កីឡាជាតិ
ជាតិ
កីឡាការិនី ស្រួ​ង ភា​វី​៖ មេដាយមាស​អាស៊ី​ខ្លួន នឹងធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែច្បាស់
05, Nov 2019 , 3:49 pm        
រូបភាព
កីឡាការិនី ស្រួង ភាវី លើកបង្ហាញមេដាយមាស ដែលដណ្តើមបានក្នុងការប្រកួតជើងឯកអាស៊ី
កីឡាការិនី ស្រួង ភាវី លើកបង្ហាញមេដាយមាស ដែលដណ្តើមបានក្នុងការប្រកួតជើងឯកអាស៊ី
ដោយ:
​កីឡាការិនី ស្រួ​ង ភា​វី ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ស្នូកឃ័រ​បី​ទ្រនាប់ ជ្រើសរើស​ជើងឯក​អាស៊ី Asian Championship 3-Cushion Ladies ក្រោយ​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ សម្រាប់ ភា​វី ជ័យជម្នះ​នៅលើ​ក​នេះ មិន​ត្រឹមតែ​ជួយ​លើក​កិត្តិយស​នាង​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្សព្វផ្សាយ​ពី​កម្ពុជា​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់​ទៀតផង​។ ជ័យជម្នះ​នេះ ក៏​ជួយ​ឲ្យ​កីឡាការិនី​មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ​ការពារ​តំណែង​ជើងឯក​បានសម្រេច​ផងដែរ​។​

 
​កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​របស់​កម្ពុជា ស្រួ​ង ភា​វី បាន​បន្ត​សាង​ភាពល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី Asian Championship 3-Cushion Ladies ដែល​រៀបចំ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នា​ការប្រកួត​ដែលមាន​កីឡាការិនី​ជើង​ខ្លាំង​១៦​រូប​ចូលរួម​នោះ ភា​វី ធ្វើបាន​យ៉ាង​ល្អ​ដោយ​យក​គូប្រកួត​ជា​បន្តបន្ទាប់​នៅ​វគ្គ​ជម្រុះ និង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុន​យកឈ្នះ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ 


 
​កីឡាការិនី​មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ​បាន​និយាយថា ជ័យជម្នះ​ខ្លួន​នៅ​លើក​នេះ វា​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ខ្លួន​និង​សង្គមជាតិ​។ ក្រៅពី​ជួយ​លើកមុខ​មាត់​នាង​ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ មេដាយមាស​នេះ នឹង​ក្លាយជា​ឧបករណ៍​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅកាន់​ពិភពលោក​។  
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​កីឡាការិនី ស្រួ​ង ភា​វី បាន​រៀបរាប់ថា​៖«​ពានរង្វាន់​នេះ ពិត​ជាមាន​អត្ថប្រយោជន៍​ច្រើនណាស់​សម្រាប់​ខ្ញុំ និង​សង្គម​ខ្មែរ​ទាំងមូល វា​ធ្វើឱ្យ​ជាតិ​យើង​មានកេរ្តិ៍ឈ្មោះ​ល្បី និង​ប្រទេស​ក្នុង​ពិភពលោក​ទទួលស្គាល់ថា កម្ពុ​ជាមាន​កីឡា​ការី​នី ដែល​ឆ្នើម​បំផុត​លំដាប់​ពិភពលោក​មិនគួរ​ឱ្យ​ជឿ​។ គេ​នឹង​ស្គាល់​យើង​ទូទាំង​ពិភពលោក​តាមរយៈ​ពានរង្វាន់​នេះ​»​។ 
 
​នេះ​ជា​លើក​ទី​២​ហើយ ដែល​នាង​បានឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​នេះ បន្ទាប់ពី​ឈ្នះ​លើកដំបូង​នៅ​ឆ្នាំ​២០១៧​។ លើសពីនេះ នាង​ធ្លាប់​ទទួលបាន​ជោគជ័យ​ជាច្រើនលើក​រួចមកហើយ ទាំង​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក​។ ទោះបី ភា​វី មាន​ស្វាមី​ជា​ជនជាតិ​កូ​រ៉ និង​បាន​ផ្លាស់​ពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ក៏ដោយ តែ​រាល់​ភាពជោគជ័យ​នៅ​ឆាក​អន្តរជាតិ នាង តែង​តែង​លើក​ទង់ជាតិ និង​តំណាង​ឲ្យ​កម្ពុជា​ជានិច្ច​៕ 









Tag:
 ស្នូកឃ័រ​
  ស្រួ​ង ភា​វី​
© រក្សាសិទ្ធិដោយ thmeythmey.com