រថយន្ត
អន្តរជាតិ
Mercedes-Benz រថយន្ត​សំណព្វ​របស់ Drake, Floyd, រ៉ាំ​បូ និង​តារា​ល្បី​ផ្សេងទៀត​
04, Nov 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
Mercedes-Benz ត្រូវបាន​ចាត់ទុកជា​ប្រភេទ​រថយន្ត​ទំនើប និង​សំណព្វចិត្ត​របស់​តារា​ល្បីៗ​ជាច្រើន​លើ​ពិភពលោក​។ រថយន្ត​ខ្លះ បាន​បង្កើត​អនុស្សាវរីយ៍​ដ៏​ជ្រាលជ្រៅ​ជាមួយ​តារា​ទាំងនោះ រីឯ​ករណីខ្លះ គ្រាន់តែ​ជាការ​បង្អួត​ទ្រព្យ​គ្នា​ទៅវិញទៅមក​ប៉ុណ្ណោះ​។​

 
​សារព័ត៌មាន​ថ្មីៗ សូម​បង្ហាញ​សិល្បករ និង​កីឡា​ល្បី​ចំនួន​៥​រូប ដែល​ចូលចិត្ត​ប្រើប្រាស់​ផលិតផល Mercedes-Benz៖
 
​តារា​កំប្លែង​អាមេរិក Kevin Hart
​លោក Kevin តារា​កំប្លែង​ដ៏​ល្បីឈ្មោះ មានទ្រព្យ​សម្បត្តិ​ជាង​៤៥​លាន​ដុល្លារ​អាមេរិក​។ ទោះបីជា​ពេលវេលា​មមាញឹក​យ៉ាងណាក្តី គេ​ក៏​សង្កេតឃើញ លោក​ចូលចិត្ត​ធ្វើដំណើរ​តាម​រថយន្ត​ទំនើបៗ​នៅលើ​ផ្លូវថ្នល់​។ រថយន្ត​សំណព្វ​របស់លោក Hart ដែល​គេ​ឧស្សាហ៍​ប្រទះឃើញ​នោះ គឺ Mercedes-Benz G63 និង Mercedes-Benz SLS ពណ៌​ខ្មៅ​។​


 
​តារាចម្រៀង​កាណាដា Drake
​ទ្រព្យ​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក តារាចម្រៀង​រ៉េ​ប Drake មាន​រថយន្ត​ផ្ទាល់ខ្លួន​ជាច្រើន​។ តាមរយៈ​បទ​ចម្រៀង «30 for 30 Freestyle» គេ​ឃើញ Drake ប្រើ Mercedes-Benz S600 Pullman Maybach ដ៏​ទំនើប​។ Mercedes-Benz រហូតដល់​ទៅ​៣​គ្រឿង​ស្ថិតក្នុង​ចំណោម​រថយន្ត​ទំនើបៗ​១០​គ្រឿង​ដែល Drake ចូលចិត្ត​ជាងគេ រួមមាន Mercedes-Maybach G 650 និង Mercedes-Benz SLR McLaren ផងដែរ​។​
​ក្នុងចំណោម​រថយន្ត​ទំនើបៗ​១០​ដែល Drake ចូលចិត្ត មាន Mercedes-Benz រហូតដល់​ទៅ​៣​គ្រឿង 


 
​តារាភាពយន្ត​អាមេរិក Charlie Sheen
Sheen ចូលចិត្ត​សន្សំ​វត្ថុ​ខ្លាំងណាស់ ជាពិសេស​រថយន្ត ដោយ​ក្នុងនោះ​មាន​ម៉ាក Mercedes-Benz S-Class ដែល​លោកនិយម​ប្រើ​បំផុត​។ មិន​ត្រឹមតែ​ប្រើប្រាស់​ខ្លួនឯង​នោះឡើយ Sheen ក៏​ធ្លា​ប់យក Mercedes-Benz S63 និង CL 600 ទៅធ្វើជា​អំណោយ​ផងដែរ​។​


 
​អតីត​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather
​អ្នក​ប្រដាល់​ពិភពលោក Floyd Mayweather ធ្លាប់​បង្អួត​ថា គាត់​មាន​រថយន្ត​ជាច្រើន​ក្នុងតម្លៃ​សរុប​១៥​លាន​ដុល្លារ​អាមេរិក ដែល​ទិញ​ទុក ហើយ​មិនដែល​បាន​បើកបរ​។ ថ្ងៃមួយ Floyd បាន​បញ្ជា​ទិញ​រថយន្ត Mercedes-Benz SLS ភ្លាមៗ​ដើម្បី​បើក​ទៅ​អាកាសយានដ្ឋាន​។ អ្នក​ប្រដាល់​រូបនេះ មាន Mercedes-Benz និង​រថយន្ត​ជាច្រើន​ទៀត​ដែល​នៅក្នុង​យានដ្ឋាន​ផ្ទាល់ខ្លួន​។​


 
​តារាភាពយន្ត Sylvester Stallone ហៅ រ៉ាំ​បូ​
​លោក Sylvester Stallone ចូលចិត្ត​រថយន្ត Mercedes-Benz G63 ពណ៌​ខ្មៅ​របស់លោក​ខ្លាំង បើទោះបីជា​លោក​មាន​រថយន្ត​ផ្សេងទៀត​ក៏ដោយ​។ ប្រភេទ Mercedes-Benz ដែល​តារា​សម្តែង​រ៉ាំ​បូ ប្រើប្រាស់​មានដូចជា Mercedes SL63 AMG black series, Mercedes Benz SLG AMG និង Custom Mercedes G-Class ជាដើម​។ ទោះ​ឈានដល់​វ័យ​៧៣​ឆ្នាំ​ក៏ដោយ ក៏​លោក​នៅតែ​ចូលចិត្ត​បើករថយន្ត​ដោយ​ខ្លួនឯង ដែល​នាំ​ឲ្យ​មានការ​បង្កើត Fake News ផ្សេងៗ ទាក់ទង​នឹង​ជីវិត​របស់គាត់​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com