អន្តរជាតិ
ជប៉ុន​ប្តេជ្ញា​ជំរុញ​ការវិនិយោគ​និង​កម្ចី​ទ្វេដង​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​
05, Nov 2019 , 2:15 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (ពីឆ្វេងទៅស្តាំ លេខរៀងទី៥) ចាប់ដៃជាមួយមេដឹកនាំអាស៊ាន អំឡុងជំនួបកំពូលអាស៊ាន-ជប៉ុនលើក២២ នាក្រុង បាងកក ថៃ ថ្ងៃ ៤ វិច្ឆិកា ២០១៩ (Kyodo)
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (ពីឆ្វេងទៅស្តាំ លេខរៀងទី៥) ចាប់ដៃជាមួយមេដឹកនាំអាស៊ាន អំឡុងជំនួបកំពូលអាស៊ាន-ជប៉ុនលើក២២ នាក្រុង បាងកក ថៃ ថ្ងៃ ៤ វិច្ឆិកា ២០១៩ (Kyodo)
​ជប៉ុន សន្យាថា​នឹង​វិនិយោគ​និង​កម្ចី​ទ្វេដង សម្រាប់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ និង​ស្ថិរភាព​នៅក្នុង​តំបន់​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​នា​ថ្ងៃទី​៤ ខែវិច្ឆិកា​។ ក្រៅពី​រឿង​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ ជប៉ុន​ក៏​លើកឡើង​ពី​អធិករណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​កូរ៉េខាងជើង​ផងដែរ​។​


 
​នៅក្នុង​ជំនួប​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី​២២ នាទី​ក្រុង​បាងកក លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ិន​ហ្សូ អា​បេ បាន​សន្យាថា ជប៉ុន​នឹង​ជួយ​ជំរុញ​ការវិនិយោគ និង​ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ច្រើនជាង​មុន នៅក្នុង​អាស៊ាន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (Jica)​។ តាមរយៈ​ភ្នាក់ងារ​មួយ​នេះ ជប៉ុន​នឹង​អភិវឌ្ឍ​ទៅលើ​វិស័យ​សំខាន់ៗ​ដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និង​ការ​ឲ្យ​តម្លៃ​ស្ត្រី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​Kyodo​។ 
 
​ទន្ទឹមនឹង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ លោក​អា​បេ បាន​សន្យា​ទៀតថា ភាគី​ជប៉ុន នឹង​សម្របសម្រួល​ជាមួយ​អាស៊ាន ដើម្បី​ធ្វើ​ឲ្យ​លេចចេញ​ជា​រូបរាង​ឡើងលើ​យុទ្ធសាស្ត្រ «​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​» សេរី និង​បើកចំហ​។ ជាការ​ពិត គំនិត​ផ្តួចផ្តើម «​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​» បង្កើតឡើង ក្នុង​គោលបំណង​លើកកម្ពស់​ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់​ចន្លោះ​ទ្វីបអាស៊ី និង​ទ្វីប​អា​ហ្រិ្វ​ក ដោយ​អនុលោម​តាម​គោលការណ៍​នីតិរដ្ឋ​និង​សេរីភាព​នៃ​នាវាចរណ៍​។ 
 
​ក្រៅពី​បញ្ហា​ខាងលើ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​វ័យ​៦៥​ឆ្នាំ​រូបនេះ ក៏បាន​លើកឡើង​ពី​បញ្ហា​អធិករណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​កូរ៉េខាងជើង​ផងដែរ​។ ជាក់ស្តែង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​អា​បេ​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់ បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​ដែនសមុទ្រ​ជម្លោះ​។ ចំណែក​បញ្ហា​កូរ៉េខាងជើង លោកនាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ប្រទេស​អាស៊ាន​ទាំងអស់ ឃ្លាំមើល​ការសាកល្បង​មី​ស៊ី​ល​ទីក្រុង​ព្យុងយ៉ាង និង​សហការ​ជាមួយ​ជប៉ុន ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ​នេះ​។​
 
​សូមបញ្ជាក់ថា ទំហំ​វិនិយោគ​ទៅវិញទៅមក​រវាង​ជប៉ុន និង​អាស៊ាន គឺមាន​រហូតដល់​២១១​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៧ ឬ​ស្មើនឹង​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ជប៉ុន​ប្រមាណ​ជា ១៥​ភាគរយ​។ តួលេខ​នេះ បើ​ធៀប​ជាមួយនឹង​ទំហំ​ពា​ណិ​ជ្ម​កម្ម​សរុប​របស់​អាស៊ាន​វិញ គឺ​ស្មើនឹង ៩​ភាគរយ​ប៉ុណ្ណោះ​។ ដោយសារ​ទំហំ​ពាណិជ្ជកម្ម​មួយ​នេះ ធ្វើ​ឲ្យ​ជប៉ុន​ស្ថិត​នៅក្រោយ​ប្រទេស​ចិន អឺរ៉ុប និង​អាមេរិក ដែលជា​ដៃគូរ​ពាណិជ្ជកម្ម​របស់​អាស៊ាន​៕

Tag:
 ជប៉ុន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com