បញ្ហា​ខេត្ត​ព្រះសីហនុ ស្ថិតនៅក្នុង​ប្រធានបទ​ពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​-​ចិន
ជាតិ
សេដ្ឋកិច្ច
បញ្ហា​ខេត្ត​ព្រះសីហនុ ស្ថិតនៅក្នុង​ប្រធានបទ​ពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​-​ចិន
04, Nov 2019 , 10:20 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៩
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង បាន​លើកយក​បញ្ហា​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ យកទៅ​ពិភាក្សាគ្នា​នៅក្នុង​ជំនួប​ទ្វេភាគី​មួយ កាលពី​ថ្ងៃទី​៣ វិច្ឆិកា ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

 
​បញ្ហា​៣​ចំណុច ដែល​សម្ដេច ហ៊ុន សែន ស្នើ​ទៅ​ភាគី​ចិន​ឱ្យជួយ​ដោះស្រាយ​នោះ រួមមាន បញ្ហា​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ជាពិសេស​ជំនួយឥតសំណង​ដើម្បី​ជួយ​ដល់​ខេត្ត​មួយ​នេះ​, កិច្ចប្រជុំ​លើក​ទី​៥​គណៈកម្មាធិការ​នៃ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ដែល​គ្រោង​រៀបចំឡើង​នៅ​ខេត្ត​ព្រះសីហនុ មុន​បំណាច់​ឆ្នាំ​២០១៩, កិច្ចប្រជុំ​អនុតំបន់​ដែលមាន​យន្តការ​ពីរ ក្នុងនោះ​មាន​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​ឡាន​ឆាង និង​ទន្លេមេគង្គ ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ និង​កិច្ចប្រជុំ​កំពូល​អនុតំបន់​ទន្លេមេគង្គ ដែល​ត្រូវ​ប្រជុំ​នៅ​ឆ្នាំក្រោយ​។ បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ភាគី​កម្ពុជា និង​ចិន នឹង​សហការគ្នា​ដើម្បីឱ្យ​កិច្ចប្រជុំ​អនុតំបន់​នៅ​ឆ្នាំ​ក្រោយនេះ ទទួលបាន​ភាពល្អប្រសើ​រ តាមរយៈ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​។​
 
​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង បាន​ឯកភាព​និង​គាំទ្រ លើ​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​កម្ពុជា ។ រាល់​បញ្ហា​ថវិកា ជាពិសេស​ជំនួយឥតសំណង់​ដើម្បី​ជួយ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​នោះ ត្រូវបាន​លោក លី ខឺ​ឈាង សន្យា​យកទៅ​ពិភាក្សាគ្នា​បន្តទៀត​។ សារព័ត៌មាន​ចិន Xinhua បាន​ស្រង់​សម្តី​លោក លី នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នោះ យ៉ាង​ដូច្នេះ​ថា ៖«​ប្រទេស​ចិន​និង​កម្ពុជា​គឺជា​ប្រទេសជិតខាង​ដែលមាន​ភាពរួស​រាយ​រាក់ទាក់​។ ប្រទេស​ចិន​គាំទ្រ​រាល់​ជម្រើស​របស់​ប្រទេស​កម្ពុជា​លើផ្លូវ​អភិវឌ្ឍន៍ ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ ក៏ដូចជា​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​និង​កែប្រែ​ការរស់នៅ​របស់​ប្រជាជន​របស់ខ្លួន​»​។​
 
អត្ថបទទាក់ទង
 
 
​ពាក់ព័ន្ធ​នឹង​ខេត្ត​ព្រះសីហនុ​នេះ ភាគី​កម្ពុជា និង​ចិន បាន​ឯកភាពគ្នា​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ទៅលើ​ច្បាប់​ផងដែរ នៅ​ឆ្នាំ​២០១៩​នេះ​។ ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា ហើយ​កន្លងមក​បាន​ឯកភាព​និង​រួមគ្នា​ក្នុងការ​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​»៕
 
 

Tag:
 ហ៊ុន សែន​
  ចិន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com