វៀងចន្ទន៍, ឡាវ៖ វេទិកាភាគីពាក់ព័ន្ធថ្នាក់តំបន់លើកទី៨ ដែលរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គ បានធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងវៀងចន្ទន៍។ តំណាងមកពីប្រទេសសមាជិកគណៈកម្មការទាំងបួន កម្ពុជា ឡាវ ថៃ និងវៀតណាម និងប្រទេសដៃគូចំនួនពីរ មីយ៉ាន់ម៉ា និងចិន ក៏ដូចភាគីពាក់ព័ន្ធដទៃទៀត បានចូលរួមក្នុងពិភាក្សាដើម្បីរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍអាងទន្លេឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២១-២០២៥ ។
គណៈកម្មការទន្លេមេគង្គ (Mekong River Commission, MRC) នៅថ្ងៃទី៥ ខែវិច្ឆិកា បានបើកវេទិកានៃភាគីពាក់ព័ន្ធលើកទី៨ ដើម្បីប្រមូលមតិយោបល់ក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍអាងទន្លេ២០២១-២០៣០ ស្របពេលដែលទន្លេមេគង្គកំពុងប្រឈមមុខបញ្ហាជាច្រើន ពិសេសនិន្នាការអភិវឌ្ឍ និងការរួមចំណែកការពារទន្លេដ៏សំខាន់មួយនេះ។ វេទិកាពីរថ្ងៃនេះ ផ្ដល់ឱកាសឲ្យភាគីពាក់ព័ន្ធនានា បញ្ចេញយោបល់របស់ខ្លួនលើការអភិវឌ្ឍទន្លេមេគង្គដោយចីរភាព។
លោក អាន ពេជ្រ ហត្ថដា នាយកប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ
លោក អាន ពេជ្រ ហត្ថដា នាយកប្រតិបត្តិលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និយាយថា យុទ្ធសាស្ត្រអភិវឌ្ឍអាងទន្លេ និងផែនការយុទ្ធសាស្ត្រប្រាំឆ្នាំ២០២១-២០២៥ ជាការកំណត់ទិសដៅសម្រាប់ពេល៥ឆ្នាំ និង១០ឆ្នាំទៅមុខរបស់ MRC ។ ក្នុងន័យលើកឡើងពីសារសំខាន់នៃយោបល់ផ្សេងគ្នា លោក ហត្ថដា ប្រាប់អ្នកចូលរួមជាងពីររយនាក់ថា៖ «យើងបានបញ្ចូលតំណាងមកពីវិស័យផ្សេងៗគ្នាដើម្បីធានាថា នឹងគ្មានយោបល់ណា ត្រូវបានទុកចោលឡើយ។»
«យើងដឹងថា ទន្លេមេគង្គ ជាធនធានរួម ហើយជាកម្មសិទ្ធិរបស់ប្រជាជនចិញ្ចឹមជីវិតដោយផែកលើទឹក និងធនធានត្រីក្នុងទន្លេ។ យើងទទួលស្គាល់សិទ្ធិបញ្ចេញមតិរបស់អ្នក។» នេះជាការបញ្ជាក់របស់នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC ដែលបន្តថា ភាគីដែលមិនបានចូលរួមក្នុងវេទិកានៅទីក្រុងវៀងចន្ទន៍នេះ អាចបង្ហាញក្ដីបារម្ភរបស់ពួកគេនៅលើវេបសាយរបស់ MRC បានផងដែរ ព្រោះ MRC តែងពិចារណាគំនិតដែលដាក់វេបសាយរបស់ខ្លួនក្នុងពេលរៀបចំគម្រោងអនាគត។
ទាក់ទងយុទ្ធសាស្ត្រខាងលើ MRC បានសិក្សាពីយុទ្ធសាស្ត្រឆ្នាំ២០១៦-២០២០ ដែលកំពុងអនុវត្តបច្ចុប្បន្ន និងបានប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធទាំងអស់រាប់បញ្ចូលអង្គការក្រៅរដ្ឋាភិបាលផងដែរ។ សម្រាប់យុទ្ធសាស្ត្រ១០ឆ្នាំទៅមុខ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកាអង្គការក្រៅរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia) ដែលមានវត្តមានក្នុងវេទិកានេះដែរ បានលើកឡើងពីភាពចាំបាច់ដែលយុទ្ធសាស្ត្រអភិវឌ្ឍអាងទន្លេនេះផ្ដោតលើបញ្ហាបរិស្ថាន។
ប្រាប់អ្នកសារព័ត៌មានអំឡុងពេលសម្រាក លោក វណ្ណារ៉ា បញ្ជាក់ទៀតថា MRC ក៏គួរតែបញ្ចូលថាមពលកើតឡើងវិញក្នុងយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ បើសិនថាមពលនេះអាចដើរបានល្អប្រសើរ មានតម្លៃថោក និងមានយន្តការល្អជាងទំនប់វារីអគ្គីសនី។ លើសពីនោះ ប្រធានវេទិកាដដែល ក៏ស្នើឲ្យ MRC សិក្សាឲ្យច្បាស់ពីទិន្នន័យដើមជុំវិញអាងទន្លេមួយ ចៀសវាងការប្រើប្រាស់ទិន្នន័យចាស់ ឬព័ត៌មានពីកន្លែងផ្សេងទៅអភិវឌ្ឍកន្លែងមួយទៀត។
«ឧទាហរណ៍នៅ [គម្រោងវារីអគ្គីសនី] ហ្លួងព្រះបាង គាត់ត្រូវសិក្សាឲ្យច្បាស់ មិនសិក្សាសរុបយកមកមកបានទេ ព្រោះឆ្នាំនៃការអភិវឌ្ឍទំនប់ខុសគ្នា... យើងចង់ឲ្យមានការសរសេរបន្ទាត់មូលដ្ឋានឲ្យច្បាស់ក្នុងគម្រោងវារីអគ្គីសនីនីមួយៗ ដើម្បីថ្ងៃក្រោយងាយស្រួលពិភាក្សា។ ពិសេសត្រូវមើលផលប៉ះពាល់ឆ្លងដែនឲ្យបានច្បាស់។» នេះជាការលើកឡើងរបស់លោក តឹក វណ្ណារ៉ា។ មិនទាន់អស់ឡើយ ដោយសំអាងពីភាពជឿនលឿននៃបច្ចេកវិទ្យា លោក វណ្ណារ៉ា ក៏ស្នើឲ្យមានការបង្កើត App ដើម្បីចែកព័ត៌មានដល់ប្រជាជនបានលឿនដូចជាក្នុងករណីមានការបើកទំនប់បង្ហូរទឹកជាដើម។
វេទិកាពិគ្រោះមួយទៀត នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ដើម្បីជជែកពីសេចក្ដីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍអាងទន្លេនេះ។ យុទ្ធសាស្ត្ររយៈពេល១០ឆ្នាំនេះ រំពឹងថា នឹងត្រូវបានអនុម័តដោយគណៈកម្មាធិការរួម MRC នៅខែមេសា ឆ្នាំ២០២០ មុននឹងដាក់ឆ្លងក្រុមប្រឹក្សា MRC ដែលស្ថាប័នសម្រេចចិត្តខ្ពស់របស់គណៈកម្មការទន្លេមេគង្គ ហើយបន្ទាប់ទៀត គឺការបោះពុម្ពផ្លូវការ៕