ជាតិ
​​​ន​យោ​បាយ​ជាតិ​
សេចក្តីព្រាងច្បាប់​ស្តីពី សន្ធិសញ្ញា​បំពេញបន្ថែម​លើ​ការកំណត់​ព្រំដែន ត្រូវបាន​សភា​អនុម័ត​
04, Nov 2019 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលបានដឹកនាំសម័យប្រជុំសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩
រូបពីហ្វេសប៊ុកសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលបានដឹកនាំសម័យប្រជុំសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩
​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ស្តីពី សន្ធិសញ្ញា​បំពេញបន្ថែម​លើ​កំណត់ព្រំដែន និង​សេចក្តីព្រាងច្បាប់​ចំនួន​៤​ផ្សេងទៀត ត្រូវបាន​រដ្ឋសភា​អនុម័ត នៅក្នុង​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៤ វិច្ឆិកា​នេះ​។​

 
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែល​បាន​បង្ហោះ​រូបថត​ប្រជុំ​សភា អម​ជាមួយ​សំណេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ឈរលើ​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ខាងលើនេះ ប្រទេស​កម្ពុជា​និង​វៀតណាម បាន​ដំណើរ​ការចុះ​បោះបង្គោល​និង​ខណ្ឌសីមា​ព្រំដែន​គោក​នៅលើ​ដី​ជាក់ស្តែង​ពី​ខេត្តរតនគិរី ដល់​ខេត្តកំពត សម្រេចបាន​លទ្ធផល​៨៤​ភាគរយ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ដ៍​មោះមុត​ក្នុង​សុ​ឆន្ទៈ ដើម្បី​សម្រេចបាន​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ដែនដី​»​។​
 
​ជុំវិញ​ការអនុម័ត​របស់​រដ្ឋ​សភា​នេះ ក៏មាន​ការពេញចិត្ត​ពី​សំណាក់​អ្នកនយោបាយ​នៅ​កម្ពុជា​ដែរ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មូលដ្ឋាន បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​សង្កត់ធ្ងន់ថា រដ្ឋសភា​មិនគួរ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឡើង ខណៈ​ស្ថានភាព​នយោបាយ​មិនទាន់​ល្អប្រសើរ​។ «​ក្នុងស្ថានភាព​នយោបាយ​ដែល​ប្រទេស​នៅ​មិនទាន់មាន​ឯកភាព​ជាតិ និង​ក្នុងពេលដែល​សភាជាតិ​គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពុំគួរ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​លើ​បញ្ហា​ព្រំដែន​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។​
 
​កាលពី​ថ្ងៃទី​១០ តុលា លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ចូល​បកស្រាយ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ក្រោយ​កិច្ចប្រជុំ​នោះ លោក វ៉ា គឹមហុង បាន​បញ្ជាក់ថា ការបោះបង្គោល​ព្រំដែនរ​វាង​កម្ពុជា​-​វៀតណាម គ្មាន​ភាគី​ណាមួយ បាត់បង់​ទឹកដី​ឬ​ខាតបង់​នោះទេ ហើយ​វា​ក៏​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ឡើយ​។​
 
​លោក វ៉ា គឹមហុង បាន​បន្ថែមថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេសជិតខាង គ្មាន​អ្នកណា​អាចជួយ​ដោះស្រាយ​បានទេ សូម្បីតែ​អង្គការសហប្រជាជាតិ​។ សម្រាប់​លោក វ៉ា គឹមហុង ការដោះស្រាយ​បញ្ហា​ព្រំដែន គ្មានអ្វី​ក្រៅពី​ការប្រើប្រាស់​វិធីសាស្ត្រ​សម្របសម្រួល​ដោយ​ស្មើភាព ដើម្បី​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក​។​
 
​កាលពី​ថ្ងៃទី​៥ តុលា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​សម​ភាគី​វៀតណាម បានធ្វើ​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែល​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ បើទោះជា​ព្រំដែន​នៅ​សេសសល់​១៦​ភាគរយ​ទៀត​ក្តី សម្រាប់​សម្តេច ហ៊ុន សែន ការ​ឈានដល់​ការចុះហត្ថលេខា​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ការ​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ក៏បាន​បង្ហាញ​យ៉ាងច្បាស់​ថា ដំណោះស្រាយ​ព្រំដែន​ទ្វេរ​ភាគី បាន​បោះ​ជំ​ហ៊ាន​ទៅមុខ​ដោយ​មោទនៈ និង​ប្រកបដោយ​ភាតរភាព​។ សម្តេច ហ៊ុន សែន បានប្រកាសថា លោក​នឹង​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​។​
 
​ក្រៅពី​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ខាងលើ រដ្ឋសភា ក៏បាន​អនុម័ត​សេចក្តីព្រាងច្បាប់​៤​ទៀត​រួមមាន ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វារព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​កិច្ច​កិច្ច​សម្រប សម្រួល​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​ឆ្លងកាត់​។ ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម ព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ចុងក្រោយ​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​ការបង្កើត​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​៕

Tag:
 ​ហេង សំរិន​
  ព្រំដែន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com