ជាតិ
មន្ត្រី និង​អ្នកសារព័ត៌មាន​កម្ពុជា​ជិត​៣០​រូប ទៅ​ទស្សនកិច្ច​នៅ​វៀតណាម ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌​
05, Nov 2019 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​ក្រសួង​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ពី​ស្ថាប័ន​ផ្សេងៗ​ជិត​៣០​នាក់ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៥ វិច្ឆិកា​នេះ ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។​

 
​អនុ​រដ្ឋលេខា​ក្រសួង​ព័ត៌មាន លោក ឆាយ សុផល បាន​និយាយថា គោលបំណង​ដ៏​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​វិស័យ​វប្បធម៌ សិល្បៈ អប់រំ ព័ត៌មាន និង​ផ្សព្វផ្សាយ​រវាង​ប្រទេស​ទាំងពីរ ដែលជា​ប្រយោជន៍​ក្នុងនាម​ប្រទេសជិតខាង ក៏ដូចជា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។ លោក ឆាយ សុផល បាន​និយាយ​ដូច្នេះ​ថា​៖« ជាការ​ពិត កម្ពុជា និង​វៀតណាម​មាន​វប្បធម៌​ដោយឡែកៗ និង​ពិសេស​រៀងៗ​ខ្លួន ដូច្នេះ​ការស្វែងយល់ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​វិស័យនេះ ពិតជា​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ពិសេស​យុវជន​កាន់តែ​យល់​គ្នា និង​រស់នៅ​ភូមិ​ផង​របង​ជាមួយគ្នា​ប្រកបដោយ​សុខដ​មរ​មនា​»​។​


 
​ដំណើរ​ទស្សនកិច្ច​ចូលរួម​ក្នុង «​ពិធី​ផ្លាស់ប្តូរ​បទពិសោធន៍​ផ្នែក​វប្បធម៌​សម្រាប់​អ្នកសារព័ត៌មាន​វ័យក្មេង យុវជន និង​និស្សិត​» ដែលមាន​ប្រតិភូ​ផ្នែក​សារព័ត៌មាន​ចំនួន​២៧​រូប និង​យុវជន និស្សិត​ប្រមាណ​៦២​រូប​ផ្សេងទៀត​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​ធ្វើឡើង​នៅ​ខេត្ត​តៃនិញ និង​ទីក្រុង​ហូជីមិញ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ វិច្ឆិកា​។   
 
​​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មានការ​អញ្ជើញ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តាមរយៈ​ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយ ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com