ឥណ្ឌា ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​RCEP ដោយសារ​ខ្លាច​ប៉ះពាល់​ប្រយោជន៍​ជាតិ​
អន្តរជាតិ
ឥណ្ឌា ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​RCEP ដោយសារ​ខ្លាច​ប៉ះពាល់​ប្រយោជន៍​ជាតិ​
05, Nov 2019 , 8:19 pm        
រូបភាព
កិច្ចប្រជុំកំពូលភាពជាដៃគូរសេដ្ឋកិច្ចទូលំទូលាយ(RCEP)លើកទី៣នៅទីក្រុងបាងកក ប្រទេសថៃ, រូបភាព៖ Twitter  Narendra Modi
កិច្ចប្រជុំកំពូលភាពជាដៃគូរសេដ្ឋកិច្ចទូលំទូលាយ(RCEP)លើកទី៣នៅទីក្រុងបាងកក ប្រទេសថៃ, រូបភាព៖ Twitter Narendra Modi
​ឥណ្ឌា​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា បានប្រកាស​យ៉ាងច្បាស់​ថា ខ្លួន​នឹងមិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ពិភពលោក​ទេ ដោយសារ​បារម្ភ​ពី​ផលប៉ះពាល់​លើ​ផលិតផល​ក្នុងស្រុក និង​លំហូរ​ផលិតផល​ចិន​ថោកៗ​។


 
​កិច្ចព្រមព្រៀង​ភាពជា​ដៃគូសេដ្ឋកិច្ច​ទូលំទូលាយតំបន់ ឬ​ហៅ​កាត់​ថា RCEP ដែល​តំណាង​ឲ្យ​ផ​លិ​ត​ផល​សរុប​របស់​ពិភពលោក​ប្រមាណ​ជា​៣០​ភាគរយ និង​មាន​ចំនួន​ប្រជាជន​ពាក់កណ្តាល​នៃ​ពិភពលោក នឹងមិន​មានមុខ​ឥណ្ឌា​ឡើយ ក្រោយពី​ទីក្រុង​ញូ​វ ដេលី បារម្ភ​ពី​លំហូរ​ទំនិញ​ចិនមានតម្លៃ​ថោកៗ​ចូលទៅក្នុង​ទីផ្សារ​ខ្លួន។ 
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ Prasar Bharati News Services ដែល​បាន​ស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​លើកឡើងថា ឥណ្ឌា​មិនអាច​ចូលរួម​កិច្ចព្រមព្រៀង RCEP​បានឡើយ​។ ក្នុងន័យនេះ លោក ម៉ូ​ឌី ចង់​ចង្អុល​បង្ហាញថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូសេដ្ឋកិច្ច​ទូលំទូលាយ មិនបាន​បញ្ជាក់​ពី បញ្ហា​ប្រឈម និង​ការបារម្ភ​របស់​ទីក្រុង​ញូ​វ​ដេលី ឡើយ​។ ទាក់ទិន​ទៅនឹង​បញ្ហា​នេះ ការព្រួយបារម្ភ​ឥណ្ឌា គឺ​បានបង្ហាញ​យ៉ាងច្បាស់​ទៅលើ​លំហូរ​នៃ​ផលិតផល​ថោកៗ (Made In China) របស់​ចិន​។​
 
​ពិតណាស់ ប្រសិនបើ​ឥណ្ឌា​ក្លាយជា​សមាជិក​របស់ ​RCEP ​មែន វា​នឹង​ជះឥទ្ធិពល​ទៅ​ប្រជាជន​សាមញ្ញ​របស់​ឥណ្ឌា និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឥណ្ឌា ជាពិសេស​គឺ​ប៉ះពាល់​ទៅលើ​អ្នកក្រ​ជាងគេ​បំផុត​។ នេះ​បើតាម​កា​លើកឡើង​របស់លោក​ស្រី Vijay Thakur Singh មន្ត្រីការទូត​ជាន់ខ្ពស់​ឥណ្ឌា​ទទួលបន្ទុក​អាស៊ី​ខាងកើត​។ មិន​ត្រឹមតែ​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បីតែ​សហគ្រាស​តូចៗ​របស់​ឥណ្ឌា ក៏​ទទួលរង​ផលប៉ះពាល់​ពី​កិច្ចព្រមព្រៀង​នេះដែរ ដោយសារ​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ចិន​។ 
 
​បន្ទាប់ពី​ឥណ្ឌា​ដកខ្លួន​ចេញ កិច្ចព្រមព្រៀង​ភាពជា​ដៃគូរ​សេដ្ឋកិច្ច​ទូលំទូលាយ​នៅសល់តែ​សមាជិក​១៥​ប្រទេស​តែប៉ុណ្ណោះ​។ សមាជិក​ទាំងនោះ​រួមមាន បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ បូក​ជាមួយនឹង​ចិន​, ជប៉ុន​, កូរ៉េខាងត្បូង​, អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។ អស់ពី​ឥណ្ឌា​ទៅ ប្រទេស​សមាជិក​ទាំង​១៥ បាន​ត្រៀម​រួចរាល់​ហើយ​ក្នុងការ​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំក្រោយ ពោល​គឺជា​ឆ្នាំ ដែល​វៀតណាម​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​ឆ្នាំ ២០២០៕

Tag:
 ឥណ្ឌា​
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com