ជាតិ
វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅឆ្នាំ២០២០ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានប្រគល់ញញួរជាប្រធានបន្តវេនដឹកនាំអាស៊ានដល់លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៤ វិច្ឆិកា នាទីក្រុងបាងកក ប្រទេសថៃ
× ភ្នំពេញ៖ វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅឆ្នាំ២០២០។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រគល់ញញួរបន្តវេនទៅដល់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក កាលពីថ្ងៃទី៤ វិច្ឆិកា។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ដែលរៀបចំឡើងនៅក្នុងប្រទេសថៃ រយៈពេល៣ថ្ងៃមកនេះ បានបិទបញ្ចប់ហើយ ក្រោមការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក និងប្រទេសដៃគូអាស៊ានជាច្រើនដូចជា ចិន ឥណ្ឌា រុស្សី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ ស្ថេរភាព សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកក បានផ្តល់ឱកាសឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរ ។
សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងលើកទី៣៧ នឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសវៀតណាម ដែលទទួលបានញញួរជាប្រធានបន្តវេនដឹកនាំ នៅឆ្នាំ២០២០។ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្តេជ្ញាចិត្តចំពោះមុខមេដឹកនាំអាស៊ាន ក្នុងការដឹកនាំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ ឲ្យកាន់តែទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ នៃប្រជាជនអាស៊ានទាំងជាង៦៥០លាននាក់។ នេះបើតាមហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានទាំង៣៥លើកកន្លងមក បានរៀបចំនៅក្នុងប្រទេសឥណ្ឌូណេស៊ី ៤លើក (១៩៧៦ ,២០០៣, ខែឧសភា និងវិច្ឆិកា ២០១១) ម៉ាឡេស៊ី ៤លើក (១៩៧៧ ,២០០៥ ,ខែមេសា និងវិច្ឆិកា ២០១៥) ហ្វីលីពីន ៤លើក (១៩៨៧ ,២០០៧ ,ខែមេសា និងវិច្ឆិកា ២០១៧) សិង្ហបុរី៤លើក (១៩៩២ ,២០០៧ ,ខែមេសា និងវិច្ឆិកា ២០១៨) ថៃ ៥លើក (១៩៩៥, ខែមេសា និងតុលា ២០០៩ ,ខែមិថុនា និងវិច្ឆិកា ២០១៩) វៀតណាម ៣លើក (១៩៩៨ ,ខែមេសា និងតុលា ២០១០) ប្រ៊ុយណេ ៣លើក (២០០១ ,ខែមេសា និងតុលា ២០១៣) កម្ពុជា៣លើក (២០០២ ,ខែមេសា និងវិច្ឆិកា២០១២) ឡាវ ៣លើក (២០០៤ ,២០១៦) និងមីយ៉ាន់ម៉ា២លើក (ខែឧសភា និងវិច្ឆិកា ២០១៤)៕
© រក្សាសិទ្ធិដោយ thmeythmey.com