អន្តរជាតិ
អាមេរិក ប្រាប់​ទៅ​UN ពី​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស​
05, Nov 2019 , 9:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ BBC
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ BBC
​អាមេរិក នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​អង្គកា​សហប្រជាជាតិ​ថា ទីក្រុង​វ៉ាស៊ីនតោន បានសម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស​ហើយ​។ បន្ទាប់ពី​ការជូនដំណឹង​នេះ មានតែ​ប្រទេស​អាមេរិក​តែមួយគត់ ដែល​នៅក្រៅ​កិច្ចព្រមព្រៀង ។​

 
​កន្លងមក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស​ម្តង​រួចហើយ បើទោះបី​អាមេរិក បាន​រង​ផលប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ​រហូត​ក្បែរ និង​ដល់​កំណត់ត្រា​ស៊ី​តុ​ណ្ណ​ភាព ក្នុង​រយៈពេល​បួន​ខែ​ជាប់​គ្នា​ក៏ដោយ​។ ទើបតែ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​នេះ​ទេ សហរដ្ឋអាមេរិក​បាន​ផ្ញើលិខិត​ជូនដំណឹង ពី​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស​ជា​លើកដំបូង​ទៅ​អង្គការសហប្រជាជាតិ​។ 
 
​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ អាមេរិក នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​មួយ​នេះ​ជា​ផ្លូវការ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ ២០២០​។ ពោលគឺ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ ចំណែក​មូលហេតុ​នៃ​ការដើរ​ចេញពី​កិច្ចព្រមព្រៀង​មួយ​នេះ គឺ​ដូច​ទៅនឹង​លោក​ត្រាំ​ប្រកាស​កន្លងមក​អញ្ចឹង ដោយសារ​វា​ប្រៀបដូចជា​បន្ទុក​សេដ្ឋកិច្ច​ដ៏​អយុត្តិធម៌ ដែល​ដាក់​មកលើ​អាមេរិក​។ ម្យ៉ាងទៀត​អាមេរិក គឺជា​ប្រទេស ដែល​ប្រើប្រាស់​ប្រភព​ថាមពល​ទាំងអស់​ដូចជា ប្រេង​ឥន្ទ​នៈ ថាមពលនុយក្លេអ៊ែរ និង​ថាមពល​កកើត​ឡើងវិញ​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
 
​បើទោះបីជា​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ប្រាកដ​មែន អាមេរិក​នៅតែមាន​គម្រោង​ចូលរួម​កិច្ចចរចា​បម្រែបម្រួល​អាកាសធាតុ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ដដែល​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។ 
 
​ទំនង​ក្នុងន័យ​ឌឺដង​ដាក់​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​គូសបញ្ជាក់ថា បើទោះបីជា​ទីក្រុង​វ៉ាស៊ីនតោន បាន​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ១៣​ភាគរយ​ចាប់ពី​ឆ្នាំ ២០០៥ ដល់​២០១៧​ក៏ពិតមែន ប៉ុន្តែ​បម្រែបម្រួល​អាកាសធាតុ​នៅតែ​កើតឡើង ហើយ​សេដ្ឋកិច្ច​អាមេរិក​នៅតែ​លូតលាស់​ដដែល​។ 
 
​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ បានដាក់​គោលដៅ​កាត់បន្ថយ​អត្រា​នៃ​ការកើនឡើង​កម្តៅ​ផែនដី​យ៉ាង​ខ្ពស់បំផុត​ត្រឹម​២​ដឺ​ក្រេ​តែប៉ុណ្ណោះ​។ គោលដៅ​មួយ​នេះ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អះអាងថា គឺជា​វិធានការ​ដ៏​សំខាន់ ដើម្បី​បញ្ឈប់​ផល​អវិជ្ជមាន​ពី​កម្តៅ​ផែនដី​ដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និង​ខ្យល់ព្យុះ​ជាដើម​។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ មាន​សមាជិក​១៩៧​ប្រទេស ដែល​បាន​ចុះហត្ថលេខា​។ សូម្បីតែ​កូរ៉េខាងជើង និង​ស៊ី​រី​ក៏​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះដែរ​។ 

Tag:
 អាមេរិក​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com