ជាតិ
រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ជជែក​ពី​សំណើ​វិសោធនកម្ម​ច្បាប់​អង្គការ ជា​លើកដំបូង ក្រោយ​ការអនុវត្ត​ទាំង​ចម្រូងចម្រាស​អស់​ជាង​៤​ឆ្នាំ​
05, Nov 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់​សហជីព សមាគម និង​អង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់​សហជីព សមាគម និង​អង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បានចាប់ផ្តើម​ជជែក​ជា​លើកដំបូង​អំពី​សំណើ​ធ្វើ​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលជា​ច្បាប់​ដាក់​កម្រិត​សកម្មភាព​របស់​អង្គការ​និង​សមាគម បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​និង​អនុវត្ត​ដោយ​ភាពចម្រូងចម្រាស​អស់​រយៈពេល​ជាង​៤​ឆ្នាំ​។​

 
​កិច្ចពិភាក្សា​នេះ​ធ្វើឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា​២០ បានដាក់​សេចក្តីស្នើ​ធ្វើ​វិសោធនកម្ម​ដាច់ដោយឡែក​ពីគ្នា​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ខែកញ្ញា​កន្លងទៅ​។​
 
​ក្នុង​កិច្ចពិភាក្សា​នៅ​ក្រសួងមហាផ្ទៃ​នា​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បានដាក់​សេចក្តីស្នើ​ធ្វើ​វិសោធនកម្ម​ចំនួន​១៧​មាត្រា បាន​លើក​អំពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការលំបាក​និង​ភាពមិនច្បាស់លាស់ ដូចជា​ការអនុវត្ត​ការងារ ការកំណត់​និយមន័យ​របស់​អង្គការ អ​ព្យា​ក្រឹត្យ​ភាព​របស់​អង្គការ​ជាមួយ​គណបក្សនយោបាយ និង​ការពិបាក​ក្នុងការ​ចុះបញ្ជី​អង្គការ សមាគម​ជាដើម​។​
 
​យ៉ាងណាក្តី ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ក្រុម​សង្គម​ស៊ីវិល និង​តំណាង​ក្រសួងមហាផ្ទៃ​បាន​ពិភាក្សា​លើ​មាត្រា​ទើបតែ​៤​ប៉ុណ្ណោះ​។​
 
​លោក យឿ​ង សុធា​រ៉ា តំណាង​ពី​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) លើកឡើងថា មាត្រា​៣​នៃ​ច្បាប់​នេះ​កំណត់ថា សមាគម​និង​អង្គការ​ដែល​បាន​ចុះបញ្ជី​អាចអនុវត្ត​ការងារ​បាន ប៉ុន្តែ​មាត្រា​នេះ​មិនបាន​កំណត់​ពី​សហគមន៍​។ ការណ៍​នេះ​បាន​នាំ​ឲ្យ​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​នៅពេលដែល​សហគមន៍​ធ្វើការ​ជួបជុំ​ណាមួយ​។​
 
​ចំណែក​លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លើកឡើង​ក្នុង​កិច្ចពិភាក្សា​នោះ​ថា អង្គការ​និង​សមាគម​មួយចំនួន​ត្រូវបាន​ក្រសួងមហាផ្ទៃ​បដិសេធ​មិន​ចុះឈ្មោះ ដោយ​លើក​មូល​ហេតុថា ឈ្មោះ​និង​សកម្មភាព​របស់​អង្គការ​នោះ​មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​។ ប៉ុន្តែ​លោក ករុណា បញ្ជាក់ថា អង្គការ សមាគម​ទាំងនោះ​មានឈ្មោះ និង​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការជំរុញ​យុវជន​ឲ្យ​ចេះ​ធ្វើ​នយោបាយ ដោយ​មិន​លម្អៀង​លើ​គណបក្សនយោបាយ​ណាមួយ​នោះទេ​។​
 
​យ៉ាងណាក្តី លោក ប៊ុន ហុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ដោះស្រាយ​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ​បាន​និយាយថា អង្គការ​ឬ​សមាគម​មិនគួរ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​នោះទេ​។​


លោក ប៊ុន ហុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយសំណូមពររបស់អង្គការសង្គមស៊ីវិលនៃក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកកាសែត បន្ទាប់ពីជំនួបជាមួយនឹងក្រុមអង្គការសង្គមស៊ីវិល នៅឯក្រសួងមហាផ្ទៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រាប់ VOA ក្រោយ​បញ្ចប់​ការពិភាក្សា​នោះ​ថា មូលហេតុ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​មាត្រា​ទាំងនោះ គឺ​ដោយសារ​សង្គម​ស៊ីវិល​រង​នូវ​ការគំរាមកំហែង ការបិទ​និង​ការ​រឹតត្បិត​ការធ្វើសកម្មភាព​ការងារ​ផ្សេងៗ​។ លោក​បន្ត​ដោយ​រំពឹងថា សំណើសុំ​ធ្វើ​វិសោធនកម្ម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​ទទួលបាន​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​រដ្ឋាភិបាល​។​
 
«​បើសិនជា​សេចក្តីសម្រេច​មួយ​ដែល​អត់​ឆ្លើយតប​ទៅនឹង​សំណូមពរ អាហ្នឹង​ខ្ញុំ​គិតថា​នៅតែ​ជា​បញ្ហា​កង្វល់ ហើយ​បញ្ហា​ទាំងអស់​ហ្នឹង​នៅតែ​មិនអាច​ដោះស្រាយបាន​។ អញ្ចឹង​ដើម្បី​ដោះស្រាយបាន​នូវ​បញ្ហា​ទាំងអស់​ហ្នឹង គួរតែមាន​ការពិនិត្យ​និង​ពិចារណា​ទទួលយក ហើយ​សម្រេច​ទៅតាម​អ្វីដែល​ជាការ​ស្នើសុំ អាហ្នឹង​ជា​រឿង​មួយ​ដែល​យើង​ចង់បាន​ក្នុងការ​កែលម្អរ​ទៅលើ​គម្រោង​ឬ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ជួបប្រទះ​និង​ប្រឈម​នាពេល​កន្លងមក​»​។​
 
​ច្បាប់​ស្តីពី «​សមាគម​និង​អង្គការ​មិនមែន​រដ្ឋា​ភិ​បា​ល‍​» មាន​៩​ជំពូក​និង​៣៩​មាត្រា ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភាជាតិ កាលពី​ខែកក្កដា ឆ្នាំ​២០១៥​។ ច្បាប់​នេះ​ត្រូវ​បានអនុម័ត​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដើរតួនាទី​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង ពី​សិទ្ធិសេរីភាព​របស់​ពួកគេ​ក្នុង​ការតវ៉ា​និង​ការប្រមូលផ្តុំ​ដើម្បី​ស្នើសុំ​ឲ្យ​ការផ្លាស់ប្តូរ ឬ​ការដោះស្រាយ​ណាមួយ​ពី​រដ្ឋាភិបាល ដូចជា​ការគោរព​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាន​។​
 
​រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើងថា ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋា​ភិ​បា​ល‍ បង្កើតឡើង​ដើម្បី​រារាំង​អំពើ​ភេរវកម្ម​និង​ការលាង​លុយកខ្វក់​។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​ជាច្រើន​បាន​និយាយ​ប្រឆាំងនឹង​ច្បាប់​នេះ​។ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ផ្សេងទៀត​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បោះបង់​ច្បាប់​នេះ​ចោល​។​
 
​ក្នុង​ការជជែក​ពិភាក្សា​នោះ​លោក ប៊ុន ហុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ដោះស្រាយ​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើកដំបូង​នោះ​ថា ក្រសួង​គ្រាន់តែ​កត់ត្រា​ទុក​រាល់​បញ្ហា និង​អនុសាសន៍​ដែល​បានលើកឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល​។ លោក​បន្តថា ដោយសារតែ​ការពិភាក្សា​ទើបតែ​បាន​៤​មាត្រា ដូច្នេះ​ក្រសួង​មិនទាន់​អាច​សម្រេច​បែបណា​នៅឡើយ ។​
 
«​តាម​ធម្មតា​ការសម្រេច​ទៅលើ​វិសោធនកម្ម​ច្បាប់ គឺ​មិនមែនជា​រឿង​ងាយស្រួល​ទេ ដែល​អង្គការ​សង្គម​ស៊ីវិល​ដែល​គាត់​យល់​ហ្នឹង ជួនកាល​គាត់​នៅមានកម្រិត​មួយ​ដែល​គាត់​ត្រូវការ​ស្វែងយល់​បន្ថែម​ជាមួយគ្នា​គាត់ ជាពិសេស​អ្នកជំនាញៗ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​អាច​នឹង​មកជួប​ជុំគ្នា ពិភាក្សាគ្នា ហើយ​ស្វែងរក​នូវ​ខ្លឹមសារ​រួមមួយ​សម្រាប់​យកមក​ពិភាក្សា​ជាមួយ​ក្រុមការងារ​យើងខ្ញុំ​ទៀត​»​។​
 
​ចាប់តាំងពី​ពេលដែល​ច្បាប់​នេះ​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​យ៉ាងហោចណាស់​មាន​អង្គការ​ជាតិ​-​អន្តរជាតិ​ចំនួន​បី ត្រូវបាន​បិទ និង​ផ្អាក​សកម្មភាព​។ អង្គការ​សមធម៌​កម្ពុជា​ត្រូវបាន​ក្រសួងមហាផ្ទៃ​បាន​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន ក្រោម​មូល​ហេតុថា អង្គការ​នេះ​បានធ្វើ​សកម្មភាព​ផ្ទុយទៅនឹង​លក្ខន្តិកៈ​របស់ខ្លួន និង​ខុស​ទៅនឹង​បទបញ្ញត្តិ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ក្រសួងមហាផ្ទៃ​ក៏បាន​ប្រកា​សបិទ​អង្គការ​មាតា​ធម្មជាតិ​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​។ ចំណែក​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​សហរដ្ឋអាមេរិក ដែលមាន​វត្ត​មាននៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣​មក​នោះ ក៏​ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​បិទ​ចោល​កាលពី​ខែសីហា ឆ្នាំ​២០១៧ ដោយ​ចោទថា អង្គការ​នេះ​ធ្វើ​ខុសច្បាប់​ស្តីពី​សារពើពន្ធ និង​ច្បាប់​ស្តីពី​អង្គការ សមាគម​។​
 
​ការបង្ក្រាប​លើ​សង្គម​ស៊ីវិល បាន​ក្លាយជា​ចំណុចក្តៅ​មួយ​ដែល​ចាត់​ចូល​ជា​មូលហេតុ​នាំ​ឲ្យ​សហគមន៍​អឺរ៉ុប​សម្រេច​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» ឬ​ហៅថា EBA ក្រៅពី​ការបង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សិទ្ធិ​ធ្វើ​នយោបាយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com