ផែនទី​ប្រទេស​កម្ពុជា ត្រូវបាន​និស្សិត​២​នាក់​ឆ្លាក់​ស្រោប​រូប​ហនុមាន​ដែល​ប្រើ​ក្នុង​ល្ខោន​ស្រមោល​ស្បែក​ធំ
ជាតិ
ផែនទី​ប្រទេស​កម្ពុជា ត្រូវបាន​និស្សិត​២​នាក់​ឆ្លាក់​ស្រោប​រូប​ហនុមាន​ដែល​ប្រើ​ក្នុង​ល្ខោន​ស្រមោល​ស្បែក​ធំ
04, Nov 2019 , 9:29 am        
រូបភាព
 រូប​ចម្លាក់​ល្ខោន​ស្បែក​​ធំ​ឆ្លាក់​ដោយ​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាឯក​ទេស​ចម្លាក់​ តាំង​ក្នុងបរិវេណ​សាលា​រចនា
រូប​ចម្លាក់​ល្ខោន​ស្បែក​​ធំ​ឆ្លាក់​ដោយ​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាឯក​ទេស​ចម្លាក់​ តាំង​ក្នុងបរិវេណ​សាលា​រចនា
​ភ្នំពេញ​៖ និស្សិត​មហាវិទ្យាល័យ​សូន​រូប ឯកទេស​ចម្លាក់ ២​នាក់ ឈ្មោះ សុខ ដា​រ៉ា និង​ផាន់ លី​ហួន បានរួម​គ្នា​ឆ្លាក់​រូប​ផែនទី​ប្រទេស​កម្ពុជា នៅលើ​ស្បែក​ធំ ដើម្បី​បញ្ចប់​សា​រណា​ថ្នាក់​បរិ​ញ្ញា​របស់ខ្លួន​។ ពួកគេ​បានការ​ពារ​សា​រណា​ស្នាដៃ​ចម្លាក់​ស្បែក​របស់ខ្លួន ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​១៦ ខែតុលា​។



​លោក សុខ ដា​រ៉ា កន្លងទៅ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​ពួកគេ ជ្រើសរើស​ឆ្លាក់​ផែនទី​ប្រទេស​កម្ពុជា​នៅលើ​ស្បែក​ធំ ព្រោះ​ចង់​បញ្ជាក់​ពី​អត្តសញ្ញាណ​ល្ខោន​ស្រមោល​ស្បែក ថា​ជា​របស់​កម្ពុជា​។ ម្យ៉ាងទៀត​ពួកគេ​យល់ថា​ល្ខោន​ស្រមោល​ស្បែក​ធំ ហាក់​ត្រូវបាន​គេ​មើលរំលង ហើយ​ការផ្សព្វផ្សាយ​នៅមានកម្រិត ដូច្នេះ​ចម្លាក់​នេះ អាចជា​ការរួមចំណែក​ផ្សព្វផ្សាយ​មួយ​ដែរ​។



​បុរស​មាឌ​មាំ សង់​ពី​ស៊ីម៉ងត៍ ឈរ​កាន់​ផ្ទាំង​ស្បែក​ធំ​ពណ៌​មាស ដែលមាន​រូប​ហនុមាន​នៅ​ខាងក្នុង​ផែនទី​ប្រទេស​កម្ពុជា បានបង្ហាញ​កាយវិការ​នៃ​ក្បាច់​សម្ដែង​ក្នុង​ល្ខោន​ស្រមោល​ស្បែក​ធំ​។ នេះ​គឺ​ផ្ទាំង​ស្បែក​ធំ​ដែល​ជាងចម្លាក់​បាន​ឆ្លាក់​យ៉ាង​ផ្ចិតផ្ចង់​បំផុត​។ ម្ចាស់​ស្នាដៃ មានបំណង​ប្រាប់​អ្នកទស្សនា​ថា ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​របស់​កម្ពុជា ដ្បិតអី​នៅ​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក ក៏មាន​ល្ខោន​ស្រមោល​ស្បែក​ដែរ​។​

​ជាងចម្លាក់​លោក សុខ ដា​រ៉ា បានបញ្ជាក់​បន្ថែម​ដូច្នេះ​៖«​ការផ្សព្វផ្សាយ​នៅមានកម្រិត​មែនទែន​។ ខ្ញុំ​បាន​ទៅ​មើល​ការសម្ដែង​នៅ​សមាគម​សុវណ្ណ​ភូមិ ថ្ងៃ​ខ្លះ​មាន​អ្នក​ទៅ​មើល​២​នាក់ ថ្ងៃ​ខ្លះ​មានតែ​បរទេស​ទៅ​មើល​។ តម្លៃ​សំបុត្រ​មិន​ថ្ងៃ​ទេ ប៉ុន្តែ​គេ​ដូច​មិន​ចាប់អារម្មណ៍​តែម្ដង​។ ល្ខោន​ស្រមោល​ស្បែក​ដែល​តាំងនៅ​ទីនេះ អាចជួយ​ផ្សព្វផ្សាយ​ដល់​សិស្ស​និស្សិត ជនបរទេស ព្រមទាំង​អ្នក​ដែល​ចូលមក​ទស្សនា​នៅ​សាលា​នេះ​។ ល្ខោនស្បែក​ក៏មាន​នៅ​ប្រទេស​ឥណ្ឌា និង​នៅ​ប្រទេស​មួយចំនួនទៀត​ដែរ ទើបបានជា​ខ្ញុំ​ឆ្លាក់​រូប​ផែនទី​ប្រទេស​កម្ពុជា ដើម្បី​បញ្ជាក់ថា​ល្ខោន​ស្រមោល​នេះ​នៅ​កម្ពុជា​»​។​

​សូមបញ្ជាក់ថា ល្ខោន​ស្រមោល​ស្បែក​ធំ បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៃ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០០៥៕


Tag:
 ល្ខោន​
  ស្បែក​ធំ​
 ​សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com