អន្តរជាតិ
លោកត្រាំអញ្ជើញមេដឹកនាំអាស៊ានទៅអាមេរិក បន្ទាប់អវត្តមាននៅថៃ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ Reuters
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញប្រមុខដឹកនាំនៃបណ្តាលប្រទេសអាស៊ានទាំងអស់ទៅចូលរួមក្នុងកិច្ចប្រជុំពិសេស នៅសហរដ្ឋអាមេរិកឆ្នាំក្រោយ បន្ទាប់ពីលោកគ្មានវត្តមានក្នុងជំនួបកំពូលអាស៊ានលើកទី៣៥ ដែលរៀបចំឡើងនៅថៃ។
នៅក្នុងវេទិកាជំនួបកំពូលអាស៊ាន-អាមេរិកនាទីក្រុងបាំងកក នាថ្ងៃទី៤ ខែវិច្ឆិកា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ងើលិខិតមួយ ដើម្បីលួងលោមចិត្តថ្នាក់ដឹកនាំអាស៊ាន បន្ទាប់ពីអវត្តមានរបស់លោក។
តាមរយៈការអានសារលិខិតរបស់លោកត្រាំ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំ[ដូណាល់ ត្រាំ] ចង់យកឱកាសមួយនេះ អញ្ជើញប្រមុខដឹកនាំនៃបណ្តាលប្រទេសអាស៊ានទាំងអស់ ចូលរួមជាមួយខ្ញុំនៅក្នុងទឹកដីអាមេរិក សម្រាប់កិច្ចប្រជុំដ៏ពិសេសមួយ។ កិច្ចប្រជុំដ៏ពិសេសមួយនេះ នឹងធ្វើឡើងក្នុងអំឡុងពេលត្រីឆមាសដំបូងក្នុងឆ្នាំ ២០២០»។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel New Asia។
ក្នុងលិខិតមួយនេះ លោកត្រាំ ចង់ផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ ដែលមានវត្តមានក្នុងទឹកដីអាមេរិក។ ជាពិសេសកិច្ចប្រជុំមួយនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ទាក់ទិនទៅនឹងបញ្ហាសំខាន់ៗ។
បើទោះបីជាអវត្តមានលោក ត្រាំ ក្នុងកិច្ចប្រជុំនេះក្តី ប៉ុន្តែរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross បានប្រាប់ថ្នាក់ដឹកនាំអាស៊ានថា អាមេរិកនៅតែរក្សាទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍កាន់តែជិតស្និត និងប្តូរផ្តាច់ដដែល។
ទាក់ទិននឹងបញ្ហាអវត្តមានរបស់ប្រធានាធិបតីអាមេរិកក្នុងពេលនេះ វាទំនងជាបណ្តាលមកពីបញ្ហាអតុល្យភាពពាណិជ្ជកម្មរវាងអាមេរិក និងបណ្តាលប្រទេសអាស៊ានមួយចំនួន។ ជាក់ស្តែងតាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ តែងតែចោទបណ្តាលប្រទេសអាស៊ីថា ធ្វើឲ្យជញ្ជីងពាណិជ្ជកម្មអាមេរិកផ្អៀងទៅម្ខាង។ ការណ៍នេះ ធ្វើឲ្យអាមេរិកចង់បង្កើតកិច្ចព្រមព្រៀងទ្វេភាគីជាជាងពហុភាគី។
សូមបញ្ជាក់ថា អវត្តមានរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កើតមានពីរលើកមកហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ពោលគឺអវត្តមានលើកទីមួយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com