អន្តរជាតិ
អាមេរិក​ព្រម​បើកទ្វារ​សម្រាប់​ថៃ ច​ចារ​រឿង​គម្រោង​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP
04, Nov 2019 , 5:10 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ស្តាំ) ដើរកាន់ដៃលោករដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross ក្រោមជំនួបទ្វេភាគីមួយ នៅថ្ងៃ ៣ វិច្ឆិកា ២០១៩ នាក្រុង បាងកក (Reuters)
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (ស្តាំ) ដើរកាន់ដៃលោករដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross ក្រោមជំនួបទ្វេភាគីមួយ នៅថ្ងៃ ៣ វិច្ឆិកា ២០១៩ នាក្រុង បាងកក (Reuters)
ដោយ:
​សហរដ្ឋអាមេរិក ព្រម​បើកទ្វារ​សម្រាប់​រដ្ឋាភិបាល​ថៃ​រៀបចំ​កិច្ចចរចា​ពាក់ព័ន្ធ​ផែនការ​ផ្អាក​អត្ថប្រយោជន៍​ក្រោម​ប្រព័ន្ធ​អនុគ្រោះ GSP មុន​ចំណាត់ការ​នេះ ចូល​ជា​ធរមាន​ក្នុងពេល​៦​ខែ​ខាងមុខ​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោកស្រី Narumon Pinyosinwat​។​

 
​កង្វល់​ជុំវិញ​ការសម្រេច​ផ្អាក GSP​នេះ ត្រូវបាន​លើកឡើង​អំឡុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross កាលពី​ថ្ងៃអាទិត្យ អំឡុង​ទស្សនកិច្ច​លោក​ក្នុងប្រទេស​ថៃ ដើម្បី​ចូល​រូ​ម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​ជំនួប​ពាក់ព័ន្ធ ។ លោកស្រី Narumon បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា លោក​ប្រា​យុទ្ធ​អះអាង​ប្រាប់​ភាគី​អាមេរិក​ថា លោក​យល់​ពី​ហេតុផល​របស់​ក្រុង​វ៉ាស៊ីនតោន ក៏ប៉ុន្តែ​សង្ឃឹមថា​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​មួយ​នោះ រដ្ឋបាល​អាមេរិក នឹង​ពិចារណា​ឡើងវិញ មុននឹង​វិធានការ​នេះ​ចូល​ជា​ធរមាន​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ​បាកក​ប៉ុស្តិ៍ លោកស្រី Narumon អះអាងថា លោក​រដ្ឋមន្ត្រី Ross ស្វាគមន៍​ចំពោះ​កិច្ចពិភាក្សា​អនាគត​ស្តីពី​បញ្ហា​នេះ​។ ទន្ទឹមនឹង​ក្តីសង្ឃឹម​រៀបចំ​កិច្ចចរចា​លើ​បញ្ហា​ផ្អាក GSP  រដ្ឋាភិបាល​ថៃ បញ្ជាក់ថា ខ្លួន​នឹង​រៀបចំ​ជំនួប​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​គោលដៅ​ស្តារ​ផល​ផលចំណេញ​រួមគ្នា ហើយ​ជំនួប​កំពូល​អាស៊ាន នឹង​ផ្តល់ឱកាស​សម្រាប់​លោកនាយ​ក​រដ្ឋមន្ត្រី​ជជែក​រឿងនេះ​ជាមួយ​គណៈប្រតិភូ​អាមេរិក​។ 
 
​បើតាម​លោកស្រី​អ្នកនាំពាក្យ លោក ប្រា​យុទ្ធ ក៏បាន​អរគុណ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross ដែល​ដឹកនាំ​ក្រុម​អ្នកវិនិយោគ​អាមេរិក​ធំៗ​មកជា​មួយ​លោក ហើយ​មេដឹកនាំ​រូបនេះ​មាន​ទំនុកចិត្ត​ថា ទស្សនកិច្ច​របស់​ពួកគេ​នេះ នឹង​ជួយ​បង្កើន​ការវិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​ថៃ​និង​សហរដ្ឋអាមេរិក​បន្ថែម​ទៀត​។ ជាមួយគ្នានេះ លោក​ប្រា​យុទ្ធ ថែមទាំង​ប្រាប់​ទៅកាន់​ក្រុម​អ្នកតំណាង​អាមេរិក​ថា រដ្ឋាភិបាល​ថៃ ត្រៀម​រួចរាល់​ក្នុង​ការផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​អាមេរិក ជាពិសេស​ក្រុមហ៊ុន​ផ្នែក​អាកាសចរណ៍  បច្ចេកវិទ្យា​ជីវៈ និង​វិស័យ​វេជ្ជសាស្ត្រ​។ 
 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​២៥ តុលា កន្លងទៅ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួន​នឹង​ផ្អាក​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ ១,៣​ពាន់​លាន​ដុល្លារ ក្រោម​ប្រព័ន្ធ GSP ហើយ​ផលិតផល​គ្រឿង​សមុទ្រ នឹងត្រូវ​ដកចេញ​ពី​កម្មវិធី​នេះ​។ ហេតុផល​នៃ​ការសម្រេចចិត្ត​នេះ​គឺថា ប្រទេស​ថៃ បរាជ័យ​ការពារ​សិទ្ធិ​ពលករ​៕
 
 
 
 

Tag:
 ​សហរដ្ឋអាមេរិក​
  ថៃ​
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com