រដ្ឋាភិបាល​ឡាវ ដាក់​គោលដៅ​តឹងរ៉ឹង​បោសសម្អាត​«​មន្ត្រី​រដ្ឋការ​ខ្មោច​»​ឲ្យ​បាន​នៅ​ឆ្នាំ​២០២០
អន្តរជាតិ
រដ្ឋាភិបាល​ឡាវ ដាក់​គោលដៅ​តឹងរ៉ឹង​បោសសម្អាត​«​មន្ត្រី​រដ្ឋការ​ខ្មោច​»​ឲ្យ​បាន​នៅ​ឆ្នាំ​២០២០
03, Nov 2019 , 9:59 pm        
រូបភាព
​មិន​ខុសពី​បណ្តា​ប្រទេស​ក្រីក្រ និង​កំពុងអភិវឌ្ឍន៍​ដទៃទៀត​របស់​ពិភពលោក​ឡើយ ឡាវ ក៏បាន​ជួប​បញ្ហា​មួយ​ក្នុងការ​គ្រប់គ្រង​មន្ត្រី​រដ្ឋការ​ស៊ីវិល​ដែរ​។ បញ្ហា​នោះ​គឺ នៅតែ​មន្ត្រី​ខ្មោច​ក្នុង​ក្របខណ្ឌ ពោលគឺ​មន្ត្រី​មានតែ​ឈ្មោះ​បើក​តែ​ប្រាក់ខែ តែ​គ្មាន​វត្តមាន​ក្នុងពេល​បម្រើ​ការងារ ដែល​បញ្ហា​នេះ រដ្ឋាភិបាល​ឡាវ បាន​ប្តេជ្ញាចិត្ត​បោសសម្អាត​ឲ្យ​បាន​នៅត្រឹម​ឆ្នាំ​២០២០​។



​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​មន្ត្រី​រដ្ឋការ​ស៊ីវិល​ឡាវ លោក Souvanny Rattanavong បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ឡាវ កំពុងតែ​អនុវត្ត​នីតិវិធី​កំណត់ និង​បញ្ជាក់​ចំនួន​ពិតប្រាកដ​របស់​មន្ត្រីរ​ដ្ឋ​ការ ខណៈដែល​មានការ​លើក​ឡើង​ពី​ការព្រួយបារម្ភ នៃ​ការចំណាយ​ថវិកាជាតិ​ទៅលើ​មន្ត្រី​រដ្ឋការ​ខ្មោច​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Laotian Times នៅ​ថ្ងៃ​២៩ តុលា​កន្លងទៅ​។

​តាម​ប្រភពព័ត៌មាន​ដដែល រដ្ឋាភិបាល​ឡាវ បានធ្វើ​កំណែទម្រង់​ក្នុង​ការបើក​ប្រាក់ខែ​ជូន​មន្ត្រី​រដ្ឋការ​តាមរយៈ​គណនី​ធនាគារ​បី​បួន​ឆ្នាំ​មកហើយ ក៏ប៉ុន្តែ​កំណែទម្រង់​នេះ នៅ​មិនទាន់​អាច​ធានា​ពី​បាន​ប្រសិទ្ធភាព​នោះទេ ដ្បិត​ប្រព័ន្ធ​នេះ មិន​អាចជួយ​បញ្ជាក់​ពី​វត្ត​មាននៃ​ការធ្វើការ​ពិតប្រាកដរ​បស់​មន្ត្រី​បានឡើយ​។

​តែ​យ៉ាងណា​ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ឡាវ បានផ្តល់​អំណាច​ឲ្យ​ក្រសួងមហាផ្ទៃ​របស់ខ្លួន​ចេញ​អត្តសញ្ញាណប័ណ្ណ​ថ្មី​សម្រាប់​មន្ត្រី ដែល​រដ្ឋ​បាន​ផ្ទៀងផ្ទាត់​ពី​វត្តមាន​របស់​ពួកគេ​នៅក្នុង​កន្លែងធ្វើការ​រួច ហើយ​ផែនការ​ទី​ពីរ​នេះ ឡាវ គ្រោង​នឹង​ចេញ​ឲ្យ​បាន​ចប់​សម្រាប់​គ្រប់​ភ្នាក់ងារ​ដ្ឋ​ទាំងអស់​នៅ​ឆ្នាំ​២០២០​។

​ជាមួយគ្នា រដ្ឋាភិបាល ក៏បាន​ព្រមាន​ចាត់វិធានការ​លុបចោល​ទាំងអស់​លើ​ការ​បង្វែរ​ថវិការដ្ឋ ប្រសិនបើ​បាន​រកឃើញថា មាន​មន្ត្រី​ខ្មោច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋអំណាច ក៏​នឹងដាក់​ទណ្ឌកម្ម​តាម​វិធាន​ច្បាប់​ចំពោះ​ជន​ទាំងឡាយណា ដែលមាន​បំណង​លួច​ប្រាក់​របស់​រដ្ឋ​តាមរបៀប​នេះ​។

​គួរ​ជម្រាប​ផងដែរ​ថា ជា​រដ្ឋ​ក្រីក្រ និង​ចាក់​ឬ​ស​វប្បធម៌​ពុករលួយ ឡាវ បាន​ព្យាយាម​ធ្វើកំណែទម្រង់​រដ្ឋបាល​សាធារណៈ​ក្នុងការ​គ្រប់គ្រង និង​ធានា​ឲ្យ​បាន​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​សាធារណៈ​។ នៅ​ដើមឆ្នាំ​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ថុង​លួ​ន ស៊ី​សូលី​ត បានប្រកាស​ឲ្យ​ប្រើប្រាស់​ក្រម​ប្រតិបត្តិ​មន្ត្រី​រដ្ឋការ ដែល​ក្រម​នោះ មាន​គោលដៅ​ធានា​ពី​ភាព​ស្អាតស្អំ​របស់​មន្ត្រី ក៏ដូចជា​ធានា​ឲ្យ​បានការ​មិនកើត​មា​នវ​ប្ប​ធម៌​បក្សពួកនិយម​នៅក្នុង​អង្គភាព​រដ្ឋ​៕


© រក្សាសិទ្ធិដោយ thmeythmey.com