ជាតិ
២៥ខេត្ត/រាជធានី
តើលើភ្នំគូលែន មានតំបន់ទេសចរណ៍ទាក់ទាញអ្វីខ្លះ? រូបភាពពីអាជ្ញាធរជាតិអប្សរា
× ភ្នំគូលែន, សៀមរាប៖ ភ្នំគូលែន មិនត្រឹមជារមណីយដ្ឋានបែបធម្មជាតិនោះទេ តែជារមណីយដ្ឋានបែបវប្បធម៌ និងប្រវត្តិសាស្ត្រសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភ្នំគូលែនដែលមានចម្ងាយ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប មានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនដូចជា ទឹកធ្លាក់, ព្រះអង្គធំ, ពើង, ស្ទឹងលិង្គមួយពាន់, ស្រះដំរី និងប្រាសាទធ្វើអំពីឥដ្ឋមួយចំនួន។
ក្នុងដំណើរបេសកកម្មលើកទី៥ នៃកម្មវិធី « Mercedes-Benz និងកំណប់អាថ៌កំបាំង» លោក ងិន សារុន បុរាណវិទូ និងជាប្រធានក្រុមការងារនៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់ភ្នំគូលែន បានរៀបរាប់តំបន់ទេសចរណ៍គោលដៅយ៉ាងដូច្នេះ៖ «ព្រះអង្គធំ,ទឹកធ្លាក់, ស្ទឹងលិង្គមួយពាន់ ជាកន្លែងដែលពេញនិយមសម្រាប់ភ្ញៀវទេសចរជាត និងអន្តរជាតិ។ ហើយតំបន់ដែលចូលទស្សនាតាមប្រាសាទរួមមាន ស្រះដំរី, អារាមរងចិន, ប្រាសាទគគីរ និងប្រាសាទផ្សេងៗទៀត ភ្ញៀវទេសចរមួយចំនួនមិនទាន់បានចូលទៅដល់ទេ»។ បើតាមលោក ងិន សារុន តំបន់ដែលគួរជាទីគយគន់តាមជើងភ្នំគូលែន គឺពើងបែបធម្មជាតិ ពើងតារ័ត្ន, ពើងជ្រួញ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ជាមួយលោក ងិន សារុន បុរាណវិទូ និងជាប្រធានក្រុមការងារនៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់ភ្នំគូលែនដូចតទៅ៖
ភ្នំគូលែន មានទឹកធ្លាក់ដ៏ត្រជាក់ដែលនៅក្បែរព្រះអង្គធំ ជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ទៅងូតកម្សាន្ត។ លើសពីនេះ លើភ្នំគូលែន ក៏មានប្រាសាទដែលមានប្រវត្តិដ៏អស្ចារ្យ រួមទាំងពើងធម្មជាតិផងដែរ។ លោក ងិន សារុន បញ្ជាក់ថា ក្នុងតំបន់ទេសចរណ៍នៅលើភ្នំគូលែនពីមួយកន្លែងទៅមួយកន្លែង មានចម្ងាយចន្លោះពី៥ ទៅ១០គីឡូម៉ែត្រ។
ក្រុមការងារ Mercedes-Benz និងកំណប់អាថ៌កំបាំង នារាជធានីបុរាណលើភ្នំគូលែន
បើតាមលោក ងិន សារុន នៅលើភ្នំគូលែន មានប្រាសាទចំនួន ៤២ ប៉ុន្តែបើសរុបទាំងបុរាណដ្ឋាន ប្រាសាទ និងពើង មានប្រមាណជាង៤០០។ ភ្នំគូលែនដែលមានផ្ទៃដី៤០គីឡូម៉ែត្រ និងមានចម្ងាយ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប មានប្រជាពលរដ្ឋរស់នៅចំនួន ៤ពាន់គ្រួសារ ក្នុងភូមិចំនួន ៩ នាឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រៅពីតំបន់ទេសចរណ៍ទាក់ទាញ នៅលើភ្នំគូលែនក៏បានផ្ដល់សេវាស្នាក់នៅនាពេលរាត្រីផងដែរ ដែលភ្ញៀវទេសចរអាចស្នាក់នៅដោយបោះតង់ និងស្នាក់នៅក្នុងផ្ទះស្នាក់របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ភ្នំគូលែន មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីស្រុកស្វាយលើ ចុះទៅប្រាសាទបន្ទាយស្រី, ប្រាសាទបឹងមាលា និងមានផ្លូវតភ្ជាប់ទៅប្រាសាទកោះកេរ្តិ៍ ខេត្តសៀមរាបផងដែរ។
លោក ងិន សារុន បុរាណវិទូ និងជាប្រធានក្រុមការងារនៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់ភ្នំគូលែន
សូមបញ្ជាក់ថា បេសកកម្មចំនួន៤លើកកន្លងមក ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានទៅស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ។ តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ, សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច នៅខេត្តរតនគិរី និង«សហគមន៍អេកូទេសចរណ៍ជីផាត» នៃខេត្តកោះកុង។
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និងគាំទ្រដោយក្រសួងទេសចរណ៍។ កម្មវិធីនេះ បង្កើតឡើងដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលគេមិនសូវស្គាល់ ឬតំបន់ទេសចរណ៍សក្តានុពលដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
Tag:
Mercedes-Benz និងកំណប់អាថ៌កំបាំង
ភ្នំគូលែន
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com