អន្តរជាតិ
អាមេរិកខកចិត្តក្រោយមេដឹកនាំអាស៊ាន៧ មិនចូលរួមជំនួបកំពូលអាស៊ាន-អាមេរិក លោក Robert O'Brien (ពីឆ្វេងទៅស្តាំ លេខរៀងទី ៥) ចាប់ដៃជាមួយមេដឹកនាំនិងរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមជំនួបកំពូលអាស៊ាន-អាមេរិកលើកទី ៧ នាទីក្រុង បាកកក ថៃ ថ្ងៃ ៤ វិច្ឆិកា ២០១៩ (Reuters)
× សហរដ្ឋអាមេរិក បានសម្តែងការខកចិត្តជាខ្លាំងបន្ទាប់ពីមេដឹកនាំនៃបណ្តាប្រទេសអាស៊ានចំនួន៧ សម្រេចចិត្តធ្វើពហិកាជំនួបកំពូលអាស៊ាន-អាមេរិកលើកទី៧ នាថ្ងៃចន្ទ ៤ វិច្ឆិកា ក្នុងរដ្ឋធានីបាងកក ប្រទេសថៃ។
«យើងខកចិត្តជាខ្លាំងចំពោះការសម្រេចចិត្តបែបនេះ»។ មន្ត្រីការទូតអាមេរិកម្នាក់ដែលដកស្រង់សាររបស់អាមេរិកផ្ញើទៅកាន់អាស៊ាន។ តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ មន្ត្រីការទូតដែលសុំមិនបញ្ចេញឈ្មោះរូបនេះ លើកឡើងពីសាររបស់អាមេរិកដដែល ដោយសង្កត់ធ្ងន់ថា ទង្វើរបស់មេដឹកនាំអាស៊ានបែបនេះ គឺជាការមើលងាយចំពោះលោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ដែលត្រូវបានបញ្ជូនឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធមួយចំនួន ជំនួសមុខឲ្យមេដឹកនាំអាមេរិក។
បើតាមមន្ត្រីទូតរូបនេះ ការធ្វើពហិកាផ្នែកខ្លះ ឬទាំងស្រុងរបស់មេដឹកនាំអាស៊ាន នឹងត្រូវគេវាយតម្លៃថា ជាកិច្ចប្រឹងប្រែងដោយចេតនា ដើម្បីបំបាក់មុខប្រធានាធិបតីអាមេរិក ហើយការណ៍នេះក៏នឹងបំផ្លាញខ្លឹមសារនៃទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ។
ជាធម្មតា ជំនួបកំពូលនៅថ្ងៃចន្ទ ជាមួយសហរដ្ឋអាមេរិកនេះ នឹងត្រូវចូលរួមពីសំណាក់ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។ ក៏ប៉ុន្តែមេដឹកនាំអាស៊ាន៧នាក់ បានសម្រេចបញ្ជូនត្រឹមរដ្ឋមន្ត្រីពួកគេទៅចូលរួមជំនួស។ ហើយមានតែម្ចាស់កិច្ចប្រជុំកំពូលអាស៊ានថៃ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា, នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក (Ngyuen Xuan Phuc) និងនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisolith) ប៉ុណ្ណោះដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ។ ចំណែកកម្ពុជា បានបញ្ជូនរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺលោក ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក លើកទី៧នេះ។
គេមើលឃើញថា ការធ្វើពហិការបស់ប្រមុខដឹកនាំនៃបណ្តាអាស៊ានទាំង៧នាក់នេះ ទំនងជាសកម្មភាពសងសឹកចំពោះការមើលស្រាលរបស់ក្រុងវ៉ាស៊ីនតោនមកលើអង្គការតំបន់អាស៊ាន ។ សេតវិមានអាមេរិក កាលពីសប្តាហ៍មុន បានប្រកាសថា គ្មានឡើយវត្តមានលោកត្រាំនៅជំនួបកំពូលអាស៊ាន និងជំនួបអាស៊ានពាក់ព័ន្ធក្នុងឆ្នាំនេះ ហើយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក នឹងតំណាងឲ្យលោកប្រធានាធិបតី។
ខុសពីអាមេរិក នាយករដ្ឋមន្ត្រី ចិន លី ខឺឈាង, នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី, ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ស្ថិតក្នុងចំណោមមេដឹកនាំដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងជំនួបកំពូលអាស៊ានលើកទី៣៥ ដែលរៀបចំឡើងពីថ្ងៃ ៣ ដល់ ៤ វិច្ឆិកា នៅប្រទេសថៃ៕
Tag:
សហរដ្ឋអាមេរិក
អាស៊ាន
ជំនួបកំពូល
© រក្សាសិទ្ធិដោយ thmeythmey.com