អន្តរជាតិ
ចិន ត្រៀមខ្លួន​រួចហើយ​ដើម្បី​សហការ​ជាមួយ​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​
04, Nov 2019 , 9:19 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ចាប់ជាមួយប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋអាស៊ានផ្សេងទៀតនៅក្នុងកិច្ចប្រជុំនៅថៃ។ រូបភាព Xinhua
លោកនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ចាប់ជាមួយប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋអាស៊ានផ្សេងទៀតនៅក្នុងកិច្ចប្រជុំនៅថៃ។ រូបភាព Xinhua
​ចិន បាន​ត្រៀមខ្លួន​រួចរាល់​ហើយ លើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ក្នុងការ​បង្កើត​ក្រម​ប្រតិបត្តិ​(code of conduct) លើ​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ការអះអាង​របស់​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​។

 

 
​សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​មួយ ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ផ្លូវ​សម្រាប់​នាវាចរណ៍ និង​ជា​ដែនទឹក​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ទីក្រុង​ប៉េកាំង​។ ប៉ុន្តែ​តំបន់​សមុទ្រ​មួយ​នេះ នៅតែ​ជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​ចិន និង​សមាជិក​អាស៊ាន​មិនចេះចប់​មិនចេះហើយ​។ ទាក់ទិន​នឹង​បញ្ហា​នេះ សមាជិក​អាស៊ាន​មានដូចជា​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី​ជាដើម តែងតែ​ចោទ​ចិន​ថា បានដាក់​នាវាចម្បាំង ប៉ុស្តិ៍ទាហាន និង​ការប៉ះទង្គិច​ទូក​នេសាទ​នៅក្នុង​ដែន​ជម្លោះ​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា សមាជិក​អាស៊ាន​ទាំង​១០ បាន​បង្កើត​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ ជាមួយ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​គម្រោង​មួយ​នេះ ត្រូវ​ជាប់គាំង​ជាច្រើន​ឆ្នាំ​។ ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ទីក្រុង​បាងកក​នា​ថ្ងៃទី​៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង មាន​សុទិដ្ឋិនិយម​ចំពោះ​ក្រម​ប្រតិបត្តិ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ជាក់ស្តែង ប្រមុខ​រដ្ឋាភិបាល​ចិន​រូបនេះ បាន​លើកឡើងថា ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិភាព​នៅក្នុង​តំបន់​ជម្លោះ ភាគី​ទាំងអស់ ត្រូវ​នៅ​ឲ្យ​ខ្ពស់ជាង​ការខ្វែងគំនិត​គ្នា​លើ​កិច្ច​ព្រម​ព្រៀម​។​
 
​បើតាម​លោក លី អាស៊ាន និង​ចិន បាន​ឆ្លងកាត់​ការពិនិត្យ​សំណើ​ក្រម​ប្រតិបត្តិ​លើកទីមួយ​មុន​កាលកំណត់​រួចហើយ​។ លោកនាយក​រដ្ឋមន្ត្រី​ចិន បន្តថា ការផ្ដល់​យោបល់​លើក​ទី​ពីរ នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២០​ខាងមុខ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ឆ្នាំ​២០២១​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន China Daily ។​
 
​ក្នុងន័យនេះ ចិន នឹង​ដើរ​លើផ្លូវ​អភិវឌ្ឍ​ប្រកបដោយ​សន្តិភាព និង​គោរព​ទៅតាម​យុទ្ធសាស្ត្រ​បើកចំហ​របស់​ប្រទេស ដើម្បី​ទទួលបាន​លទ្ធផល​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា ទាក់ទិន​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ចិន​នា​ជំនួប​មេដឹកនាំ​អាស៊ាន​-​ចិន​នៅ​ទឹកដី​ថៃ​។  
 
​សូមបញ្ជាក់ថា វត្តមាន​នាយករដ្ឋមន្ត្រី​ចិន​រូបនេះ មិន​ត្រឹមតែ ដើម្បី​ពិភាក្សា​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក លី ក៏បាន​លើកឡើង​ពី​បញ្ហា​សេដ្ឋកិច្ច គម្រោង​ផ្លូវ​សូត្រ​របស់​ចិន​សតវត្សរ៍​២១ កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ និង​ការបង្កើត​ថ្មី​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ជាដើម​។ ជាពិសេស លោក លី ក៏បាន​ជំរុញ​ឲ្យ​គម្រោង​កិច្ចចរចា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ បាន​បិទ​បញ្ចប់​មុន​កាលកំណត់​ផងដែរ​៕
 

Tag:
 ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com