អន្តរជាតិ
ហ្វេសប៊ុកបញ្ចេញLogoថ្មីបង្អួតថា ខ្លួនជាមេរបស់ Instagram និង WhatsApp …
× ក្រុមហ៊ុនហ្វេសប៊ុក (Facebook) នៅថ្ងៃ ៤ វិច្ឆិកា បានបញ្ចេញនិមិត្តសញ្ញាតំណាង (Logo) ដែលមានគោលដៅតំណាងក្រុមហ៊ុនមេជាម្ចាស់បណ្តាញសង្គមហ្វេសប៊ុក, Instagram, WhatsApp និងផ្សេងៗទៀត។ ទន្ទឹមនេះគម្រោងនេះក៏ជាការពង្រឹងតម្លាភាពបន្ថែមទៀតសម្រាប់ក្រុមហ៊ុនខ្លួនផងដែរ។
និមិត្តសញ្ញាតំណាង ដែលរំលេចពាក្យ Facebook(FB) ក្នុងអក្សរធំទាំងហើយប្រើប្រាស់ពុម្ពអក្សរថ្មី ថែមទាំងប្រែពណ៌ដូចជា ខៀវ, បៃតង និងពណ៌ផ្កាឈូកលាយក្រហម។ ពណ៌ទាំងអស់នេះតំណាងឲ្យម៉ាកបណ្តាញសង្គមដែលក្រុមហ៊ុន ហ្វេសប៊ុក គ្រប់គ្រង រួមមាន ពណ៌ខៀវតំណាងឲ្យហ្វេសប៊ុក, ពណ៌បៃតងតំណាងឲ្យ WhatsApp និងពណ៌ផ្កាឈូកលាយក្រហមតំណាងឲ្យ Instagram ។
Logo ស៊េរីថ្មីនេះ នឹងដាក់ឲ្យប្រើប្រាស់នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្រុមហ៊ុន ហ្វេសប៊ុក បញ្ជាក់បែបនេះ ដោយសង្កត់ធ្ងន់ថា គោលដៅនៃការបង្កើតភាពខុសប្លែកគ្នាតាមរយៈរូបភាពរវាងក្រុមហ៊ុននិងកម្មវិធីបែបនេះ គឺដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ដឹងថា កម្មវិធីនានារបស់ខ្លួនប្រើប្រាស់ហេដ្ឋរចនាសម្ព័ន្ធរួមគ្នា ហើយពឹងផ្អែកភាគច្រើនលើក្រុមអ្នកបច្ចេកទេសតែមួយ។ ម្យ៉ាងទៀត គឺដើម្បីឲ្យអ្នកប្រើប្រាស់ដឹងថាតើក្រុមហ៊ុនមួយណាដែលបង្កើតផលិតផលឲ្យពួកគេប្រើប្រាស់។
សូមបញ្ជាក់ថា គម្រោងផ្លាស់ប្តូរ Logo របស់ ហ្វេសប៊ុក គឺជាការឆ្លើយតបមួយទៅអ្នកប្រើប្រាស់កម្មវិធីបណ្តាញសង្គមរបស់ខ្លួន។ ការស្ទង់មតិមួយ កាលពីថ្មីៗនេះ របស់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា Pew នៅសហរដ្ឋអាមេរិក រកឃើញថា ប្រជាជនអាមេរិកត្រឹម២៩ភាគរយប៉ុណ្ណោះ ឆ្លើយសំណួរត្រឹមត្រូវថា Instagram និង WhatsApp កាន់កាប់ដោយ ហ្វេសប៊ុក៕
Tag:
ហ្វេសប៊ុក
កម្មវិធី
© រក្សាសិទ្ធិដោយ thmeythmey.com