អន្តរជាតិ
រដ្ឋាភិបាល​ហុងកុង​សោកស្តាយ​ដែល​មន្ត្រី​ខ្លួន​ចូលរួម​ធ្វើបាតុកម្ម «​ខុសច្បាប់​»
05, Nov 2019 , 7:19 pm        
រូបភាព
លោក Matthew Cheung ប្រធានប្រតិបត្តិស្តីទីប្រចាំទីក្រុងហុងកុង (AFP)
លោក Matthew Cheung ប្រធានប្រតិបត្តិស្តីទីប្រចាំទីក្រុងហុងកុង (AFP)
ដោយ:
​រដ្ឋាភិបាល​ហុងកុង លើកឡើងថា ខ្លួន​សោកស្តាយ​ជាខ្លាំង​ចំពោះ​ការចូលរួម​ពី​សំណាក់​មន្ត្រី​សាធារណៈ​ក្នុង​បាតុកម្ម​នៅ​ក្រុង​ហុងកុង​។ ពួកគេ អះអាងថា មន្ត្រី​សាធារណៈ មាន​ទំនួល​ខុសត្រូវ​បម្រើ​សង្គម និង​គាំទ្រ​គោលនយោបាយ​រដ្ឋាភិបាល ដោយ​ពុំមែន​បំពាន​ច្បាប់​ចូលរួម​បាតុកម្ម​ឡើយ​។​

 
«​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ មន្ត្រី​សាធារណៈ​មួយ​ក្តោប​តូច​បំផុត បាន​បំពាន​ច្បាប់ ដោយ​ចូលរួម​ក្នុង​សកម្មភាព​បាតុកម្ម​ខុសច្បាប់​»​។ លោក Matthew Cheung ដែលជា​ប្រធាន​ប្រតិបត្តិ​ស្តីទី​ប្រចាំ​ទីក្រុង​ហុងកុង លើកឡើង​បែបនេះ ដោយ​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​សោកស្តាយ​ជាខ្លាំង​ចំពោះ​រឿងនេះ​។​
 
​សម្រាប់​លោក Cheung ការងារ​អាទិភាព​រប​ស់​មន្ត្រី​សាធារណៈ គឺ​បម្រើ​សង្គម សហគមន៍ ហើយ​ជាពិសេស​គាំទ្រ​គោលនយោបាយ​រដ្ឋាភិបាល ដែលជា​ក្តី​រំពឹង​របស់​ពលរដ្ឋ​ហុងកុង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ខណៈ​លោកស្រី​ប្រធាន​ប្រតិបត្តិ ការី ឡាំ កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន លោក Matthew Cheung បាន​ចូលកាន់​តួនាទី​កំពូល​នេះ​ជំនួស​លោកស្រី​។ មែនទែនទៅ ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​ស្តីទី​របស់​ហុងកុង​រូបនេះ កើតឡើង​ក្រោយពី​កាសែត​របស់​បក្ស​ក​ម្មុយ​នី​ស្ត​ចិន People’ Daily តាមរយៈ​អត្ថបទ​វិចារណកថា​ខ្លួន សរសេរ​រិះគន់ថា មន្ត្រី​សាធារណៈ​ហុងកុង ដែល​គាំទ្រ​ការទាមទារ​ប្រឆាំង​រដ្ឋាភិបាល នឹងត្រូវ​អន្តរាយ​ជាមួយ​ពួក​កុបករ​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា ក្នុង​ខែសីហា​កន្លងទៅ មន្ត្រី​សាធារណៈ​ហុងកុង​រាប់ពាន់នាក់​បានប្រកាស​ជំហរ​ប្រឆាំងនឹង​ការព្រមាន​របស់​រដ្ឋាភិបាល​ហុងកុង ដោយ​ពួកគេ​សម្រេច​រក្សា​និន្នាការ​នយោបាយ​អព្យាក្រឹត និង​ចូល​រួមជាមួយ​ក្រុមអ្នកតវ៉ា​ហុងកុង​។ ដោយឡែក លោកស្រី ការី ឡាំ បានប្រកាស​ក្នុង​ខែកញ្ញា​ថា លោកស្រី​ស្តាយក្រោយ​ចំពោះ​ការចាប់ខ្លួន​មន្ត្រី​សាធារណៈ​ខ្លះ អំឡុងពេល​បាតុកម្ម​៕

Tag:
 ហុងកុង​
  បាតុកម្ម​
  Matthew Cheung
© រក្សាសិទ្ធិដោយ thmeythmey.com