនមាន​ការងារ​ធ្វើ​ក៏​ខ្ញុំ​ត្បាញ​ទៅ​។ ត្បាញកន្ទេល​នេះ​មិន​ពិបាក​ទេ គ្រាន់តែ​អង្គុយ​យូរ វា​ចុក​ចង្កេះ​ចុក​ខ្នង ដូច្នេះ​ទៅ​សម្រាក​បន្តិច​ទើប​មក​ត្បាញ​វិញ​»​។

​គេ​ត្បាញកន្ទេល​៥​ងារ​ទុក​សម្រាប់តែ​ប្រើប្រាស់​ក្នុង​គ្រួសារ​ប៉ុណ្ណោះ ព្រោះ​វា​មិនមាន​សម្រស់​ដើម្បី​ទាក់ទាញ​មនុស្ស​នៅលើ​ទីផ្សារ​ឡើយ​។ កន្ទេល​នេះ​ងាយស្រួល​ត្បាញ ដោយ​គ្រាន់តែ​លើក​មួយ​ដាក់​មួយ ហើយ​អាច​អង្គុយ​ត្បាញ​តែម្នាក់ឯង​បាន​។ កន្ទេល​នេះ​មាន​ក្រឡា​ល្អិត​។ សម្រាប់​គ្រួសារ​ខ្លះ គេ​យក​កក់​ដែល​បាន​ច្រៀក​រួច​ទៅ​ជ្រលក់​ពណ៌ ដើម្បី​បន្ថែម​សម្រស់​ឱ្យ​វា​ខ្លះ ប៉ុន្តែ​គ្រួសារ​ខ្លះទៀត​ចូលចិត្ត​ពណ៌​ធម្មជាតិ​របស់​វា​។



​អង្គុយ​ត្បាញ​នៅក្បែរ​កូនស្រី​ដែល​កំពុងកាន់​កូនតូច អ្នកស្រី ព្លិច ញើស វ័យ​ជាង​៥០​ឆ្នាំ បានបញ្ជាក់​ពី​គុណភាព​កន្ទេល ដោយមាន​កូនស្រី​អ្នកជិតខាង​ជួយ​ពន្យល់​បន្ថែម​ផង​៖«​កក់​នេះ​គេ​ត្បាញ​តែ​ព្រឹក​ទេ ព្រោះ​ពេល​ថ្ងៃ​វា​ស្រួយ ដល់​ល្ងាច​ត្រជាក់​ទើប​ត្បាញ​ទៀត ដោយ​ប្រោស​ទឹក​បន្តិច​ឱ្យ​វាទ​ន់​។ កន្ទេល​នេះ​បើ​ប្រើ​ថែ​បាន​៤​ទៅ​៥​ឆ្នាំ​ដែរ​»​។​

​ពាក់អាវ​ផ្កា​ពណ៌​កាក​អំពៅ​ដែលមាន​ផ្ទៃ​ពណ៌​ខ្មៅ និង​ស្លៀក​សារុង​ផ្កា​ចម្រុះ​ពណ៌ អង្គុយ​ត្បាញ​ក​ន្លេ​លកក់​នៅលើ​គ្រែ​ក្រោមផ្ទះ​របស់ខ្លួន ស្ត្រី​សម្បុរ​ស្រអែម​រូបនេះ​ថា​៖«​ខ្ញុំ​មិនដែល​បាន​ត្បាញ​លក់​ទេ​។ អ្នក​នៅ​ភូមិ​នេះ​គេ​ត្បាញ​គ្រប់គ្នា​។ ខ្ញុំ​ធ្វើស្រែ​ចម្ការ ដាំដំឡូង និង​ស្រូវ​»​។



​និយាយ​ឆ្លើយឆ្លង​នឹង​ខ្ញុំ​បណ្ដើរ ស្របពេល​ដៃ​លើកដាក់​ចម្រៀក​កក់​គង​លើ​គ្នា​ចុះឡើង​បណ្ដើរ អ្នកស្រី ព្លិច ញើស បាន​ប្រាប់​ពី​ដំណើរការ​នៃ​ការ​ត្បាញ​ក​ន្លេ​ល​បែបនេះ​៖«​ខ្ញុំ​ដក​កក់​យកមក​ហាល​ឱ្យ​ស្វិត បន្ទាប់មក​យក​វា​ទៅ​ច្រៀក​ជា​បី ហើយ​យកទៅ​កូត​ឱ្យ​វា​ទុន និង​យកទៅ​ជ្រលក់​ពណ៌​។ បើ​ត្បាញ​ទាំងមូល​កន្ទេល​ក្រាស់​ល្អ តែ​ជ្រលក់​ពណ៌​មិនសូវ​ដិត​ល្អ​វិញ​»​។​
​ងាក​ចេញពី​អ្នក​ត្បាញកន្ទេល​៥​ងារ ខ្ញុំ​បាន​ទៅ​ជួប​គ្រួសារ​មួយទៀត ដែល​នៅជាប់​របង​ជាមួយ អ្នកស្រី ព្រិច ញើស​។ គ្រួសារ​មួយ​នេះ​មិន​ត្បាញកន្ទេល​៥​ងារ​ឡើយ ប៉ុន្តែ​គេ​ត្បាញ​ក​ន្លេ​ល​ស្មៅ​។ កន្ទេល​ស្មៅ​នេះ គេ​យក​កក់​មូលមក​ត្បាញ​។ កក់​មួយ​ប្រភេទ​នេះ​មាន​រាង​មូល ទំហំ​ប៉ុន​ម្រាមដៃ ឬ​អាច​តូចធំ​ជាង​នេះ​បន្តិច អាស្រ័យ​ថា​វា​ដុះ​ល្អ​ឬ​មិនសូវ​ល្អ​។ សម្រាប់​អ្នកស្រុក​ខ្លះ​គេ​ហៅ​កក់​នេះ​ថា​ជា​កក់មូល ប៉ុន្តែ​សម្រាប់​អ្នកភូមិ​បុ​ស្បូវ​គេ​ហៅ​កក់​នេះ​ថា​ជា​កក់​ស្មៅ​។



​អ្នកស្រី សូ សួង ចេះ​ត្បាញកន្ទេល​ត​ពី​ម្ដាយ​ឪពុក​។ អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ ភ្នែក​មើលទៅ​កូនស្រី​ដែល​កំពុង​វេញខ្សែរ​ទុក​សម្រាប់​ត្បាញកន្ទេល នៅ​ចំពោះមុខ​របស់ខ្លួន ស្ត្រី​វ័យ​៦១​ឆ្នាំ​រូបនេះ​ប្រាប់ថា ការ​ត្បាញកន្ទេល​នេះ​ត្រូវការ​មនុស្ស​២​នាក់ ទើប​ងាយស្រួល​ត្បាញ​៖«​តាំងពី​តូច​ខ្ញុំ​ឃើញ​ចាស់ៗ​ត្បាញ​ខ្ញុំ​ក៏​ត្បាញ​តាម​។ ពេល​ប្រើ​ខូច​ក៏​ត្បាញ​ប្រើ​ទៀត​។ ខ្ញុំ​ត្បាញ​មួយថ្ងៃ​បាន​១​សម្រាប់​ក​ន្លេ​ល​ទំហំ​តូច​។ កូន​ខ្ញុំ​ចេះ​ទាំងអស់គ្នា ពួកវា​ត្បាញ​ឆ្លាស់គ្នា​រហូត​។ កក់​ឆ្នាំមុន​ខ្លី តែ​កក់​ឆ្នាំនេះ​វែងៗ​»​។​

​មានកូន​៦​នាក់​ប្រុស​១ ហើយ​កូនស្រី​ទាំង​៥​សុទ្ធតែ​ចេះ​ត្បាញកន្ទេល​ទាំងអស់​។ កន្ទេល​ប្រភេទ​នេះ​មិនអាច​ត្បាញ​ត​គ្នា​បានទេ គឺ​មានន័យថា​គេ​ត្រូវ​រើស​កក់​ណា​ដែលមាន​ប្រវែង​ស្មើរ​គ្នា​យកមក​ត្បាញ​ជាមួយគ្នា​។ អ្នកស្រី សួង ពន្យល់​បន្ថែម​៖«​មាន​គេ​ឌុប​តាម​ម៉ូតូ​មក​លក់​រាល់ថ្ងៃ​ដែរ​។ ខ្ញុំ​ត្បាញ​ទុក​ឱ្យតែ​កូន​ដេក និង​ក្រាល​ហូបបាយ​»​។



​ខុសពី​កក់ជ្រុង​ដែល​ដុះ​ខ្លួនឯង ដើម្បី​ចង់បាន​កក់​ដែលមាន​ទំហំ​ធំ​និង​វែង​ផង អ្នកស្រី សួង យក​គ្រាប់ពូជ​កក់មូល​ទៅ​ដាំ​នៅតាម​ដី​អូ​ដែល​គេ​មិន​ប្រើប្រាស់ ដោយ​គ្រាន់តែ​ទៅ​បេះ​គ្រាប់​កក់​ពី​ក្នុង​ស្រែ​ដែល​វា​ដុះ​ឯង​នោះ​។ កន្ទេល​ស្មៅ​ឬ​កន្ទេល​កក់មូល ច្រើន​មាន​វត្តមាន​នៅតាម​ផ្ទះ​របស់​ប្រជាជន​ខ្មែរ​ទូទៅ ហើយ​នៅក្នុង​វត្ត​ស្ទើរតែ​ទូទាំងប្រទេស​កម្ពុជា ក៏​គេ​យ​កក​ន្លេ​ល​នេះ​ទៅប្រើ​ដែរ​៖«​ខ្ញុំ​ទិញ​ល័ក្ដ​អស់​៥៣,០០០​រៀល ជ្រលក់​បាន​កន្ទេល​១០​។ កក់​នេះ​អាច​ត្បាញ​បាន​ពេញ​មួយថ្ងៃ តាំងពីព្រឹក​ដល់​ល្ងាច​»​។

​មានកូន​ដូច​អ្នកស្រី សួង ដែរ អ្នកស្រី ព្លិច ញើស ក៏មាន​កូន​៦​នាក់ ហើយ​ប្រុស​ម្នាក់​ដែរ ប៉ុន្តែ កូនស្រី​របស់​អ្នកស្រី ញើស មិនចេះ​ត្បាញកន្ទេល​សូម្បីតែ​ម្នាក់​។ បញ្ហា​នេះ​អាចធ្វើឱ្យ​ប្រពៃណី​ត្បាញកន្ទេល​ត​ពី​ដូនតា របស់​គ្រួសារ​អ្នកស្រី ព្លិច ញើស បញ្ចប់​ត្រឹម​អ្នក​ម្ដាយ​មុខ​មូល​សម្បុរ​ស្រអែម​រូបនេះ​ហើយ​មើលទៅ​។ «​កូន​របស់ខ្ញុំ​ទាំងអស់​មិនចេះ​ទាំងអស់​។ វា​មានកូន​ផង​ក៏​ខ្ជិល​។ ប៉ុន្តែ​កូន​អ្នកជិតខាង​គេ​សម្ភី​ណាស់​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកស្រី ព្លិច ញើស​។



​ក្រៅពី​គ្រួសារ​ទាំងពីរ​ខាងលើ នៅមាន​គ្រួសារ​ខ្លះ​ក្នុងភូមិ​នេះ​នៅ​បន្ត​ត្បាញកន្ទេល​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ ប៉ុន្តែ​ក៏មាន​គ្រួសារ​ខ្លះ​បោះបង់​ដែរ ដោយ​ប្ដូរ​ទៅ​ទិញ​ស្រាប់​ពី​ទីផ្សារ​វិញ​៕


Tag:
 ឧ​ត្ត​រ​មានជ័យ​
 ​កន្ទេល​
 ​កក់​
 ​ត្បាញ​
 ​អ្នកភូមិ​
 ​ដូនតា​
 
© រក្សាសិទ្ធិដោយ thmeythmey.com