ជាតិ
បុណ្យអុំទូក
កម្លាំងជាងពីរម៉ឺននាក់ ត្រៀមចេញការពារសន្តិសុខ ថ្ងៃបុណ្យអុំទូក សកម្មភាពកងកម្លាំង រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកឆ្នាំ២០១៨
× ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងដាក់កងកម្លាំងជាងពីរម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះតាមក្រសួងព័ត៌មាន ដែលបានដកស្រង់ពីវិទ្យុជាតិ មកចុះផ្សាយបន្ត។
បើតាមក្រសួងព័ត៌មាន លោក ឆាយ គឹមខឿន លើកឡើងថា ការប្រើកងកម្លាំង សម្រាប់ការពារសន្តិសុខក្នុងពិធីបុណ្យអុំទូកឆ្នាំ២០១៩ គឺមានចំនួនច្រើនជាងឆ្នាំ២០១៨ ពីព្រោះបុណ្យអុំទូកឆ្នាំនេះ គឺស្របពេលជាមួយនឹងពិធីបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា។ ពិធីបុណ្យអុំទូកឆ្នាំមុន អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញកងកម្លាំងជាងមួយម៉ឺនាក់។
ដូចឆ្នាំមុនៗដែរ អាជ្ញាធរ នឹងបិទកំណាត់ផ្លូវមួយចំនួននៅភ្នំពេញ មិនឲ្យយានយន្តគ្រប់ប្រភេទបើកចេញចូលឡើយ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ ជាពិសេស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរថ្មើរជើងរបស់ប្រជាពលរដ្ឋនៅពេលដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក។
កំណាត់ផ្លូវទាំងនោះ មាន១៣ខ្សែ គឺ ផ្លូវ២៩៤ កែងផ្លូវនរោត្តម, ផ្លូវសុរាម្រិត កែងនាគបាញ់ទឹក, ផ្លូវ២៤០ កែងផ្លូវព្រះស៊ីសុវត្ថិ, ផ្លូវ២៤០ កែងផ្លូវសុធារស់, ផ្លូវប៉ាស្ទ័រ៥១ កែងវត្តលង្កា, ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ៥១, ផ្លូវ២២២ កែងផ្លូវប៉ាស្ទ័រ៥១, ផ្លូវ១៨៤ កែងផ្លូវនរោត្តម, ផ្លូវ២៤០ កែងផ្លូវនរោត្តម, រោងកុនលុច្យ កែងផ្លូវនរោត្តម, ផ្លូវព្រះស៊ីសុវត្ថិ កែងវត្តបទុម, ផ្លូវលេខ១៩ កែងផ្លូវលេខ១៣, និង ផ្លូវ១៩ កែងផ្លូវ១៨៤។
ទន្ទឹមនេះ ក្រសួងសុខាភិបាល នឹងបញ្ចេញមន្ត្រីរបស់ខ្លួនជាងមួយពាន់នាក់ ដើម្បីផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យអុំទូក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានដដែល៕
Tag:
សមត្ថកិច្ច
សន្តិសុខ
អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com