កីឡាជាតិ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេ​FIFA ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អាស៊ាន​
04, Nov 2019 , 12:45 pm        
រូបភាព
ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក លោក Gianni Infantino បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយលោក Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​ នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៩
ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក លោក Gianni Infantino បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយលោក Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​ នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៩
ភ្នំពេញ​៖ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក លោក Gianni Infantino បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​សមាគម​អាស៊ាន ដើម្បី​ចូលរួម​ការអភិវឌ្ឍ​សង្គម នៅក្នុង​តំបន់​។ ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​២ វិច្ឆិកា ។​

 
​គោលបំណង​នៃ​ការចុះ​អនុស្សារណៈ​រវាង​ភាគី​ទាំងពីរ​នេះ គឺ​ផ្ដោតទៅលើ​វិស័យ​អប់រំ ជាពិសេស​ជំរុញ និង​ដាក់បញ្ចូល​កីឡា​ចូលទៅ​កម្មវិធីសិក្សា ដើម្បីឱ្យ​ក្លាយទៅជា​ស្មារតី​អប់​រំជា​ធ្លុង​មួយ​។ ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក លោក Gianni Infantino បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា នៃ​កិច្ចប្រជុំ​អាស៊ាន​យ៉ាង​ដូច្នេះ​ថា​៖«​បន្ទាប់ពី​យើង​បាន​ជួបពិភាក្សា​ជាច្រើន​ឆ្នាំកន្លងមក ជាមួយ​បណ្ដា​ប្រទេស​នៃ​សមាជិក​អាស៊ាន​នោះ នៅពេលនេះ​យើង​បាន​ស្វែង​រកឃើញ​នៅ​ប្រធានបទ​រួមគ្នា​មួយ​នោះ គឺ បាល់ទាត់​។ ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​របស់​អ្នក (​សមាជិក​អាស៊ាន​)​។ អ្នកជំនួញ​នៅក្នុង​ប្រទេស​របស់​អ្នក គឺ​បាន​វិនិយោគ​ជាង​១០​ដង លើ​វិស័យ​បាល់ទាត់​នៅ​អឺរ៉ុប ច្រើនជាង​វិស័យ​បាល់ទាត់​នៅ​តំបន់​អាស៊ាន​។ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​វិនិយោគ​(​វិស័យ​កីឡា​)​នៅក្នុង​តំបន់​អាស៊ាន​»​។​ 


​ក្រោយ​ចុះ​MOU ហើយ ភាគ​ទាំងពីរ (​អាស៊ាន និង​FIFA) ក៏​នឹង​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​វិស័យ​បាល់ទាត់ ដោយ​ផ្តោតលើ​ស្ត្រី​និង​សហគមន៍ ដែល​ប្រឈម​នឹង​ការបាត់បង់​ឱកាស​។ ជាពិសេស​ជួយ​ការពារ​កុមារ និង​លើកកម្ពស់​ភាពថ្លៃថ្នូរ​នៃ​វិស័យ​កីឡា តាមរយៈ​ការចែករំលែក​ចំណេះដឹង​ពី​របៀប​លេង​ឱ្យ​ល្អ​ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុត្តិធម៌​។​
 
​អគ្គលេខាធិការ​អាស៊ាន​លោក Lim Jock Hoi  បាន​និយាយថា «​កីឡាបាល់ទាត់ និង​កីឡា​ផ្សេងទៀត គឺជា​យុទ្ធសាស្ត្រ​យ៉ាងសំខាន់​មួយ ដែល​ផ្លូវ​នាំឱ្យ​មនុស្ស​ទាំងអស់​ចេះ​រួបរួមគ្នា​, លើកកម្ពស់​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក ពី​មនុស្ស​ម្នាក់​ទៅកាន់​មនុស្ស​ម្នាក់ ហើយនឹង​ផ្សារភ្ជាប់​ពួកយើង​ទៅជា​សហគមន៍​ដ៏​រឹងមាំ​មួយ​»​។​ 


​ទាក់ទង​នឹង​វិស័យ​កីឡា​នេះ កន្លងមក​ថៃ និង​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​៤​ផ្សេងទៀត រួមគ្នា​ដេញថ្លៃ ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤​។ ដំបូង​ឡើយ​ថៃ​ចង់​រួមគ្នា​ជាមួយ​ប្រទេស​ទាំង​១០​តែម្តង ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​វិញ ដោយមាន​កិច្ច​ព្រមព្រៀងគ្នា នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កីឡា​អាស៊ាន​លើក​ទី ៥ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ថ្ងៃទី​៩ ខែតុលា​។ ប្រទេស​៤​ផ្សេងទៀត ដែល​នឹងចូលរួម​ដេញថ្លៃ​រួមគ្នា​ជាមួយ​ថៃ​នោះ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​វៀតណាម ខណៈដែល​កម្ពុជា ឡាវ ហ្វីលីពីន ព្រុយ​ណេ និង មី​យ៉ាន់​ម៉ា​មិន​ចូលរួម​ឡើយ​។​

អត្ថបទទាក់ទង
 
​ប្រធាន FIFA លោក Gianni Infantino ស្វាគមន៍​ចំពោះ​គោលបំណង​របស់​អា​ស៊ាន ដែល​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នេះ​។ មេ​FIFA រូបនេះ បាន​និយាយថា «​នេះ​គឺជា​អ្វីដែល​សម​នឹង​ទទួលបាន​សម្រាប់​ផ្នែក​ដ៏​ធំ​មួយ​នៃ​ពិភពលោក​។ យើង​ត្រូវតែ​ធ្វើការ​វិនិយោគ​លើ​បាល់ទាត់​, ការប្រកួត​នៅក្នុង​ក្លឹប​, ក្នុង​លី​ក​ជើងឯក​អាស៊ាន​ពិតប្រាកដ​»​។​
 
​ក្រៅពី​ប្រទេស​អាស៊ាន ក៏មាន​ប្រទេស​ជាច្រើន​ទៀត បាន​ដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់ World Cup 2034 ផងដែរ ក្នុងនោះ​រួមមាន ចិន អេ​ហ្ស៊ី​ប នី​ហ្សេ​រី​យ៉ា ស៊ីម​បា​វ៉ា អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់​ជាដើម​។  
 
​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក បានរៀបចំ​ធ្វើឡើង​២១​លើក​មកហើយ ។​ក្នុងចំណោម​ការប្រកួត​កីឡា​នេះ ទ្វីបអាស៊ី​ទទួល​សិទ្ធិ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​បាន​មួយ​លើក​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០០២ ដែល​ដឹកនាំ​ដោយ​ជប៉ុន​និង​កូរ៉េខាងត្បូង​។ កាតា​ក៏​នឹង​ក្លាយជា​ប្រទេស​អាស៊ី​ទី​៣ ដែល​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២២​ផងដែរ នៅឡើយ​តែ​អាស៊ាន​ប៉ុណ្ណោះ ដែល​មិនទាន់​ស្គាល់​រសជាតិ​៕
 
 
 

Tag:
 បាល់ទាត់​
  កីឡា​
  FIFA
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com