ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កាហ្វេ​ចិញ្ចើមផ្លូវ​ផ្តើម​ពង្រឹងគុណភាព ស្របពេល​យីហោ​ល្បីៗ​សម្រុកចូល​ទីផ្សារ​កម្ពុជា
03, Nov 2019 , 6:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា កាហ្វេ​តាម​ចិញ្ចើមផ្លូវ បាន​ផ្តើម​ពង្រឹងគុណភាព​ជា​បណ្តើរៗ ហើយ តាមរយៈ​ការទិញ​ម៉ាស៊ីន​ឆុង​កាហ្វេ​ទំនើប ទិញ​គ្រាប់​កាហ្វេ​ដែលមាន​គុណភាព ព្រមទាំង​បង្កើន​ចំនួន​បុគ្គលិក ដើម្បី​បម្រើសេវា​កម្ម​រហ័ស​ទាន់​ចិត្ត​ជាដើម​។ កាហ្វេ​ចិញ្ចើមផ្លូវ​ជាច្រើន មាន​គុណភាព​ស្រដៀង​នឹង​គុណភាព​កាហ្វេ​យីហោ​ល្បីៗ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ គ្រាន់តែ​មិនមាន​កន្លែង​អង្គុយ​ស្រួលបួល ដូច​ហាង​ប្រ៊េ​នៗ​ទាំងនោះ​។



​បន្ទាប់ពី​ហាង​កាហ្វេ​យីហោ​ល្បីៗ​វាយលុក​ទីផ្សារ​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំមុន បានធ្វើ​ឲ្យ​កាហ្វេ​តាម​ចិញ្ចើមផ្លូវ​ជាច្រើន នាំគ្នា​បិទទ្វារ​ជា​បន្តបន្ទាប់​។ ការ​ថមថយ​ចំនួន​តូប​កាហ្វេ​តាម​ចិញ្ចើមផ្លូវ ក៏​ព្រោះតែ​អ្នក​និយម​កាហ្វេ​ជាច្រើន ផ្តើម​លែង​ជឿទុកចិត្ត​កាហ្វេ​តាម​ចិញ្ចើមផ្លូវ ចំពោះ​គុណភាព និង​អនាម័យ​។ ប៉ុន្តែ​នៅ​មួយរយៈ​ពេល​ចុង​ក្រោយនេះ កាហ្វេ​តាម​ចិញ្ចើម​មួយចំនួន ផ្តើម​ពង្រឹងគុណភាព និង​សេវាកម្ម​របស់ខ្លួន ដោយបាន​ទិញ​ម៉ាស៊ីន​ឆុង​កាហ្វេ​ទំនើបៗ និង​បាន​វេច​ខ្ទប់​ប្រកបដោយ​អនាម័យ រហូត​បាន​ទាក់ទាញ​អតិថិជន​មកជា​វ​ជា​ហូរហែ​។

​លោក ម៉ៅ ធា​រុណ វ័យ​២៦ ជា​អ្នកគ្រប់គ្រង​ហាង​កាហ្វេ​មួយ​យីហោ Racer ស្ថិតនៅ​ផ្លូវ​១៥៥ ម្តុំ​ផ្សារ​ទួល​ទំពូង បាន​ឲ្យ​ដឹងថា បើ​ទោះ​កាហ្វេ​របស់លោក​មាន​កន្លែង​អង្គុយ​តូចចង្អៀត និង​មិនមាន​ម៉ាស៊ីនត្រជាក់​ដូច​ហាង​ធំៗ​មែន តែ​រសជាតិ​កាហ្វេ និង​ប្រភព​កាហ្វេ​ដែល​ខ្លួន​បាន​សម្រិតសម្រាំង មិន​ចាញ់​កាហ្វេ​ប្រ៊េ​ន​ល្បីៗ នៅក្នុង​ក្រុងភ្នំពេញ​ឡើយ​។​



​លោក ម៉ៅ ធា​រុណ ដែលមាន​បទពិសោធ​ឆុង​កាហ្វេ​៨​ឆ្នាំ នៅតាម​សណ្ឋាគារ និង​ហាង​កាហ្វេ​ធំៗ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​វត្ថុធាតុដើម​កាហ្វេ​រប​ស់​យើង យើង​យក​ពី​៣​ប្រទេស គឺ​វៀតណាម ឡាវ និង​ថៃ​។ តម្លៃ​យើង​លក់​សមរម្យ សុខចិត្ត​យកចំណេញ​តិច ដើម្បី​មាន​អតិថិជន​ច្រើន​។ ហាង​ធំៗ គេ​ជួល​កន្លែង​ថ្លៃ ទឹក​ភ្លើង​ថ្លៃ បុគ្គលិក​ថ្លៃ ដូច្នេះ​តម្លៃ​គេ​ក៏​ថ្លៃ​តាម​ហ្នឹង​ដែរ​។ តែ​យើង​កន្លែង​តូច យើង​មិនសូវ​វិនិយោគ​លើ​ទីតាំង យើង​លៃ​យ៉ាងម៉េច​ឲ្យ​យើង​ដើរ​ទៅរួច​។ ឧទាហរណ៍​ថា  Ice Latte កែវ​តូច​មានតម្លៃ​៦​ពាន់​រៀល កែវ​ធំ​៧​ពាន់​រៀល តែបើ​ហាង​ធំៗ​គេ​អាចមាន​តម្លៃ​ចន្លោះ​២.៧​ដុល្លារ​ទៅ​៣​ឬ​៤​ដុល្លារ តែ​គុណភាព វា​សឹងតែ​ដូចគ្នា​។ តាមពិត​យើង​មិន​ប្រកួតប្រជែង​ជាមួយ​ហាង​ធំៗ​នោះទេ ព្រោះ​យើង​មាន​គោលដៅ​អតិថិជន​ផ្សេងគ្នា​។ គេ​ផ្តោតលើ​អ្នក​អង្គុយ​ធ្វើការ យើង​វិញ យើង​ផ្តោតលើ​អតិថិជន​ដែល​ខ្ចប់​ទៅ​កន្លែងធ្វើការ តែបើ​អតិថិជន​ចង់​អង្គុយ​យើង​មាន​កន្លែង​មួយ​សមរម្យ​ដែរ​»​។​

​លោក ផា បូ​រិ​ន វ័យ​២០​ឆ្នាំ ជា​អតិថិជន​របស់​កាហ្វេ Racer បាន​ឲ្យ​ដឹងថា លោក​បាន​សាក​កាហ្វេ​តាម​ចិញ្ចើមផ្លូវ​ជាច្រើន ប៉ុន្តែ​លោក​ទើបតែ​បាន​ភ្លក់​រសជាតិ​កាហ្វេ Racer​បាន​២​ខែ​ហើយក៏​ជាប់ចិត្ត​រសជាតិ​នៅទីនេះ​។ បើតាម​អ្នក​និយម​កាហ្វេ​រូបនេះ លោក​មិន​ត្រូវការ​កន្លែង​អង្គុយ​ទំនើប​អ្វី​ឡើយ លោក​គ្រាន់តែ​ចង់​ផឹក​កាហ្វេ​រសជាតិ​ឆ្ងាញ់ និង​តម្លៃ​សមរម្យ​ប៉ុណ្ណោះ​។



​លោក​និយាយ​ដូច្នេះ​ថា​៖ «​កាហ្វេ​ប្រ៊េ​ន តម្លៃ​វា​ថ្លៃ តែ​កាហ្វេ​តាមផ្លូវ យើង​ចំណាយ​តិច ព្រោះ​កាហ្វេ​ប្រ៊េ​ន​មួយ​កែវ យើង​អាច​ទិញ​កាហ្វេ​នេះ​បាន​២​កែវ ហើយ​គុណភាព​វា​ប្រហាក់ប្រហែលគ្នា​។ យើង​មក​ញ៉ាំ​ទីនេះ ចំណេញ​ថវិកា​។ កាល​មុន យើង​ផឹក​កាហ្វេ​រទេះ​មួយថង់​២៥០០​រៀល តែ​ឥឡូវ​គេ​មាន​ម៉ាស៊ីន និង​ទីតាំង​ត្រឹមត្រូវ​។ កាហ្វេ​ឆុង​ម៉ាស៊ីន វា​មាន​ក្លិន យើង​ហូប​ទៅ ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ »​។

​សារព័ត៌មាន​ថ្មីៗ បាន​សង្កេតឃើញថា គ្រាន់តែ​ផ្លូវ​១៥៥ (​កំណាត់​ផ្លូវ​ចេញពី​ផ្សារ​ទួល​ទំពូង​ឆ្ពោះទៅ​វិទ្យាល័យ ហ៊ុន សែន ផ្សារ​ដើមថ្កូវ​) មាន​កាហ្វេ​យីហោ​ល្បីៗ​ទាំង​បរទេស និង​ខ្មែរ​ព្រោងព្រាត​បាន​បើក​នៅ​ផ្លូវ​នេះ ដូចជា ហាង​កាហ្វេ Amazon, Starbucks, Koi, Brown, Mobile,​កាហ្វេ​ស៊ីក្លូ​… និង​កាហ្វេ​តាម​ចិញ្ចើមផ្លូវ​ជាច្រើន​ទៀត​។​

​ទោះបី​មានកា​ហ្វ​យីហោ​ធំៗ​ចូលមក​បោះទុន​រកស៊ី​នៅ​កម្ពុជា​ច្រើនសន្ធឹក​សន្ធាប់​យ៉ាងណាក្តី តែ​សម្រាប់​លោក ម៉ៅ ធា​រុណ លោក​មាន​ភាពច្បាស់លាស់​លើ​អាជីព​លក់​កាហ្វេ​នេះ ដ្បិត​លោក​មានបទពិសោធន៍​ធ្វើការ និង​ទទួលបាន​ការបណ្តុះបណ្តាល​ពី​កន្លែង​ការងារ​ល្បីៗ​ដែរ​។ បើតាម​បុរស​សម្បុរ​សណ្តែកបាយ​រូបនេះ លោក​បាន​ផ្តើម​ការងារ​លក់​កាហ្វេ​តាម​រទេះ ដែលមាន​ម៉ាស៊ីន​ទំនើប​នៅ​ឆ្នាំ​២០១៦​។ ការរីកចម្រើន​ជា​បន្តបន្ទាប់ ទើប​លោក​បើក​តូប​កាហ្វេ​នេះ​ឡើង​ដោយ​ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម​។ នៅក្នុង​មួយថ្ងៃ លោក​អាច​លក់ដាច់​ជា​មធ្យម​ពី​១០០ ទៅ​១៥០​កែវ​។ 

​ដូចគ្នា​ដែរ លោក សែន ភារ​ម្យ ម្ចាស់​តូប​កាហ្វេ​តាម​ចិញ្ចើមផ្លូវ​យីហោ «​ឈៀង​ម៉ៃ​កាហ្វេ​» ស្ថិត​ចិញ្ចើមផ្លូវ​៤៧៤ នៅ​ម្តុំ​បឹងត្របែក បាន​អះអាងថា លោក​មិនមាន​ការភ័យខ្លាច ក្នុង​ការបើក​អាជីវកម្ម​កាហ្វេ​នេះ​ទេ ព្រោះ​លោក​មាន​បទពិសោធ​ឆុង​កាហ្វេ នៅ​ហាង​យីហោ​ល្បីឈ្មោះ​មួយ​នៅ​ភ្នំពេញ​រយៈ​៨​ឆ្នាំ​មកហើយ​។



​មាន​វ័យ​២៧​ឆ្នាំ សក់រួញ ភារ​ម្យ បាន​រៀប​រាប់ទាំង​សម្តី​មួយៗ​ថា​៖ «​ចង់​រកស៊ី​កាហ្វេ មិនមែន​នឹកឃើញ​ភ្លាម ចាប់ផ្តើមបាន​ភ្លាមនោះ ព្រោះ​តម្រូវ​ឲ្យ​យើង​មាន​ជំនាញ និង​ស្គា​ល់ពី​អាជីវកម្ម​នេះ​ច្បាស់លាស់ ទើប​អាច​ទទួលបាន​ជោគជ័យ​។ បច្ចុប្បន្ន មនុស្ស​មិន​ផឹក​កាហ្វេ ដើម្បី​មើល​ភាពយន្ត​ដូច​មុន​នោះទេ តែ​គេ​ត្រូវការ​កាហ្វេ​ដែលមាន​រសជាតិ​ឆ្ងាញ់ គុណភាព​ខ្ពស់ និង​មាន     អនាម័យ ព្រោះ​គេ​ផ្តើម​គិតគូរ​ពី​សុខភាព​»​។​

​តាមពិតទៅ ឈៀង​ម៉ៃ​កាហ្វេ​ទើប​ដំណើរការបាន​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ ភា​រម្យ​មាន​អតិថិជន​គាំទ្រ​ជាច្រើន ដោយ​ក្នុង​មួយថ្ងៃ លោក​អាច​លក់បាន​ចន្លោះ​ពី​៥០ កែវ​ទៅ​៧០​កែវ​។ បើតាម​បុរស​សម្បុរ​ខ្មៅស្រស់​រូបនេះ ក្រៅពី​ស្ទាត់ជំនាញ​ឆុង​កាហ្វេ មូល​ហេតុដែល​អតិថិជន​គាំទ្រ​នោះ គឺ​លោក​បាន​ទិញ​គ្រាប់​កាហ្វេ​ល្អៗ ពី​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ និង​ប្រើ​ស្ករត្នោត​កំពង់ស្ពឺ ដែល​ធ្វើ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក ព្រមទាំង​លក់​ក្នុងតម្លៃ​សមរម្យ​។



​ក្រៅពី​លក់​កាហ្វេ ការប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អតិថិជន និង​ស្វែងយល់​ពី​អារម្មណ៍​របស់​អតិថិជន ក៏​ជា​ចំណុច​ដែល​ធ្វើ​ដែល​ភារ​ម្យ តែងតែ​យកមក​ធ្វើជា​យុទ្ធសាស្ត្រ​ទីផ្សារ ដើម្បី​ទទួលបាន​ការគាំទ្រ​ផងដែរ​។

​ទាំង​លោក ម៉ៅ ធា​រុណ និង​លោក សែន ភារ​ម្យ បាន​ផ្ញើ​សារ​ដល់​យុវជន​ថា មុន​សម្រេចចិត្ត​បើក​អាជីវកម្ម ត្រូវតែមាន​ផែនការ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន មិន​បើក​រកស៊ី​តាម​ការនឹកឃើញ​នោះទេ​។ បើតាម​អ្នក​ទាំងពីរ​ខាងលើ ការរកស៊ី​ដំបូងៗ យុវជន​គួរតែ​រកមុខ​របរ​ណា​ដែល​ខ្លួន​មាន​ជំនាញ និង​ស្រឡាញ់​ចូលចិត្ត ទើប​របរ​នោះ​អាច​ទទួលបាន​ជោគជ័យ​៕        





Tag:
 កាហ្វេ​
 ​ចិញ្ចឹម​ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com