ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្លាំង​គ្រប់​ប្រភេទ ផ្តើមធ្វើ​សកម្មភាព ត្រៀម​ទប់ទល់​នឹង​លោក សម រង្ស៊ី
04, Nov 2019 , 10:19 pm        
រូបភាព
នគរបាល កងទ័ព និង កងរាជអាវុធហត្ថក្នុងខេត្តបាត់ដំបង ហ្វឹកហាត់រួមគ្នា (រូបពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)
នគរបាល កងទ័ព និង កងរាជអាវុធហត្ថក្នុងខេត្តបាត់ដំបង ហ្វឹកហាត់រួមគ្នា (រូបពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)
ដោយ: ថ្មីៗ
កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ គឺ នគរបាល កងទ័ព និង កងរាជអាវុធហត្ថ បាន​ផ្គុំ​កម្លាំង​គ្នា ដើម្បី​ទប់ទល់​នឹង​ក្រុមប្រឆាំង ដែល​គ្រោង​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​និង​បុណ្យអុំទូក​។ កងកម្លាំង​ទាំងនោះ ចាប់ផ្តើម​ចេញ​ចល័ត​ដោយមាន​អាវុធ​ជាប់​ខ្លួន ទៅកាន់​ទី​ហឹ្វ​ក​ហាត់​រួមគ្នា ជាពិសេស​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា បាត់ដំបង និង បន្ទាយមានជ័យ ជាដើម ក្រោយ​ឮ​លោក សម រង្ស៊ី ប្រកាសថា នឹង​ដឹកនាំ​កម្លាំង​ពលករ​រាប់ម៉ឺន​-​រាប់សែន​នាក់ ដើរ​ឆ្លងកាត់​ព្រំដែន​ថៃ ចូលមក​កម្ពុជា​។


នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ លើកឡើងថា ការចេញ​ហ្វឹកហាត់​រួមគ្នា​របស់​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សម្រាប់​ពិធីបុណ្យ​ជាតិ តែ​គាប់​ជួន ពេលនោះ ក្រុមប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បានប្រកាស​វិល​មក​កម្ពុជា​វិញ ដូច្នេះ កងកម្លាំងប្រដាប់អាវុធ ក៏ត្រូវ​ប្រុងប្រយ័ត្ន​ផងដែរ​។ លោក បន្ថែមថា កងកម្លាំងប្រដាប់អាវុធ ចេញ​ហ្វឹកហាត់​និង​ការពារ​សន្តិសុខ​នៅ​ទូទាំងប្រទេស មិនមែន​សំដៅ​តែ​ទៅលើ​ខេត្ត​ជាប់​ព្រំដែន​ថៃ​នោះទេ​។

លោក ឈុំ សុជាត យល់ថា ប្រជាពលរដ្ឋ​ភាគច្រើន មិន​បារម្ភ​ឬ​ភ័យខ្លាច​ចំពោះ​កងកម្លាំងប្រដាប់អាវុធ ដែល​ចេញ​ហ្វឹកហាត់​នោះទេ តែ​ផ្ទុយទៅវិញ ពួកគាត់ មានតែ​ត្រេកអរ ពីព្រោះ វា ជាការ​ងារ​រក្សា​សន្តិសុខ​។ លោកថា អ្នក​ដែល​ធ្វើ​ទង្វើ​ខុសច្បាប់​ទេ ដែល​ត្រូវ​ភ័យ​ខ្លួន​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ អបអរ​សារ​ទរ។ គេ​ឲ្យ​បាយ​ឲ្យ​ទឹក ឲ្យ​នំចំណី ដល់​កងទ័ព​ទៀត​។ កងទ័ព ជា​អ្នកការពារ​គេ គេ​អត់​មាន​ភ័យ​ទេ​។ អ្នកមាន​ខ្លួន បាន​ភ័យ អ្នក​អត់​មានខ្លួន អត់​មាន​ភ័យ​ទេ​»​។​

ចំណែក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អះអាងថា ជាគោលការណ៍ ដែល​ដាក់ចេញ​នាពេលនេះ កម្លាំងប្រដាប់អាវុធ ត្រូវបំពេញ​កាតព្វកិច្ច​បី​សំខាន់ៗ គឺ ទីមួយ ការពារជាតិ សាសនា ព្រះមហាក្សត្រ និង បូរណភាព​ទឹកដី ទី​ពីរ រក្សា​សន្តិសុខ​ក្នុង​ពិធី​បុណ្យជាតិ និង ទី​បី ត្រូវការពារ ទប់ស្កាត់ និង​បង្ក្រាប​ឧបាយកល​របស់​ក្រុមប្រឆាំង ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ​ដល់​ប្រទេសជាតិ​។ លោក សង្កត់ធ្ងន់ថា «​មិនមែន​តែតាមព្រំដែន​ថៃ​ទេ គាត់​ប្រកាស​ចូល [​តាម​] ក្រោម​ដី ក៏​យើង​ការពារ​ដែរ​...»​។

ចុះបើ​លោក សម រង្ស៊ី នាំ​ពលករ​រាប់ម៉ឺន​-​រាប់សែន​នាក់ ដើរកាត់​ព្រំដែន​ថៃ​ចូលមក​កម្ពុជា ដូច​គាត់​ប្រកាស​មែន ហើយ​បើ​មានការ​ផ្ទុះអាវុធ ទាំង​ដែល​ខាង​លោក សម រង្ស៊ី គ្មាន​អាវុធ រហូត​បណ្តាល​ឲ្យមាន​ពលករ​រងរបួស តើ​រដ្ឋាភិបាល ដោះស្រាយ​យ៉ាងម៉េច ហើយ​ពេលនោះ គេ​អាច​នឹងដាក់​កំហុស​លើ​រដ្ឋាភិបាល​?  លោក ឆាយ គឹម​ខឿន ឆ្លើយ​នឹង​សារព័ត៌មាន​ថ្មីៗ បែបនេះ​ថា​៖«...​បើ​គាត់ បង្កចលាចល​សង្គម មិនមែន​និយាយថា​អត់​អាវុធ​ហ្នឹង មិនអាច​ផ្តល់​ហានិភ័យ​ដល់​សង្គម​ទេ ....​បើ​ឃើញ​គេ​អនុវត្ត​ច្បាប់ គាត់​មក​ប្រឆាំងនឹង​ច្បាប់ អាហ្នឹង គេ​ត្រូវតែ​ចាត់វិធានការ​ច្បាប់​ហើយ​។ យក​មួយ​សែន​នាក់​-​ពីរ​សែន​នាក់ មក​ដូរ​ជាមួយ​១៦​លាន​នាក់​ហ្អី​?»​។​
 
លោក ឆាយ គឹម​ខឿន បន្តថា កងកម្លាំងប្រដាប់អាវុធ ចេះ​មើល​ស្ថានការណ៍​ថា ស្ថានការណ៍​ណា ត្រូវ​ប្រើ​អាវុធ ហើយ​ស្ថានការណ៍​ណា ត្រូវ​អប់រំ​។ លោក បញ្ជាក់ថា​៖«...​ការបារម្ភ កងកម្លាំង ក៏​គិត​ដែរ គេ​មាន​វិធី​គេ​ដោះ​ហើយ​។ តែបើ​គាត់​ចចេស​ចង់​បង្កើត​បញ្ហា​ដល់​ប្រទេសជាតិ អាហ្នឹង​ស្រេច​តែ​គា​ត់ទៅ យើង​មិនដឹង​ធ្វើ​ម៉េច យើង អប់រំ​ណែនាំ​ពួកគាត់ យើង​ប្រកាស​ផ្សព្វផ្សាយ​ហើយ​តើ ថា​កុំ​ឲ្យ​ចូលរួម វា ខុសច្បាប់ ហើយ​តែ​ខុសច្បាប់ គេ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណឹង​»​។ ​

លោក ឆាយ គឹម​ខឿន លើក​ហេតុផល​ទៀតថា​៖«...​ចង់​ឲ្យ​ប៉ូលិស​ឈរ​ឲ្យ​គេ​វ៉ៃ​ហ្អី សួរ​ចេះ​វិញ? យក​ប៉ូលិស​៥-៦​ម៉ឺន​នាក់ ទៅ​ឈរ ហើយ​ឲ្យ​គាត់​វ៉ៃតប់​ស្រេច​ចិត្ត ហើយ​គេ យក​ប្រជា​ប្រជាធិបតេយ្យ​អ៊ីចឹង​? កម្លាំង​សមត្ថកិច្ច កម្លាំងប្រដាប់អាវុធ គឺ​ការពារជាតិ ការពារ​សន្តិសុខ​ជាតិ​... ឲ្យ​ប្រើ​ស្អី​ក្រៅពី​អាវុធ​... ពិភពលោក មាន​កម្លាំង​ណាមួយ ដែល​អត់​ប្រើ​អាវុធ​»​។ 
 
​ទាំង​លោក ឈុំ សុជាត ទាំង​លោក ឆាយ គឹម​ខឿន សុទ្ធតែ​មិន​ប្រាប់​ពី​ចំនួន​កងកម្លាំងប្រដាប់អាវុធ ដែល​ចេញ​ការពារ​សន្តិសុខ​នា​ពិធីបុណ្យ​ជាតិ​ខាងមុខ និង​ទប់ស្កាត់​ចលនា​លោក សម រង្ស៊ី ដោយ​លោក​ទាំងពីរ អះអាងថា ជា​រឿង​សន្តិសុខ​ជាតិ ដែល​មិនត្រូវ​និយាយ​ចេញ​ជា​សាធារណៈ​។ 
 
​រីឯ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ចាត់ទុក ការត្រៀ​ម​កម្លាំង​ចាប់​លោក សម រង្ស៊ី ថា ជា​កាដូ សម្រាប់​ជីវិត​នយោបាយ​ចុងក្រោយ​របស់លោក​។ តាមរយៈ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក បាន​ចំអក​ថា​៖«...​លោក សម រង្ស៊ី  បាន​និយាយថា​ជា​ដំណាក់កាល​ចុងក្រោយ​របស់គាត់ ដូច្នេះ យើង​ត្រូវ​រៀបចំ​ជូន​គាត់​ឲ្យ​បាន​សមរម្យ​»​។ 
 
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលមាន​សិទ្ធិអំណាច​គ្រប់គ្រង​លើ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បានធ្វើ​លិខិត (​ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩) ផ្ញើជូន​គ្រប់​អភិបាល​រាជធានី​-​ខេត្ត ដោយ​បង្គាប់​ឲ្យ​ពួកគេ ជួយ​សម្របសម្រួល​កង​កម្លាំងប្រដាប់អាវុធ​ក្នុង​ដែនដី​របស់ខ្លួន ក្នុង​ការរក្សាសន្តិសុខ នៅ​ថ្ងៃ​បុណ្យជាតិ​។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ប្រាប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុង​រាជធានី​-​ខេត្ត តាមដាន​និង​ក្តាប់​សភាពការណ៍​ពី​ចលនា​របស់លោក សម រង្ស៊ី ដែល​ត្រូវ​ចោទថា ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​សារ​ទៅ​ក្រុមប្រឆាំង​ថា កងកម្លាំង​គ្រប់​ប្រភេទ ទទួល​បទបញ្ជា​រួចហើយ​។ ប្រមុខ​រដ្ឋាភិបាល ប្រើពាក្យ​ថា​៖«​កុក អាច​ភ្លេច​ជង់ តែ​ជង់ មិនដែល​ភ្លេច​កុក​ទេ​»​។​
 
​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ព្រមាន​ថា បើ​ក្រុមហ៊ុន​យន្តហោះ​ណាមួយ ដឹក​លោក សម រង្ស៊ី មក​កម្ពុជា នឹងត្រូវ​ជាប់ចោទ​ពីបទ​សមគំនិត​ផ្តួលរំលំ​រដ្ឋាភិបាល (​រួមគំនិត​ក្បត់ជាតិ​)​។ 
 
​លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​៨​នាក់​ទៀត​របស់លោក ដោយ​ក្នុងនោះ មាន​ទាំង​ភរិយា​របស់លោក​ផងដែរ ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​ឧបឃាត ដែល​សំដៅលើ​ការរៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​។ បទល្មើស​នេះ អាច​ឲ្យ​ពួកគេ ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ​។ 
 
​លើសពីនេះ អ្នកគាំទ្រ​របស់លោក​នៅ​ក្នុងស្រុក ត្រូវបាន​ចោទប្រកាន់​ជា​ហូរហែ​ពីបទ​រួមគំនិត​ក្បត់ជាតិ ដែល​សំដៅលើ​ការចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​។ បទល្មើស​នេះ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ ១០​ឆ្នាំ​។ 
 
​យ៉ាងណា សម រង្ស៊ី បកស្រាយ​ថា លោក មិនមែន​ចូលមក​កម្ពុជា ដើម្បី​ធ្វើ​រដ្ឋប្រហារ​ឬ​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​អ្វី​ឡើយ​។ លោក បាន​ហៅ ការដឹកនាំ​កម្លាំង​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ក្រៅប្រទេស ចូលមក​កម្ពុជា​វិញ​ជាមួយ​លោក និង​ការដែល​លោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស ងើប​តស៊ូ​ជាមួយ​លោក ថា ជាការ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ ចេះ​ប្រើ​អំណាច​របស់ខ្លួន ដើម្បី​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​ដែល​ពួកគេ​មិន​ពេញចិត្ត​។ 
 
​តាម​ផែន​ការដែល​ដាក់ចេញ​កន្លងមក លោក សម រង្ស៊ី និង​ក្រុមប្រឆាំង នឹង​ចូលមក​ទឹកដី​ថៃ ហើយនឹង​នាំ​ពលករ​ខ្មែរ ដើរ​ឆ្លងកាត់​ព្រំដែន​ចូលមក​កម្ពុជា​។ សហគមន៍​អន្តរជាតិ​ខ្លះ ប្រកាសថា ពួកគេ នឹង​តាមដាន​មើល​ដំណើរ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី​៕ 

Tag:
 សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
  កងកម្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com