ជាតិ
សង្គមជាតិ
វៀតណាម បំពាក់គ្រឿងឥស្សរិយយស ជូនមេទ័ពកំពូលកម្ពុជា លោក ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បំពាក់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពជូនលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (រូបពីក្រសួងការពារជាតិ)
× វៀតណាម ជូនគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ដល់លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងយោធាជាន់ខ្ពស់ និងអង្គភាពយោធាកម្ពុជាផ្សេងទៀត ដែលសរុបមាន ១៤១រូប/អង្គភាព ដោយសារតែមានស្នាដៃក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការពារជាតិកម្ពុជា។
ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ គឺធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង នាយឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពវៀតណាម។
ក្រៅពីលោក វង្ស ពិសេន យោធាជាន់ខ្ពស់កម្ពុជាផ្សេងទៀត ដែលទទួលបានគ្រឿងឥស្សរិយយសពីវៀតណាមដែរនោះ មានដូចជា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស, នាយឧត្តមសេនីយ៍ ស៊ឹង សំណាង អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងអាកាស, នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងទឹក, និង នាយឧត្ដមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ ។ល។
ចំណែកអង្គភាពយោធា ដែលទទួលបាន រួមមាន កងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ យោធភូមិភាគទី១ យោធភូមិភាគទី២ យោធភូមិភាគទី៣ យោធភូមិភាគទី៤ យោធភូមិភាគទី៥ យោធភូមិភាគពិសេស បញ្ជាការដ្ឋានការពារអាកាស បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក និង បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ។ល។
លោក ផាន វ៉ាន់ហ្សាង ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសនោះថា ប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពកម្ពុជា-វៀតណាម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងជួយគ្នាទៅវិញទៅមក។ ក្រសួងការពារជាតិកម្ពុជា បានស្រង់សម្តីរបស់លោក ផាន វ៉ាន់ហ្សាង ទៅចុះផ្សាយដូច្នេះថា៖«គ្មានអ្វីដែលអាចបំបែកបំបាក់ចំណងសាមគ្គីភាពមិត្តភាពយូរអង្វែងរបស់ប្រទេសទាំងពីរបានឡើយ បើទោះមានក្រុមប្រឆាំងចង់បំបែកបំបាក់ទំនាក់ទំនងមិត្តភាពសាមគ្គីភាព រវាងប្រទេសទាំងពីរយ៉ាងណាក៏ដោយ...»។
លោក វង្ស ពិសេន ចាត់ទុក ការជូនគ្រឿងឥស្សរិយយសនេះ ដល់លោក និងយោធាកម្ពុជា ថាជាការការឆ្លុះបញ្ចាំងពីស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម។ លោក អរគុណវៀតណាម ដែលតែងគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា៕
Tag:
កម្ពុជា
វៀតណាម
យោធា
គ្រឿងឥស្សរិយយស
© រក្សាសិទ្ធិដោយ thmeythmey.com