ចាន់ សុ​បញ្ញា ឈ្នះ X Factor Cambodia, សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់​ពាន​ដោយផ្ទាល់
ជាតិ
ចាន់ សុ​បញ្ញា ឈ្នះ X Factor Cambodia, សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់​ពាន​ដោយផ្ទាល់
03, Nov 2019 , 11:07 pm        
រូបភាព
ដោយ: ថ្មីៗ
ចាន់ សុ​បញ្ញា ក្លាយជា​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង X Factor Cambodia ដែល​រៀបចំ​ដោយ​ទូរទស្សន៍​ហង្ស​មាស នា​រាត្រី​ថ្ងៃអាទិត្យ ទី​៣ ខែវិច្ឆិកា នេះ នៅ​ចំពោះ​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ស្ត្រី​ទីមួយ​នៃ​កម្ពុជា ដែល​បាន​ទស្សនា​ដោយផ្ទាល់ និង​ប្រគល់​ពាន​ជា​លើកដំបូង​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ លោក​អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត ក៏បាន​ចូលរួម​ទស្សនា​ដោយផ្ទាល់​ផងដែរ​។ ម្ចាស់​ពានរង្វាន់​នៃ​កម្មវិធី​ចម្រៀង​នេះ ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១០០​លាន​រៀល និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀត​។​



​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ បេក្ខជន​ចុងក្រោយ​តែ​៤​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រជែង​គ្នា​យកពាន ដោយ​បី​រូប​ជា​កូនក្រុម​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ក្នុងនោះ​រួមមាន គង់ ចំរើន អាយុ​២៤​ឆ្នាំ​ពី​ខេត្តសៀមរាប​, ចាន់ សុ​បញ្ញា អាយុ​១៤​ឆ្នាំ​ពី​ខេត្តកំពង់ចាម​, សំ សុវណ្ណារ៉ា​ក់ អាយុ​២១​ឆ្នាំ​ពី​ខេត្តកំពត និង​កូនក្រុម​តែ​ម្នាក់​គត់​របស់​កញ្ញា សុខ សីឡា​លីន គឺ ចាន់ កូ​ម៉ែន អាយុ​២៩​ឆ្នាំ​ពី​ខេត្តកំពត ខណៈ​កូនក្រុម​របស់លោក ណុប បា​យ៉ា​រិ​ទ្ធ និង​លោក ខេមរៈ សិរីមន្ត បាន​ធ្លាក់​ជា​បន្តបន្ទាប់​។​

​ការបោះឆ្នោត​របស់​ទស្ស​និក​ជន​ធ្វើឡើង បន្ទាប់ពី​បេក្ខជន​ម្នាក់ៗ​បកស្រាយ​ចប់​ក្នុង​វគ្គ​នីមួយៗ គឺ​វគ្គ​បទ​មនោសញ្ចេតនា និង​វគ្គ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​។ លទ្ធផល​នៃ​ការបោះឆ្នោត បាន​បង្ហាញថា ចាន់ សុ​បញ្ញា ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង គង់ ចំរើន​, ចាន់ កូ​ម៉ែន និង​សំ សុវណ្ណារ៉ា​ក់​។​

​នៅ​វគ្គ​ដំបូង បេក្ខជន​តម្រូវ​ឲ្យ​បកស្រាយ​បទ​មនោសញ្ចេតនា​។ ចាន់ កូ​ម៉ែន បកស្រាយ​បទ «​ស្មោះ​បងអូន​ស្លាប់​អី​» របស់លោក ឆាយ វីរៈ​យុទ្ធ​។ គង់ ចំរើន អាយុ​២៤​ឆ្នាំ​ពី​ខេត្តសៀមរាប ច្រៀង​បទ «​អារ​ហាម​» របស់ នាយ ចឺម​។​ចាន់ សុ​បញ្ញា លើកយក​បទ «​ទុក​ឱកាស​អោយ​បង​ខ្លះ​បានទេ​»  របស់លោក ខេមរៈ សិរីមន្ត មុនពេល​ដែល សំ សុវណ្ណារ៉ា​ក់ បកស្រាយ​បទ «​បបូរមាត់​ចង្រៃ​» របស់លោក ឆាយ វីរៈ​យុទ្ធ​។​



​មុន​ប្រកាស​លទ្ធផល គណៈកម្មការ​ទាំង​៤ លោក ណុប បា​យ៉ា​រិ​ទ្ធ លោក ខេមរៈ សិរីមន្ត​, អ្នកនាង ឱក សុគន្ធ​កញ្ញា និង​កញ្ញា សុខ សីឡា​លីន បាន​បកស្រាយ​បទ​ដែលមាន​ចំណងជើង​ថា «​រយ​លាន​សង្ឃឹម​» រួមគ្នា​៕



© រក្សាសិទ្ធិដោយ thmeythmey.com