ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​បញ្ហា​ដំបៅ​ក្រពះ​ត្រូវ​ចៀសឱ្យផុត​អាហារ​ទាំងនេះ​
05, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការទទួល​ទាន​អាហារ​ផ្ដេសផ្ដាស​នៅពេល​មាន​ដំបៅ​ក្រពះ​អាច​បណ្ដាលឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ ហើយ​អ្នកនឹង​ទទួលរង​ការឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ​ក្នុង​ពោះ​ជាក់​ជាមិនខាន​! ក្រហាយ​ទ្រូង ចង្អោរ​ចង់​ក្អួត ក្អួត និង​ហើមពោះ​ជា​អាកា​រៈ​គួរឱ្យ​រំខាន​ផ្សេងទៀត​នៃ​បញ្ហា​ដំបៅ​ក្រពះ​។ ដូច្នេះហើយ​ទើប​ការដឹង​ពីអ្វី​ដែល​អ្នក​មិនគួរ​ទទួលទាន​នៅពេល​ជួបប្រទះ​បញ្ហា​ដំបៅ​ក្រពះ គឺ​ពិតជា​សំខាន់​ណាស់​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​ឆាប់​ជាសះស្បើយ​៖
 
១. អាហារ​សម្បូរ​ខ្លាញ់​

​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​អាច​បង្កើន​ការផលិត​អាស៊ីត​ក្រពះ​ច្រើន​ហួសប្រមាណ​ដែល​នឹង​បង្កបញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ចំពោះ​ស្ថានភាព​នៃ​ដំបៅ​ក្រពះ​។ ដូច្នេះ​នៅពេល​អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ ចូរ​ព្យាយាម​ចៀសឱ្យផុត​ពី​អាហារ​បំពង ឬ​ចៀន​ដោយ​ជំនួស​មកវិញ​នូវ​អាហារ​ដុត អាំង ចំហុយ ស្ងោរ​។​
 
២. អាហារ​ហឹរ​

​អាហារ​ប្រភេទ​នេះ​អាចធ្វើឱ្យ​រលាក ឬ​ជះ​ផលប៉ះពាល់​ដល់​ស្រទាប់​ខាងក្នុង​នៃ​ក្រពះ​។ ដូច្នេះ​ដើម្បី​ចៀសផុត​បញ្ហា​ដំបៅ​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ ចូរ​បញ្ឈប់​ការទទួល​ទាន​អាហារ​ហឹរ​គ្រប់​ប្រភេទ​សិន​។​
 
៣. ផ្លែឈើ​មាន​ជាតិ​អាស៊ីត​ខ្ពស់​

​ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព​រាងកាយ ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ផ្លែឈើ​ដែលមាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ឡើយ​ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ដំបៅ​ក្រពះ​កាន់តែ​អាក្រក់​ឡើង​។​
 
៤. ប៉េងប៉ោះ​

​ទោះជា​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ល្អ​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ប៉ុន្តែ​ការទទួល​ទាន​ប៉េងប៉ោះ​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ដំបៅ​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ​។ ដូច្នេះ​កំឡុងពេល​មិនទាន់​ជាសះស្បើយ​ចូរ​បញ្ឈប់​ការទទួល​ទាន​សិន​។​
 
៥. សូកូឡា​

​ប្រសិនបើ​អ្នក​ឈឺ​ចុក​ក្នុង​ពោះ​ខ្លាំង​ក្រោយ​ទទួលទាន​សូកូឡា​នោះ​មានន័យថា​ដំបៅ​ក្រពះ​មិនអាច​ទទួលយក​អាហារ​នេះឡើយ​។ ទោះជា​យ៉ាងណា​អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ​ខ្លះ​អាច​ទទួលទាន​សូកូឡា​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។​
 
៦. កាហ្វេ​

​ការ​ទទួលទាន​កាហ្វេ​ជាពិសេស​នៅពេល​ព្រឹក​មិនទាន់​ញ៊ាំ​អ្វី​ផ្សេង​អាច​បង្កបញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​ស្ថានភាព​នៃ​ដំបៅ​ក្រពះ​។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​បញ្ឈប់​ការទទួល​ទាន​កាហ្វេ​មួយរយៈ​សិន​រហូតដល់​ជាសះស្បើយ​។​
 
៧. គ្រឿង​ស្រវឹង​

​ភេសជ្ជៈ​មួយទៀត​ដែល​អ្នក​គួរ​ចៀសវាង​កំឡុងពេល​មាន​បញ្ហា​ដំបៅ​ក្រពះ​នោះ គឺ​គ្រឿង​ស្រវឹង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com