ជាតិ
មនុស្ស៣នាក់ ត្រូវចាប់ខ្លួន ក្រោយបាក់រនាំងដែកតាមផ្លូវ បណ្ដាលឲ្យបុរសវ័យ៧៥ឆ្នាំស្លាប់ ជនបង្កហេតុដែលសមត្ថកិច្ចបានឃាត់ខ្លួន (រូបភាពពីស្នងការដ្ឋាននគរបាលជាតិ)
× សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងករណីបាក់រនាំងដែកកាត់ទទឹងផ្លូវ ធ្លាក់ចំបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់ភ្លាមៗនៅចំណុចផ្លូវ២០៩ កែងផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងចំណោមអ្នកទាំង៣ ម្នាក់ គឺជាម្ចាស់រថយន្តដែលបើកបុករនាំងដែក និង២នាក់ទៀត ជាជាងផ្សារដែក។
បើតាមគេទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បុរសរងគ្រោះឈ្មោះ ឡឹម វិសុទ្ធ វ័យ៧៥ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូត្រូវរនាំងដែកកាត់ទទឹងផ្លូវបាក់រលំសង្កត់ចំក្បាល ស្របពេលដែលរថយន្តស្ទូចមួយគ្រឿង កំពុងស្ទូចតម្រង់ផ្សារឡើងវិញ។
រនាំងបានធ្លាក់ត្រូវបុរសម្នាក់កំពុងជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែង។ រូបភាពីស្នងការដ្ឋាននគរបាលជាតិ
សមត្ថកិច្ចក៏បានឃាត់ជនបង្កចំនួនបីនាក់ ឈ្មោះ ញ៉ែម គឿន ជាអ្នកបើកបររថយន្ត ដែលបើកបុករនាំងកាត់ទទឹងផ្លូវបណ្ដាលឲ្យវៀចនៅព្រឹកម៉ោង៨ថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៩ និងជាងផ្សារដែក២នាក់ ឈ្មោះ ឆាយ លក្ខភក្រ័ណា និង អ៊ាត វុទ្ធី។ ជនបង្កទាំង៣នេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
នគរបាលជាតិ ផ្សាយថា បន្ទាប់ពីបើកបុករនាំងកាត់ទទឹងផ្លូវ សមត្ថកិច្ចបានឲ្យលោក ញ៉ែម គឿន ផ្សាររនាំងដែកឲ្យត្រង់។ បុរសឈ្មោះ ញ៉ែម គឿន ក៏ហៅជាងផ្សារ២នាក់ និងហៅរថយន្តស្ទូចមួយគ្រឿងដែលមានគ្នា២នាក់ទៀត។ បន្ទាប់មក លោក ញ៉ែម គឿន បានជិះម៉ូតូទៅទិញដែកសម្រាប់ផ្សារ ប៉ុន្តែពេលជិះត្រឡប់មកវិញ មានគេទូរស័ព្ទប្រាប់ថា រនាំងកាត់ទទឹងផ្លូវបានធ្លាក់ត្រូវបុរសម្នាក់ស្លាប់៕
Tag:
ជាតិ
សង្គម
បាក់រនាំងដែក
© រក្សាសិទ្ធិដោយ thmeythmey.com