កីឡាជាតិ
ជាតិ
កម្ពុជា​នឹងចូលរួម​ប្រជែង​ជើងឯក​ពិភពលោក Mobile Legend: Bang Bang ដែលមាន​ប្រាក់រង្វាន់​២៥​ម៉ឺន​ដុល្លារ​
05, Nov 2019 , 2:54 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា នឹង​បញ្ជូន​កីឡាករ​១​ក្រុម​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក Mobile Legend: Bang Bang World Championship នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី នា​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ ការប្រកួត​ដ៏​ធំ​មិន​ធ្លាប់មាន​នេះ មាន​ក្រុម​ផ្សេង​ដែល​មកពី​ប្រទេស​ជាង​១០​ចូលរួម និង​មាន​ប្រាក់រង្វាន់​សរុប​២៥​ម៉ឺន​ដុល្លារ​។ នេះ​ជា​បទពិសោធ និង​ជា​ការវាស់ស្ទង់​សមត្ថភាព​កីឡាករ​កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។​

 
Mobile Legends: Bang Bang ដែលជា​វិញ្ញាសា​ដ៏​ពេញនិយម​នៅលើ​ពិភពលោក នឹងដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អា​ឡិច​ត្រូ​និក​ជ្រើស​ជើងឯក​ពិភពលោក M1 World Championship ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥-១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សមរភូមិ​ទីលាន Asiata Arena នៅ​តំបន់ Bukit Jalil ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។   
 
​ក្រុម​កីឡាករ​អេឡិចត្រូនិក​ខ្លាំងៗ ដែលមាន​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់​មកពី​១៤​តំបន់​ជុំវិញ​ពិភពលោក នឹង​ប្រកួតប្រជែង​គ្នា​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​មួយ​នេះ​។ ការប្រកួត​ដែល​ផ្សាយ​ផ្ទាល់​តាម Youtube Gaming នេះ នឹង​ក្លាយជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញាសា Mobile Legends: Bang Bang ដើម្បី​យកទៅ​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ 


 
​កម្ពុជា ក៏​ជា​សមាសភាព​មួយ​ក្នុងការ​ប្រកួត​លំដាប់​ពិភពលោក​នេះដែរ ដោយ​ពួកគេ​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​ជាង​១០​ប្រទេស​ផ្សេងទៀត​រួមមាន​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា ព្រមទាំង​ក្រុម​ជាប់​វគ្គ​ជម្រុះ​មកពី​ប្រទេស​កម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន តួរ​គី រុស្ស៊ី សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​ជាដើម​។ ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​កម្សាន្ត Moonton សហការ​ជាមួយ U Mobile មួយ​នេះ មាន​ប្រាក់រង្វាន់​សរុប​រហូត​២៥​ម៉ឺន​ដុល្លារ​អាមេរិក​។ មុន​ឈានទៅ​ប្រកួតប្រជែង​ដណ្តើម​ជើងឯក ក្រុម​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ជាមុនសិន ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១-១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
 
Mobile Legends ក៏​ជា​វិញ្ញាសា​មួយ ដែល​ត្រូវបាន​ម្ចាស់ផ្ទះ​ហ្វីលីពីន ដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ ដូច្នេះ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​ខាងលើ នឹង​ក្លាយជា​ចលករ​ជួយ​ជំរុញ​និង​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​កីឡាករ​កម្ពុជា ហើយ​វា​ក៏​ជា​ការវាស់ស្ទង់​សមត្ថភាព​ពួកគេ សម្រាប់​ត្រៀម​ព្រឹត្តិការណ៍ ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​ផងដែរ​។ ប្រទេស​ចំនួន​៩ នឹង​បញ្ជូន​កីឡាករ​ខ្លួន​ឲ្យ​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញាសា Mobile Legends: Bang Bang ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នា​ចុងឆ្នាំ​នេះ​។ សម្រាប់​កីឡា​អេឡិចត្រូនិក​នឹង​ចាប់ផ្តើម​ប្រកួត​ចន្លោះ​ពីថ្ងៃ​ទី​៥-៧ ខែធ្នូ​។ 
 
​អ្នករៀបចំ​រំពឹងថា ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​ដ៏​ធំ​មិន​ធ្លាប់មាន Mobile Legends: Bang Bang World Championship នឹងធ្វើ​ឲ្យ​កក្រើក​ប្រទេស​ម៉ាឡេស៊ី និង​អ្នក​ស្នេហា​កីឡា​អេឡិចត្រូនិក​ទូទាំង​ពិភពលោក​៕  

Tag:
 E-Sport
  អេឡិចត្រូនិក​
  Mobile Legend: Bang Bang
© រក្សាសិទ្ធិដោយ thmeythmey.com