អន្តរជាតិ
UN ជំរុញ​ឱ្យ​មី​យ៉ាន់​ម៉ា​ធានា​សុវត្ថិភាព​លើ​មាតុភូមិនិវត្តន៍​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
04, Nov 2019 , 9:59 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Gterres និងលោកស្រីអ៊ុងសាន ស៊ូជី នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលអាស៊ាន,  រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Gterres និងលោកស្រីអ៊ុងសាន ស៊ូជី នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលអាស៊ាន, រូបភាព
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres នៅ​ថ្ងៃទី​៣ វិច្ឆិកា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ ធានា​សុ​វត្តិភាព ចំពោះ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ការលើកឡើង​របស់​អគ្គ​លេខាធិការ​បែបនេះ គឺ​ដោយសារ​បារម្ភ ពី​បញ្ហា​សុ​វត្តិភាព​ក្រុម​ជនជាតិភាគតិច​មួយ​នេះ និង​បន្ទាប់ពី​មានការ​បង្ក្រាប​ពី​សំណាក់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​យ៉ាង​ចាស់ដៃ​។

 
​ក្នុងជំនួប​កំពូល​អាស៊ាន​-UN​លើក​ទី​១០ ដែល​រៀបចំឡើង​នា​ថ្ងៃ​៣ វិច្ឆិកា ក្នុងប្រទេស​ថៃ ដោយមាន​វត្តមាន​ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី លោក Guterres បានលើកឡើង​ពី​ការបារម្ភ​ជាខ្លាំង​អំពី​ដំណើរ​វិល​ត្រលប់​របស់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ​។​
 
​ដោយ​មិនមាន​ប្រតិកម្ម​ពី​លោកស្រី​ស៊ូ​ជី លោក Guterres បាន​សំណូមពរ​ឲ្យ​ខាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ទទួលខុសត្រូវ​ដើម្បី​ប្រាកដថា ដំណើរ​មាតុភូមិនិវត្តន៍ នឹងធ្វើ​ឡើង​ក្នុង​លក្ខខណ្ឌ សុវត្ថិភាព ការស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ​។ ជាពិសេស គឺ​ការ​ប្រាកដថា អង្គការ​មនុស្សធម៌​អាច​ចុះ​ទៅដល់​តំបន់​ប្រជាជន​មាតុភូមិនិវត្តន៍​រស់នៅ​បាន​។ ជាការ​ពិត ការលើកឡើង​បែបនេះ គឺ​គ្មានអ្វី​ចម្លែក​ឡើយ ព្រោះ​កន្លងមក រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ បាន​ហាមឃាត់​អង្គការ​មនុស្សធម៌​ទាំងអស់ ក្នុង​ការយក​អំ​ណោ​ច​ឲ្យ​ប្រជាជន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។ 
 
​អស់ពី​បញ្ហា​មាតុភូមិនិវត្តន៍ ចូលដល់​បញ្ហា​បង់​ក្លា​ដែ​ស​ជម្លៀស​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ពី​ជំរុំ​ជន​ភ្លៀស​ខ្លួន​ឲ្យ​ទៅ​រស់​នៅលើ​ដែន​កោះ​វិញ​ម្តង​។ គម្រោង​នេះ ធ្វើឡើង​ដោយសារតែ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា មាន​ចំនួន​ណែនណាន់​ខ្លាំងពេក​។ ប៉ុន្តែ​មកទល់ពេលនេះ ការជម្លៀស​ប្រជាជន​មិនទាន់​ច្បាស់​នៅឡើយ​ទេ បន្ទាប់ពី​អាជ្ញាធរ​បង់​ក្លា​ដែ​ស បរាជ័យ​ក្នុង​ការជួយ​គាំទ្រ​ពី​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​។ 
 
​បើតាម​គម្រោង​របស់​ទីក្រុង​ដា​ក្កា រដ្ឋាភិបាល នឹងធ្វើ​ការផ្លាស់ប្តូ​រក​ន្លែ​ង​រស់នៅ​ប្រជាជន ១០​ម៉ឺន​នាក់​ក្នុង​ខែវិច្ឆិកា​នេះ ទៅ​កោះ Bhashan Char ស្របពេល​ជុំរុំ​ជនភៀសខ្លួន​នៅ​បង់​ក្លា​ដែ​ស កំពុង​ប្រឈម​បញ្ហា​ដូចជា​បញ្ហា​ខ្វះ​អនាម័យ កខ្វក់ និង​មនុស្ស​ច្រើន​ជាដើម​។ ទាក់ទិន​ទៅនឹង​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នេះ បង់​ក្លា​ដែ​ស បាន​និយាយថា​មាន​ប្រជាជន​ជាច្រើន​ពាន់​គ្រួសារ​ស្ម័គ្រចិត្ត ក្នុងការ​ផ្លាស់ប្តូរ​ពី​ជុំរុំ​ជនភៀសខ្លួន​ទៅ​នៅ​លើដី​កោះ​។ ជាក់ស្តែង ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា​៣៥០០​គ្រួសារ នឹងធ្វើ​ការផ្លាស់ប្តូរ​ទៅ​កោះ Bhashan Char ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា រហូតដល់​ខែកុម្ភៈ​ខាងមុខ​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Enamur Rahman រដ្ឋមន្ត្រី​ទទួលបន្ទុក និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ប៉ង់​ក្លា​ដែ​សបាន​អះអាងថា គម្រោង​ជម្លៀស​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា កំពុងស្ថិត​នៅក្នុង​ភាពស្រពេចស្រពិល​នៅឡើយ បន្ទាប់ពី​អង្គការសហប្រជាជាតិ មិន​គាំទ្រ​លើ​ចំណាត់​ការជម្លៀស​ប្រជាជន​ទៅ​រស់​នៅលើ​ដែន​កោះ Bhashan Char​។ 
 
​សូមបញ្ជាក់ថា ការបដិសេធ​របស់​អង្គការសហប្រជាជាតិ គឺ​ផ្អែកទៅលើ​ហេតុផល​មួយចំនួន​ដូចជា​សុវត្ថិភាព និង​ការ​ទ្រទ្រង់​ជីវិត​របស់​ប្រជាជន​នៅលើ​កោះ ជាពិសេស​គឺ​ទាមទារ​ឲ្យ​មានការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់ មុនពេល​ជម្លៀស​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ទៅ​នៅក្នុង​តំបន់​នោះ​។ បន្ថែម​ពីលើ​នេះ នៅមាន​បញ្ហា​បី បួន​បន្ថែម ដែល​អង្គការសហប្រជាជាតិ ត្រូវ​ឲ្យ​មានការ​សិក្សា​ច្បាស់លាស់​ជា​មួន​សិន ទាក់ទិន​នឹង​ការផ្លាស់ប្តូរ​។ តួយ៉ាង​ដូចជា គ្រោះធម្មជាតិ ការផ្គត់ផ្គង់​ទឹកស្អាត​ឲ្យ​បាន​គ្រប់គ្រាន់ និង​តម្រូវការ​ជា​មូលដ្ឋាន​ដូចជា​វិស័យ​អប់រំ និង​សុខភាព​ជាដើម​៕ 

Tag:
 ​រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com