កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​សមាន​ជំនឿ​កាន់តែ​ខ្ពស់​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ក្រោយ​ឈ្នះ​មេដាយ​ពិភពលោក​នៅ​ចិន​
04, Nov 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា លោក ជា ប៊ុនហេង ជឿជាក់ថា កីឡាករ​ខ្លួន​នឹង​អាច​ដណ្តើមបាន​មេដាយ​ណាមួយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​ចុងឆ្នាំ​នេះ​។ ការបង្ហាញ​ជំនឿ​ខ្ពស់​បែបនេះ ធ្វើឡើង​ក្រោយ​កីឡាករ​សូ​ហ្វ​តិ​ន្នី​ស​ដណ្តើមបាន​មេដាយមាស​កម្រិត​២​លើ​វិញ្ញាសា​ជា​ក្រុម ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ចិន កាលពី​ចុងខែ​តុលា​។ ប្រតិភូ​កីឡា​សូ​ហ្វ​តិ​ន្នី​សបាន​នាំយក​ពាន និង​មេដាយ​មកដល់​មាតុភូមិ​នៅ​រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

 
 
​កីឡាករ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ដណ្តើមបាន​មេដាយមាស​លំដាប់​ទី​២(​កម្រិត​B)​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​១៦ World Soft Tennis Championships នៅ​ទីក្រុង Taizho ប្រទេស​ចិន លើ​វិញ្ញាសា​វាយ​ក្រុម​បុរស​។ មេដាយ​លំដាប់​ទី​២​នេះ​ម្ចាស់ផ្ទះ​ចិន បង្កើតឡើង​សម្រាប់​ក្រុម​ដែល​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​មេដាយ​កម្រិត​១​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ក្រុម​១៥​ផ្សេងទៀត ដែល​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្រោយ​ចាប់ឆ្នោត​ប៉ះ​កូរ៉េខាងត្បូង​។ នៅក្នុង​ការប្រកួត​ដណ្តើម​មេដាយ​កម្រិត​ទី​២​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​ក្នុង​វគ្គ​ជម្រុះ និង​បាន​យកឈ្នះ​ឡាវ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។  


 
​ទោះ​បាន​ត្រឹម​មេដាយ​លំដាប់​ទី​២ តែ​លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ចាត់ទុក​មេដាយ​នេះ ជា​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ថ្មី​មួយទៀត​សម្រាប់​សហព័ន្ធ ដ្បិត​ការចូលរួម​លើកដំបូង​នៅ​ប្រទេស​ឥណ្ឌា​កម្ពុជា​មិន​ទទួលបាន​មេដាយ​នោះទេ​។ កត្តា​នេះ សបញ្ជាក់​ឲ្យ​ឃើញថា សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​មានការ​រីកចម្រើន​ជាង​មុន​។ 
 
​សម្រាប់​ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​រូបនេះ ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​១៦​នៅ​ចិន គឺ​ការ​ផ្តល់ឱកាស​ចុងក្រោយ​ឲ្យ​កីឡាករ ដើម្បី​ដកស្រង់​បទពិសោធ និង​វាស់​ស្ទង់​ពី​កម្រិត​សមត្ថភាព មុន​ត្រៀម​ចេញទៅ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ចុងឆ្នាំ​នេះ​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​១​សប្តាហ៍ លោក សង្កេតឃើញថា កីឡាករ​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ដែល​ត្រូវ​ហ្វឹកហាត់​ពង្រឹង​បន្ថែម ពិសេស​កីឡាការិនី​។ 
 
​តែ​យ៉ាងណា លោក មានការ​ជឿជាក់​ខ្ពស់​លើ​សមត្ថភាព​កីឡាករ​កីឡាការិនី​ក្នុង​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​។ «​ការសម្រេចបាន​នូវ​សមិទ្ធផល​នៅលើ​ក​នេះ បង្ហាញ​ឲ្យ​ឃើញថា យើង​មានការ​រីកចម្រើន​ជាង​មុន ហើយ​យើង​សង្ឃឹម​ជឿជាក់ថា ពេល​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​នៅ​ចុងឆ្នាំ​នេះ យើង​នឹង​អាច​ដណ្តើមបាន​មេដាយ​»​។ នេះ​ជាការ​បង្ហាញ​ក្តី​របស់លោក ជា ប៊ុនហេង ដែល​ជំរុញ​ឲ្យ​កីឡាករ​ត្រូវ​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។   


 
​សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥-៣១ ខែតុលា ខាងលើ​មាន​កីឡាករ​កីឡាការិនី​មកពី​៣២​ប្រទេស​ចូលរួម ខណៈ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ចំនួន​១២​រូប​(​ស្រី​៦)​ឲ្យ​ចូលរួម តែ​ក្រុម​កីឡាការិនី​មិន​ទទួលបាន​មេដាយ​នោះទេ​។ ប្រតិភូ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​នាំយក​មេដាយ រួមជាមួយ​ពាន​មក​មាតុភូមិ​នៅ​រសៀល​ថ្ងៃទី​១ វិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក ជា ប៊ុនហេង និង​មន្ត្រី​ជាច្រើនរូប​ទៀត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕  





Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com