ជាតិ
រដ្ឋបាល​ស្រុក​បន្ទាយស្រី ព្រមាន​រុះរើ​រោង​អនាធិបតេយ្យ​ដែល​សង់​លើដី​ខុសច្បាប់​
05, Nov 2019 , 7:39 pm        
រូបភាព
​សៀមរាប​៖ រោង​ចាំ​ដី​អ​នា​ធិ​ប​តយ្យ​នៅ​ជើងភ្នំ​គូលែន មាន​កំណើន​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​រដ្ឋបាល​ស្រុក​បន្ទាយស្រី ព្រួយបារម្ភ​ជាខ្លាំង​។ អាជ្ញាធរ បារម្ភ​ថា រោង​ចាំ​ដី​ទាំងនោះ សង់​ឡើង​គ្រាន់តែ​ជា​រូបភាព​វាទទី​កាន់កាប់​ដី​ដោយ​ខុសច្បាប់​តែប៉ុណ្ណោះ​។ អាជ្ញាធរ​រកឃើញថា រោង​ទាំងនោះ​គ្មាន​មនុស្ស​រស់នៅ​ឡើយ និង​តម្រូវឱ្យ​ម្ចាស់​រុះរើ​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹងមាន​ចំណាត់ការ​។​

 
​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​ដែល​ទើបនឹង​ឡើងកាន់ដំណែង ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋបាល​ស្រុក​របស់លោក​បានចេញ​សេចក្ដីជូនដំណឹង ពី​ការរុះរើ​រោង​គ្មាន​របៀបរៀបរយ​នៅ​តំបន់​ជើងភ្នំ​គូលែន នៅ​ថ្ងៃទី​២៤ តុលា ដោយ​ទុក​រយៈពេល​៧​ថ្ងៃ គឺ​ត្រឹម​ថ្ងៃទី​៣០ តុលា​ជា​ថ្ងៃ​កំណត់​។ លោក​ពន្យល់ថា លិខិត​នោះ​គឺ​សំដៅលើ​រោង ដោយ​មិន​សង្កត់ធ្ងន់​លើផ្ទះ​ទេ​។ លោក​ពន្យល់ថា​៖« យើង​ទទួលស្គាល់ថា អ្វីដែល​វា​កើតឡើង​ក្លាយជា​ផ្ទះ​ហើយ យើង​ក៏​ប្រហែល​មិនទាន់មាន​វិធានការ​ភ្លាម​(​រុះរើ​) យើង​សំដៅលើ​រោង​មួយចំនួន​ដែល​ទើប​កើតឡើង​ថ្មីៗ​នេះ​»​។​
 
​លោក​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖« រោង​ទាំងនោះ​មាន​ទម្រង់​សសរ​ក្រាក់​៤​ដើម ហើយ​មាន​ប្រក់ស​ង្ក័​សី​២​ឬ​៣​សន្លឹក អត់​ជញ្ជាំង អត់​ជណ្ដើរ អត់​គ្រែ មិនមែនជា​កន្លែង​ស្នាក់នៅ គឺ​សង់​ដើម្បី​វាទទី ហើយ​ដែល​រដ្ឋបាល​ស្រុក​ឃើញ ទើប​កើត​អំឡុង ២-៣ ខែក្រោយ​នេះ ក្នុង​កម្រិត​ទ្រង់ទ្រាយ​កាន់តែច្រើន​ដែល​ស្រុក​គិតថា មិនគួរ​ឱ្យ​កើត​ទៀត​...»​។​
 
​ទោះជា​ថ្ងៃទី​៣០ តុលា ជា​ថ្ងៃ​ឱសានវាទ ក៏ដោយចុះ តែ​អភិបាលស្រុក​បន្ទាយស្រី ប្រាប់ថា​លិខិត​នោះ ទើបនឹង​ដល់ដៃ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​២៨​ប៉ុណ្ណោះ​។ ដូច្នេះ​លោក នឹង​ពន្យារពេល​រហូត​កំណត់​មួយ​សប្ដាហ៍ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​រុះរើ​សំណង់​នោះ​ដោយ​ខ្លួនឯង​។ លោក ឃឹម ហ្វី​ណង់ បន្តថា​៖« ជាគោលការណ៍​របស់​ស្រុក ចង់ឱ្យ​គាត់​ស្ម័គ្រចិត្ត​រុះរើ​ខ្លួនឯង ដោយ​មិនចាំបាច់​ឱ្យ​រដ្ឋបាល​ស្រុក​រុះរើ និង​រឹបអូស​សម្ភារ​ទាំង​នោះទេ​...​បើ​សេចក្ដីជូនដំណឹង​មិនមាន​ប្រសិទ្ធភាព យើង​នឹង​កោះហៅ​សហគមន៍​មក​ប្រជុំពិភាក្សា​ដោយផ្ទាល់ មុននឹង​យើង​មាន​គោលការណ៍​ច្បាស់លាស់​រុះរើ​...​យើង​អត់​បាន​ទៅ​រុះរើ​ផ្ទះ​ស្នាក់នៅ​គាត់​ទេ​។ តែ​រាល់​រោង​ទាំងឡាយណា បង្កើតឡើង​ក្នុង​លក្ខណៈ​ដើម្បី​វាទទី ការពង្រីក​ទីតាំង​របស់គាត់ ព្រោះ​ដី​នេះ​ជា​របស់​រដ្ឋ រដ្ឋ​កំពុង​ដោះស្រាយ​រាល់​វិវាទ​ទាំងឡាយ​។ ដូច្នេះ​សកម្មភាព​វាទដី​បន្ថែម សុទ្ធតែ​ធ្វើឱ្យ​ផល​អវិជ្ជមាន​ដល់​ការដោះស្រាយ គឺ​ត្រូវ​បញ្ឈប់ និង​ផ្អាក​មិនឱ្យ​មានការ​វាទទី​បន្ថែ​ម​»​។​
 
​នៅក្នុង​ខ្លឹមសារ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី អាជ្ញាធរ​បាន​ពិនិត្យឃើញថា ចូល​ទន្ទ្រាន​កាន់កាប់​ដី និង​សាង​សង់រោង​នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ពី​ពលរដ្ឋ​ប្រមាណ​ជិត​មួយ​ពាន់​គ្រួសារ និង​បុគ្គល​មួយចំនួនទៀត នៅ​ចំណុច​ភូមិ​ត្បែង​លិច និង​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង​ក្នុងភូមិ​សាស្ត្រ​ក្បែរ​ជើងភ្នំ​គូលែន​។ បើតាម​សេចក្តីជូនដំណឹង​ដដែល សកម្មភាព​ដែល​អាជ្ញាធរ​ចាត់ទុកថា​បំពាន​ច្បាប់ គឺ​កើតចេញពី​ការ​បំផុស​ឲ្យ​មានការ​រុករាន ដុត ឈូសឆាយ ទន្ទ្រាន​ហ៊ុមព័ទ្ធ បែងចែក​ដី​របស់​រដ្ឋ​តាម​រូបភាព ការចូល​ចាប់យក​ដី​ដោយ​ខ្លួនឯង ឬ​ការទិញ​-​លក់​ដី​រដ្ឋ ដើម្បី​យក​ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ ក្រោមលេស​ខ្វះ​ដី​សាងសង់​លំនៅស្ថាន ឬ​អាស្រ័យ​ផល​។ រដ្ឋបាល​ស្រុក​បន្ទាយស្រី ថា​សកម្មភាព​ទាំងនេះ ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដីធ្លី បរិស្ថាន​ធម្មជាតិ ព្រៃឈើ និង​ប៉ះពាល់​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ជាដើម​៕

Tag:
 សំណង់​ខុសច្បាប់​
  បន្ទាយស្រី​
 ​សៀមរាប​
 ​គូលែន​
© រក្សាសិទ្ធិដោយ thmeythmey.com