ជាតិ
ក្រសួងការងារ ជំរុញឲ្យលើកកម្ពស់ផលិតភាពការងារ ដោយភាពឆ្លាតវៃនិងប្រសិទ្ធភាព រដ្ឋលេខាធិការក្រសួងការងារកំពុងថ្លែងក្នុងពិព័រណ៍ការងារនិងផលិតភាពឆ្នាំ២០១៩ ( រូបភាពពីក្រសួងការងារ )
× លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំរុញឲ្យលើកកម្ពស់ផលិតភាពការងារ ប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រកួតប្រជែងកំណើនសេដ្ឋកិច្ចនិងកែលម្អគុណភាពការងារ។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងការងារនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រសួងកាងារ អង្គការអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) អង្គការការងារអន្តរជាតិ (ILO) និង សមាគមរោងចក្រកាត់ដេរ បានរៀបចំកម្មវិធីសន្និសីទស្ដីពី «យុទ្ធសាសាស្ត្រផលិតភាពសម្រាប់កម្ពុជា៖ ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២ដល់ទី៣ ខែវិច្ឆិកានេះ។ កម្មវិធីនេះ រៀបចំឡើងដើម្បីចែករំលែកចំណេះដឹង ឯកទេសបទពិសោធន៍នៃការអនុវត្តជោគជ័យ និងបណ្ដុះផ្នត់គំនិតឥរិយាបថនិងវប្បធម៌លើកកម្ពស់ផលិភាពការងារ។ លោក ពេជ សោភ័ន បានលើកឡើងក្នុងកម្មវិធីថា «ផលិតភាពគឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព...។ លើសពីនេះ យើងត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ...»។
ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់ផលិតភាព លោក រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា ត្រូវលើកទឹកចិត្តដល់បុគ្គលិកឲ្យចូលរួមលក្ខខណ្ឌការងារល្អ និងចូលរួមសកម្មដោយអ្នកគ្រប់គ្រង។ លើសពីនេះ ត្រូវប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើការកាន់តែឆ្លាតវៃ។
រដ្ឋលេខាធិការក្រសួងការងារ បានលើកពីការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលរួមបញ្ចូលគ្នានូវដំណោះស្រាយគ្រប់ជ្រុងជ្រោយ សំដៅជំរុញការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិពីការពឹងផ្អែកលើកំណើនជំរុញដោយកត្តាផលិតកម្មទៅពឹងផ្អែកលើផលិតភាពនិងការបង្កើតតម្លៃបន្ថែម។
លោក បន្ថែមថា ការធ្វើបែបនេះ គឺសំដៅពង្រឹងភាពប្រកួតប្រជែង បន្តធានាបានកំណើនខ្ពស់ បង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាពនិងបរិយាប័ន្ន និងឈានទៅសម្រេចបាននូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕
Tag:
ជាតិ
ភ្នំពេញ
ផលិភាពការងារ
© រក្សាសិទ្ធិដោយ thmeythmey.com