អន្តរជាតិ
ម៉ាឡេស៊ី ដាក់​វិស័យ «​ទេសចរណ៍​សុខភាព​២០២០» ជា​គោលដៅ​សំខាន់ សម្រាប់​កំណើនសេដ្ឋកិច្ច​
03, Nov 2019 , 4:29 pm        
រូបភាព
​កូ​ឡា​ឡាំ​ពួ​, ម៉ាឡេស៊ី​៖ បន្ទាប់ពី​ទទួលបាន​ចំណាត់ថ្នាក់​ល្អប្រសើរ​លើ​ពិភពលោក ផ្នែក​ថែទាំ​សុខភាព (Healthcare) កាលពីដើមឆ្នាំ​២០១៨ ប្រទេស​ម៉ាឡេស៊ី បានដាក់​វិស័យ «​ទេសចរណ៍​សុខភាព​» គឺជា​កូនសោ​មួយ​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី​។ វិស័យ​ថែទាំ​សុខភាព និង​វេជ្ជសាស្ត្រ​របស់​ម៉ាឡេស៊ី រំពឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​វេជ្ជសាស្ត្រ​ចំនួន​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ រដ្ឋាភិបាល ម៉ាឡេស៊ី បាន​សម្ពោធ​ជា​ផ្លូវការ​យុទ្ធនាការ «​ទេសចរណ៍​សុខភាព ២០២០» ហៅ​កាត់​ថា MyTH2០2០ ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី (Malaysia Healthcare Travel Council) ជា​ផ្លូវការ​នា​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​។
 
​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ម៉ាឡេស៊ី លោក Datuk Amiruddin បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា​យុទ្ធនាការ MyTH2០2០ នឹង​ទទួលបាន​សន្ទុះ​អ្នកធ្វើដំណើរ​មកកាន់​ប្រទេស​ម៉ាឡេស៊ី​កាន់តែច្រើន​។ យើង រំពឹងថា​នឹងមាន​អ្នកធ្វើដំណើរ​ថែទាំ​សុខភាព​ចំនួន​២​លាន​នាក់ ដោយ​នាំមក​នូវ​ចំណូល​ជាង​៥០០​លាន​ដុល្លារ (២,២​ពាន់​លាន​រីង​ហ្គី​ត​) និង​ចូលរួម​វិភាគទាន​ជិត​២​ពាន់​លាន​ដុល្លារ (៨​ពាន់​លាន​រីង​ហ្គី​ដ​) ដល់​ផលិតផល​ក្នុងស្រុក​សរុប (GDP)»​។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី លោក Datuk Amiruddin ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពី MyTH2020 សម្ពោធជាផ្លូវការ។
​លោក Datuk Amiruddin បាន​បញ្ជាក់ថា អត្រាកំណើន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​នៃ​វិស័យ​សុខាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​កើនឡើង​១៧​ភាគរយ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨​។ ការធ្វើដំណើរ​ថែទាំ​សុខភាព​មាន​ចំនួន ៧,៦​ភាគរយ​នៃ​ប្រាក់ចំណូល​ទេសចរណ៍​សរុប​របស់​ម៉ាឡេស៊ី​។ ទេសចរណ៍​សុខភាព​២០២០ នឹង​បន្ត​បង្កើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី ជាពិសេស វិស័យ​ទេសចរណ៍ និង​សុខភាព របស់​ប្រទេស​ម៉ាឡេស៊ី​។

​ក្នុង​កម្មវិធី​បើកសម្ពោធ​ជា​ផ្លូវការ MyTH2០2០ អ្នកស្រី Sherene Azli នាយក​ប្រតិបត្តិ MHCT បាន​ពណ៌នា​ពី​ប្រទេស​ម៉ាឡេស៊ី​ថា​ជា «​ភាព​អស្ចារ្យ​នៃ​ការថែរក្សា​សុខភាព​» ដ្បិតថា វា​បានផ្តល់​បទពិសោធន៍​ដល់​អ្នកជំងឺ ល្អ​ប្លែក តាមរយៈ​ការរួមបញ្ចូល​គ្នា​នៃ​សេវាកម្ម​ថែទាំ​សុខភាព​ដែល​ទទួលបាន​ពានរង្វាន់​លើ​ពិភពលោក រួម​ជាមួយនឹង​កេរ្តិ៍ឈ្មោះ​ដ៏​យូរអង្វែង​របស់​ប្រទេស​ម៉ាឡេស៊ី​។


អ្នកស្រី Sherene Azli នាយកប្រតិបត្តិ MHTC ឡើងថ្លែងសុន្ទរកថា បើកកម្មវិធី MyTH2020 ជាផ្លូវការ កាលពីថ្ងៃទី ៣១ ខែ តុលា ២០១៩។
​អ្នកស្រី Sherene Ayli បានបញ្ជាក់​ថា​ជា​៖«​ទេសចរណ៍​សុខភាព​២០២០ គឺជា​ទិសដៅ​ធ្វើដំណើរ​កម្សាន្ត​សម្រាប់​ថ្ងៃ​ឈប់សម្រាក ដើម្បី​ពិនិត្យ​សុខភាព ដ៏​ពេញនិយម​របស់​ភ្ញៀវ​អន្តរជាតិ​។ យើង​ចាត់ទុក ទេសចរណ៍​សុខភាព​២០២០ ជា មាន​អស្ចារ្យ​នៃ​ការថែទាំ​សុខភាព (Healthcare Mavel)»​។ 


ប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច, សុខាភិបាល, ទេសចរណ៍ និងមន្ត្រី MHTC  ចូលរួមកម្មវិធីសម្ពោធជាផ្លូវការ MyTH2020។

​បើតាម​របាយការណ៍​ផ្លូវការ​របស់​ក្រុមប្រឹក្សា​ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី (MHTC) បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១១ ភ្ញៀវទេសចរ​ធ្វើដំណើរ​មក​ពិនិត្យ​សុខភាព​សរុប​ចំនួន ៦៤៣ ០០០​នាក់ ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរណ៍​ដែល​មក​ពិនិត្យ​សុខភាព​ដដែល មាន​ចំនួន ១, ២​លាន​នាក់​។ ភ្ញៀវទេសចរ ដែល​បានធ្វើ​ដំណើរ​ទៅពិនិត្យ​សុខភាព​នៅ​ប្រទេស​ម៉ាឡេស៊ី មានដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី អង់គ្លេស ចិន ឥណ្ឌា អូស្ត្រាលី ហ្វីលីពីន និង​បណ្ដា​ប្រទេស​មួយចំនួនទៀត​។


លោក Datuk Amiruddin និងអ្នកស្រី Sherene Azli បង្ហាញសៀវភៅនិយាយអំពីវិស័យទេសចរណ៍សុខភាព២០២០ ក្រោយបិទសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣១ តុលា ២០១៩។
​ប្រទេស​ម៉ាឡេស៊ី មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រមាណ ៣០​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ដែល​នឹង​ផ្ដល់​ចំណូល​ជាង​២៤​ពាន់​លាន​ដុល្លារ (១០០​ពាន់​លាន​រីង​ហ្គី​ដ​) ដល់​ប្រទេស​ម៉ាឡេស៊ី​។ យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដោយ​សហការ​ជាមួយ​វិស័យ​សុខាភិបាល ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​ម៉ាឡេស៊ី​។



​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាង ២៥​លាន​នាក់ និង​បាន​ចំណូល​សុ​រប​ចំនួន​២០​ពាន់​លាន​ដុល្លារ (៨៤​ពាន់​លាន​រីង​ហ្គី​ដ​) កើនឡើង​ចំនួន​២,៨​ភាគរយ ធៀប​ទៅនឹង​ឆ្នាំ​២០១៧៕






Tag:
 អន្តរជាតិ​
  ម៉ាឡេស៊ី​
  MyTH2០2០
© រក្សាសិទ្ធិដោយ thmeythmey.com