ជាតិ
ចាន់ សុបញ្ញា ឈ្នះ X Factor Cambodia, សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ពានដោយផ្ទាល់
× ចាន់ សុបញ្ញា ក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀង X Factor Cambodia ដែលរៀបចំដោយទូរទស្សន៍ហង្សមាស នារាត្រីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា នេះ នៅចំពោះសម្តេច ប៊ុន រ៉ានី ហ៊ុន សែន ស្ត្រីទីមួយនៃកម្ពុជា ដែលបានទស្សនាដោយផ្ទាល់ និងប្រគល់ពានជាលើកដំបូង។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ក៏បានចូលរួមទស្សនាដោយផ្ទាល់ផងដែរ។ ម្ចាស់ពានរង្វាន់នៃកម្មវិធីចម្រៀងនេះ ទទួលបានប្រាក់រង្វាន់ចំនួន១០០លានរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។
ឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជនចុងក្រោយតែ៤រូបប៉ុណ្ណោះដែលត្រូវប្រជែងគ្នាយកពាន ដោយបីរូបជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ក្នុងនោះរួមមាន គង់ ចំរើន អាយុ២៤ឆ្នាំពីខេត្តសៀមរាប, ចាន់ សុបញ្ញា អាយុ១៤ឆ្នាំពីខេត្តកំពង់ចាម, សំ សុវណ្ណារ៉ាក់ អាយុ២១ឆ្នាំពីខេត្តកំពត និងកូនក្រុមតែម្នាក់គត់របស់កញ្ញា សុខ សីឡាលីន គឺ ចាន់ កូម៉ែន អាយុ២៩ឆ្នាំពីខេត្តកំពត ខណៈកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ និងលោក ខេមរៈ សិរីមន្ត បានធ្លាក់ជាបន្តបន្ទាប់។
ការបោះឆ្នោតរបស់ទស្សនិកជនធ្វើឡើង បន្ទាប់ពីបេក្ខជនម្នាក់ៗបកស្រាយចប់ក្នុងវគ្គនីមួយៗ គឺវគ្គបទមនោសញ្ចេតនា និងវគ្គបទញាក់កន្ត្រាក់អារម្មណ៍។ លទ្ធផលនៃការបោះឆ្នោត បានបង្ហាញថា ចាន់ សុបញ្ញា ទទួលបានសំឡេងគាំទ្រច្រើនជាង គង់ ចំរើន, ចាន់ កូម៉ែន និងសំ សុវណ្ណារ៉ាក់។
នៅវគ្គដំបូង បេក្ខជនតម្រូវឲ្យបកស្រាយបទមនោសញ្ចេតនា។ ចាន់ កូម៉ែន បកស្រាយបទ «ស្មោះបងអូនស្លាប់អី» របស់លោក ឆាយ វីរៈយុទ្ធ។ គង់ ចំរើន អាយុ២៤ឆ្នាំពីខេត្តសៀមរាប ច្រៀងបទ «អារហាម» របស់ នាយ ចឺម។ចាន់ សុបញ្ញា លើកយកបទ «ទុកឱកាសអោយបងខ្លះបានទេ» របស់លោក ខេមរៈ សិរីមន្ត មុនពេលដែល សំ សុវណ្ណារ៉ាក់ បកស្រាយបទ «បបូរមាត់ចង្រៃ» របស់លោក ឆាយ វីរៈយុទ្ធ។
មុនប្រកាសលទ្ធផល គណៈកម្មការទាំង៤ លោក ណុប បាយ៉ារិទ្ធ លោក ខេមរៈ សិរីមន្ត, អ្នកនាង ឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីន បានបកស្រាយបទដែលមានចំណងជើងថា «រយលានសង្ឃឹម» រួមគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com